លោក ឆាយ ឫទ្ធិសែន អញ្ជើញទទួលអំណោយដែលជាការឧបត្ថម្ភពី ក្រុមហ៊ុន M.T.A ដើម្បីយកទៅឧបត្ថម្ភដល់គ្រួសារវីរកងទ័ព និងជនភៀសសឹកកម្ពុជា
27-12-2025 18:44
(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញទទួលអំណោយដែលជាការឧបត្ថម្ភរបស់ លោកអគ្គនាយក ក្រុមហ៊ុន M.T.A ព្រមទាំងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន ដែលបានបរិច្ចាគថវិកា ចំនួន ១ ០០០ ដុល្លាសហរដ្ឋអាមេរិក មកចូលរួមក្នុងមូលនិធិសប្បុរសធម៌ ដែលរៀបចំដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ សម្រាប់យកទៅឧបត្ថម្ភគាំទ្រដល់គ្រួសារវីរកងទ័ព និងប្រជាជនភៀសសឹកកម្ពុជាដែលបានជម្លៀសខ្លួនពីលំនៅដ្ឋាន ហើយកំពុងស្នាក់នៅបណ្ដោះអាសន្ននៅតាមទីតាំងសុវត្ថិភាពនានា ក្នុងអំឡុងពេលនៃការប៉ះទង្គិចដោយប្រដាប់អាវុធ រវាងយោធាកម្ពុជា និងថៃនាពេលកន្លងមកនេះ។
ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្ដានចិត្តប្រកបដោយសប្បុរសធម៌របស់លោកអគ្គនាយក និងបុគ្គលិកទាំងអស់ ដែលបានចូលរួមបរិច្ចាគជាថវិកាចូលរួមក្នុងមូលនិធិសប្បុរសធម៌នេះ ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រាលដល់ការលំបាករបស់គ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក។
សកម្មភាពប្រកបដោយសប្បុរសធម៌នេះ គឺជាការឆ្លុះបញ្ចាំងអំពីការចូលរួមរបស់ប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាល ក្នុងស្មារតីសាមគ្គីភាព ស្នេហាជាតិ ខ្មែរជួយខ្មែរ ក្នុងកាលៈទេសៈ។
ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី បានអំពាវនាវដល់សប្បុរសជនទាំងអស់ រួមគ្នាជាធ្លុងមួយយ៉ាងរឹងមាំ និងបន្ដជឿជាក់លើវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន និងគាំទ្រព្រមទាំងជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូលៗជាច្រើនរូបទៀត ក្នុងការការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពកម្ពុជា៕













