រដ្ឋបាលរាជធានីភ្នំពេញ បន្តនាំយកអំណោយសប្បុរសជនប្រគល់ជូនវីរនគរបាលជាតិ និងប្រជាពលរដ្ឋភៀសសឹក ទិសខេត្តព្រះវិហារ
28-12-2025 13:11
(ព្រះវិហារ)៖ អំណោយមនុស្សធម៌ ចំនួន២រថយន្ត រួមមានភេសជ្ជៈ គ្រឿងឧបភោគបរិភោគ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនដល់វីរកងទ័ពជួរមុខ វីរកងនគរបាលជាតិ និងជនភៀសសឹក ទិសខេត្តព្រះវិហារ ។
ពិធីប្រគល់ទទួលអំណោយទាំងនោះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពស់ខ្ពស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី យ៉េង សារ៉េន ស្នងការរង នៃស្នងការដ្ឋាននគរបាល ខេត្តព្រះវិហារ ទទួលផែនភស្តុភារ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ។
អំណោយទាំងនេះ បានមកពីកម្លាំងមហាសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរពីគ្រប់មជ្ឈដ្ឋាន បានសម្រុកចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនតាមលទ្ធភាពរៀងៗខ្លួន តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរៀបចំចាត់ចែងដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ចាំបាច់ជាច្រើនមុខ ទៅកាន់គោលដៅខេត្តព្រះវិហារ ជាបន្តបន្ទាប់។
ក្នុងកាសនោះដែរ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បាននាំមកនូវការសាកសួរសុខទុកពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនវីរកងទ័ពជួរមុខទាំងអស់ បានជឿទុកចិត្តលើប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏វៃឆ្លាតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា។
លោកបានមានប្រសាសន៍ទៀតថា «ក្នុងនាមអ្នកសមរភូមិក្រោយ យើងនៅឆ្ងាយតែរូបកាយប៉ុណ្ណោះ តែបេះដូង ឆន្ទៈមនសិកា ទឹកចិត្ត ស្មារតីនៅជាប់ជាមួយបងប្អូនវីរកងទ័ពជួរមុខយើងជាដរាប ដោយមិនបោះបង់បងប្អូនចោលឡើយ។ ជាក់ស្តែងកម្លាំងមហាសាមគ្គី នៃមហាគ្រួសារខ្មែរនៅទូទាំងប្រទេស និយាយជារួម និងដោយឡែក នៅរាជធានីភ្នំពេញ បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈបាននាំគ្នាមកបរិច្ចាគថវិកា និងគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ចាំបាច់តាមធនធានរៀងៗខ្លួនចម្រុះមុខ ចាប់តាំងពីរដ្ឋបាលរាជធានីចេញសេចក្តីអំពាវនាវរួចមក»។
លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ចែងវេចខ្ចប់ដឹកជញ្ជូនយកទៅប្រគល់ជូនជាបន្តបន្ទាប់ តាមគោលដៅដែលត្រូវការជំនួយសង្គ្រោះបន្ទាន់ជាចាំបាច់។
នាឱកាសនោះ លោក យ៉េង សារ៉េន ស្នងការរងនគរបាលខេត្តព្រះវិហារ បានសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូន ចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ដែលតែងតែបានខិតខំខ្នះខ្នែងកៀងគរស្វែងរកមូលនិធិពីសប្បុរសជន មានប្រជាពលរដ្ឋ មន្ត្រីរាជការ ក្រុមហ៊ុនឯកជននានា ចូលរួមបរិច្ចាគធនធាន តាមលទ្ធភាពរៀងៗខ្លួន ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយគាំទ្រដល់សមរភូមិជួរមុខ ក៏ជារដ្ឋបាលខេត្តព្រះវិហារគ្រប់កាលៈទេសៈ៕











