មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ វីរកងទ័ព២រូប ដែលរងរបួសពេលប្រយុទ្ធនៅសមរភូមិមុខ ហើយមកសម្រាកព្យាបាលនៅគេហដ្ឋាន
28-12-2025 09:36
(ភ្នំពេញ)៖ ក្រោមស្មារតីមនុស្សធម៌ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថ ចុះសួរសុខទុក្ខ លោក អ៊ុក ចាន់ធឿន និងលោក អាង សំរិទ្ធ ដែលជាវីរៈកងទ័ពជួរមុខ រងរបួសពេលប្រយុទ្ធនៅសមរភូមិមុខ និងបានមកសម្រាកព្យាបាលនៅគេហដ្ឋានក្នុងខេត្តកំពង់ស្ពឺ។
ដោយក្តីព្រួបារម្ភ បន្ទាប់ពីទទួលបានដំណឹងថា វីរកងទ័ពទាំងពីរបានរងរបួសនៅសមរភូមិ ហើយមកសម្រាកព្យាបាលនៅខេត្តកំពង់ស្ពឺ លោកបានចុះមកសួរសុខទុក្ខភាពភ្លាមៗ ដែលបង្ហាញពីយកចិត្តទុកដាក់ និងផ្តល់កម្លាំងចិត្ត ចំពោះយុទ្ធជនដែលបានតស៊ូប្រយុទ្ធក្នុងសមរភូមិជាមួយសត្រូវ។ ព្រមទាំងបាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគ មួយចំនួនជូនវីរកងទ័ពទាំងរូប។
លើសពីនេះ លោកបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺផងដែរ៕













