ក្រុមការងារប៉ាម៉ានី នាំយកអំណោយ និងសំណេះសំណាលលើកទឹកចិត្តដល់ជនភៀសសឹក នៅខេត្តសៀមរាប
28-12-2025 13:50
(សៀមរាប)៖ ដោយមើលឃើញពីទុក្ខលំបាក របស់ប្រជាពលរដ្ឋភៀសសឹក, ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងការងារសារធារណៈ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយ ខេត្តកំពង់ស្ពឺ បានចាប់តាំងឱ្យក្រុមការងារប៉ាម៉ានី ដឹកនាំដោយលោក លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារប៉ាម៉ានី និងលោកស្រី ឈីវ ភិរម្យ ព្រមទាំងក្រុមការងារប៉ាម៉ានី ចុះសំណេះសំណាល លើកទឹកចិត្តដល់ប្រជាពលរដ្ឋ យុវជន និងកុមារ ដែលភៀសសឹក មកស្នាក់នៅក្នុងខេត្តសៀមរាប ប្រមាណជាង ១ម៉ឺននាក់ នៅទីតាំងភៀសសឹកចំនួន ១៦ទីតាំងស្ថិតនៅក្រុងរុនតាឯក មាន២ទីតាំង វត្តរុនតាឯក វត្តត្រាច ស្រុកប្រាសាទបាគងមាន ៦ទីតាំង វត្តរលួស វត្តលលៃ វត្តស្វាយធំ វត្តល្អក់ វត្តបន្ទាយក្បាលចិន វត្ដខ្សាច់ និងស្រុកពួកមាន៨ទីតាំងវត្តសសរស្ដម្ភ វត្តខ្ជាយ វត្តប្រាសាទ វត្តធម្នយុត្ដ វត្តឥស្សរារាម វត្តអម្ភរវ័ន វត្តបល្ល័រង្សី និងរមណីដ្ឋានភូមិសូត្រមាស ខេត្តសៀមរាប។
មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ លោកស្រី ឈីវ ភិរម្យ អនុប្រធានក្រុមការងារប៉ាម៉ានី បានថ្លែងថា ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចាត់តាំងក្រុមការងារប៉ាម៉ានី ដែលជានិច្ចកាលតែងតែចុះជួយ និងយកចិត្តទុកដាក់ ទៅលើវិស័យអប់រំ ជាពិសេស ទៅលើកុមារ និងយុវជន ក្នុងខេត្តកំពង់ស្ពឺ ទៅជួយកុមារ យុវជន និងបងប្អូនជនរួមជាតិដែលកំពុងភៀសសឹក។
លោកស្រីបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប៉ាម៉ានី ទៅកាន់ពុកម៉ែបងប្អូន កូនៗភៀសសឹកទាំងអស់ ហើយក៏ឆ្លៀតឱកាសពន្យល់នូវសារប៉ាម៉ានី ចំនួន២ឃ្លា ដែលលោកតែងតែផ្តល់ជាឱវាទដល់កូនៗនៃអង្គការផ្ទះបាយកុមារ និងកុមារ យុវជនទាំងអស់នៅខេត្តកំពង់ស្ពឺ។ ឱវាទប៉ាម៉ានី ទាំង២នោះគឺ «ខ្ញុំមិនខ្ជិលដាច់ខាត» និង«ធ្វើអ្វីធ្វើឱ្យល្អបំផុត»។
លោកស្រីក៏បានឆ្លៀតផ្តល់ការលើកទឹកចិត្តជូនបងប្អូនភៀសសឹកទាំងអស់ឱ្យប្រើពេលឱ្យចេញជាប្រយោជន៍ជាទីបំផុត ដែលមានជាអាទិ៍ទី១ ការថែទាំសុខភាពដោយការថែទាំទៅលើអនាម័យជាទូទៅ ទី២ រក្សាចិត្តសាមគ្គីភាពជាធ្លុងមួយគ្រប់ពេលវេលា និងកាលៈទេសៈទាំងអស់ ស្រឡាញ់គ្នា និងជួយយកអសារគ្នាទៅវិញទៅមក ទី៣ ឆ្លៀតពេលកំពុងភៀសសឹក បង្ហាញនូវសេចក្តីស្រឡាញ់ចំពោះកូន ព្យាយាមអប់រំកូន បង្រៀនកូនតាមដែលអាចធ្វើបានដើម្បីកុំឱ្យកូនចាកឆ្ងាយពីអារម្មណ៍សិក្សា ហើយត្រូវប្រឹងពិនិត្យសុខភាពផ្លូវកាយ ផ្លូវចិត្តរបស់កូន និងទី៤ រក្សាចិត្តអោយស្ងប់ កុំស្លន់ស្លោ រួមគ្នាស្តាប់តាមប្រសាសន៍ របស់សម្តេចតេជោ និងសម្តេចបវរធិបតី មានសម្លេងតែមួយ នោះគឺសម្លេងរបស់សម្តេចតេជោ និងសម្តេចបវរធិបតី។
ជាចុងក្រោយ លោកស្រីក៏បាននាំបងប្អូនភៀសសឹកបន់ស្រន់សម្រាប់សន្តិភាពកម្ពុជាឆាប់ៗ បន់ស្រន់ជូនដល់វីរកងទ័ពឱ្យបន្តមានចិត្ត និងកម្លាំងខ្លាំងក្លា ឧទ្ទិសកុសលផលបុណ្យជូនទៅវីរកងទ័ពដែលបានពលី និងជាពិសេសបន់ស្រន់សូមឱ្យសម្តេចទាំងទ្វេមានកម្លាំងកាយចិត្តបរិបូរណ៍ ដើម្បីដឹកនាំកម្ពុជាឆ្ពោះទៅសន្តិភាព និងចៀសផុតពីសង្គ្រាម។
លោក លី ច័ន្ទតុលា បានថ្លែងថា ក្នុងនាមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកទឹកចិត្តប្រជាពលរដ្ឋភៀសសឹកទាំងអស់ ត្រូវតស៊ូអត់ធ្មត់ក្នុងគ្រាដ៏លំបាកនេះ និងត្រូវរួបរួមសាមគ្គីគ្នា ក្នុងស្មារតីជាតិខ្មែរតែមួយ ដោយជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
លោក លី ច័ន្ទតុលា ក៏ផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកទឹកចិត្ត ទៅដល់បងប្អូនភៀសសឹកគ្រប់រូបឱ្យមើលថែរក្សា ផ្លូវចិត្តរបស់កូនៗខ្លួន នឹងឆ្លៀតពេល ដែលកំពុងភៀសសឹកនេះ អប់រំ បង្រៀនណែនាំកូនថែម នឹងជាពិសេសផ្តល់ភាពកត់ក្តៅឱ្យខ្លាំងជាទីបំផុត។ ធ្វើកិច្ចការជាប្រយោជន៍សម្រាប់កូនមានទាំងការបង្ហាត់បង្រៀនអក្សរលេខបន្ថែម យកចិត្តទុកដាក់ លើផ្លូវកាយផ្លូវចិត្តរបស់កុមារ។
ជាមួយគ្នានេះដែរ បងប្អូនភៀសសឹក កុមារ និងយុវជនបានរីករាយដែលបានទទួលនូវក្តីស្រលាញ់របស់ក្រុមការងារប៉ាម៉ានី ក្នុងនោះកុមារជាច្រើនទទួលបានតុក្តតា កូនឡាន និងការនាំលេង ផាត់រូប ចងអំបោះក្រហម បូងសួងសុំសន្តិភាព និងការច្រៀងចម្រៀងកុមារមួយចំនួន។
លោក លី ច័ន្ទតុលា ក៏បានអំពាវានាវអ្នកមានធនធានបន្តគាំទ្រ ជួយចែករំលែកឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក និងសាមគ្គីជាធ្លុងមួយគាំទ្រទៅលើការដឹកនាំ និងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា ក្រុមការងារប៉ាម៉ានី នាំយកអំណោយ និងសំណេះសំណាល លើកទឹកចិត្ត ដល់បងប្អូនភៀសសឹក នៅក្រុងរុនតាឯក ស្រុកបាគង និងស្រុកពួក ក្នុងខេត្តសៀមរាប ដែលក្រុមការងារប៉ាម៉ានី បានចុះជួបដោយផ្ទាល់ជាង ១ម៉ឺននាក់ ក្នុងនោះយុវជន និងកុមារ មានសរុបជាងពាក់កណ្តាល។ អំណោយប្រគល់ជូនយុវជន និងកុមារ រួមមានអង្ករមួយការ៉ុង ៥គីឡូ មី២កញ្ចប់ គោខាប់ ១កំប៉ុង សាច់ជ្រូកឆាសៀង ឬសាច់ជ្រូកឆា ឆៃប៉ូវ ដែលអ្នកកំពង់ស្ពឺបានចំអិន ច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ សំឡីអនាម័យ គូល័រទានផាត់ពណ៍ ប៊ិច សៀវភៅអានដែលបណ្ណាគារអង្គរធំជួយឧបត្ថម្ភ ផ្លែក្រូច ផ្លែស្រកានាគ ពងទា និងនំទ្រាបចៅអធិការវត្តធ្លាចាស់ នៃវត្តធ្លាចាស់ សង្កាត់វាលពង់ក្រុងឧដុង្គម៉ែជ័យខេត្តកំពង់ស្ពឺបានរៀបចំយកមក។














