អង្គការ Oxfam ផ្ដល់កញ្ចប់ជំនួយ១,០០០ឈុត ជូនប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលសុវត្ថិភាពវត្តពើងព្រះគោ ខេត្តព្រះវិហារ

28-12-2025 13:22

(ព្រះវិហារ)៖ អង្គការ Oxfam ប្រចាំប្រទេសកម្ពុជា ដឹកនាំដោយលោកស្រី ភាណ សោភ័ណ នាយិកាប្រចាំប្រទេស ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥បាននាំយកអំណោយមនុស្សធម៌ចំនួន ១,០០០ឈុត ផ្ដល់ជូនប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលសុវត្តិភាពវត្តពើងព្រះគោ ក្នុងឃុំឈានមុខ ស្រុកត្បែងមានជ័យ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

នៅក្នុងឱកាសនោះ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានគ្រប់គ្រងមណ្ឌលភៀសសឹកវត្តពើងព្រះគោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការ Oxfam Belgie និងអង្គការ Oxfam ប្រចាំប្រទេសកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់ការគាំទ្រដល់ប្រជាពលរដ្ឋកម្ពុជាក្នុងគ្រាលំបាក ជាពិសេសប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងត្រូវភៀសសឹកចេញពីលំនៅឋាន។

លោកអភិបាលរងខេត្តព្រះវិហារ បានបន្តទៀតថា «សម្រាប់ខេត្តព្រះវិហារ ក្រោមការដឹកនាំផ្ទាល់របស់លោក គីម រិទ្ធី ជាអភិបាលខេត្ត បានរៀបចំមណ្ឌលសុវត្ថិភាពចំនួន៨ទីតាំង ដើម្បីទទួលបងប្អូនប្រជាពលរដ្ឋភៀសសឹកបានស្នាក់នៅបណ្តោះអាសន្ន ជាមួយនឹងការរៀបចំនៅប្រព័ន្ធទឹកស្អាតប្រើប្រាស់ ទឹកស្អាតសម្រាប់ហូប បង្គន់អនាម័យ ប្រព័ន្ធភ្លើង សេវាពិនិត្យសុខភាព ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។

លោក អ៊ុក គឹមសាន បានថ្លែងក្រើនរំលឹកដល់ប្រជាពលរដ្ឋភៀសសឹក ត្រូវយកចិត្តទុកដាក់ចូលរួមរក្សាអនាម័យ ថែទាំសុខភាព ដើម្បីបង្ការជំងឺនានា និងសូមឱ្យបងប្អូនប្រជាពលរដ្ឋ មានភាពនឹងនរ និងកក់ក្តៅក្នុងចិត្ត ព្រោះថារាជរដ្ឋាភិបាល និងសប្បុសរជនទាំងអស់ នឹងនៅរួមសុខ រួមទុក្ខជាប់ជានិច្ច ដោយមិនបោះបង់បងប្អូនចោលឡើយ ពិសេសត្រូវមានការអត់ធ្មត់ និងជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយទាំងផ្លូវការទូត ផ្លូវច្បាប់ និងយោធា ដើម្បីការពារអាយុជីវិតប្រជាជន បូរណភាពទឹកដី និងឈានទៅបញ្ចប់សង្រ្គាម នាំយកសុខសន្តិភាព នាពេលខាងមុខនេះ ហើយបងប្អូនអាចវិលត្រឡប់ទៅលំនៅដ្ឋាន ភូមិ ស្រុក រៀងៗខ្លួនវិញ។

ជាមួយគ្នានេះ លោកស្រី ភាណ សោភ័ណ បានបញ្ជាក់ថា អង្គការ Oxfam នឹងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ ដើម្បីផ្ដល់ជំនួយមនុស្សធម៌ និងគាំទ្រការរស់នៅប្រកបដោយសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ការផ្ដល់អំណោយនេះ បានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គី និងការយកចិត្តទុកដាក់របស់អាជ្ញាធរ និងអង្គការដៃគូ ក្នុងការជួយគ្នាទៅវិញទៅមក ដើម្បីឆ្លើយតបនឹងស្ថានភាពលំបាក និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងគ្រាលំបាក៕