រដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន អញ្ជើញទទួលអំណោយដែលជាការឧបត្ថម្ភពី ក្រុមហ៊ុន Shanghai Construction (Cambodia) Co.,Ltd ដើម្បីយកទៅឧបត្ថម្ភដល់គ្រួសារវីរកងទ័ព និងជនភៀសសឹកកម្ពុជា
27-12-2025 18:39
(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញទទួលអំណោយដែលជាការឧបត្ថម្ភរបស់ លោកអគ្គនាយក ក្រុមហ៊ុន Shanghai Construction (Cambodia) Co.,Ltd ដែលបានបរិច្ចាគថវិកា ចំនួន ៥០០០ដុល្លាសហរដ្ឋអាមេរិក មកចូលរួមក្នុងមូលនិធិសប្បុរសធម៌ ដែលរៀបចំដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ សម្រាប់យកទៅឧបត្ថម្ភគាំទ្រដល់គ្រួសារវីរកងទ័ព និងប្រជាជនភៀសសឹកកម្ពុជាដែលបានជម្លៀសខ្លួនពីលំនៅដ្ឋាន ហើយកំពុងស្នាក់នៅបណ្ដោះអាសន្ននៅតាមទីតាំងសុវត្ថិភាពនានា ក្នុងអំឡុងពេលនៃការប៉ះទង្គិចដោយប្រដាប់អាវុធ រវាងយោធាកម្ពុជា និងថៃនាពេលកន្លងមកនេះ។
ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្ដានចិត្តប្រកបដោយសប្បុរសធម៌របស់ក្រុមហ៊ុន Shanghai Construction (Cambodia) Co.,Ltd ដែលជាការសបញ្ជាក់អំពីស្មារតីសាមគ្គីភាព ចេះជួយគ្នាក្នុងគ្រាលំបាក និងស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមលះបង់ធនធាន ដើម្បីជួយសម្រាលដល់ការលំបាករបស់គ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកកម្ពុជានាពេលនេះ៕













