រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើដល់អ្នកផលិតមាតិកាលើបណ្តាញសង្គម ជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ

28-12-2025 14:03

(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់អ្នកផលិតមាតិកា (Influencers) ទាំងអស់ ជួយផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីសក្តានុពលទេសចរណ៍កម្ពុជា និងចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ចៀសវាងផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានអវិជ្ជមានទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមប្រទេសជាតិ និងប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជា។

លោក ហួត ហាក់ លើកឡើងបែបនេះ នៅក្នុងព្រឹត្តិការណ៍ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាពសប្បុរសធម៌ ក្រោមប្រធានបទ «រួមគា្នដើម្បីកម្ពុជាក្នុងរដូវកាលសាមគ្គី» (Together for Cambodia in Solidarity Season) ក្នុងគោលបំណងពង្រឹងកម្លាំងសាមគ្គីភាព ជាធ្លុងមួយ និងពង្រឹងស្មារតីឯកភាពផ្ទៃក្នុង ព្រមទាំងចូលរួមសកម្មភាពមនុស្សធម៌ ដើម្បីជួយដល់គ្រួសារ ភៀសសឹកនៅក្នុងគ្រាដ៏លំបាក នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ នៅខេត្តសៀមរាប។

លោករដ្ឋមន្ត្រី បានបន្តថា គំនិតផ្តួចផ្តើមមហាគ្រួសារវិស័យទេសចរណ៍ បានដាក់ចេញរដូវកាលសាមគ្គី (Solidarity Season) ក្នុងស្មារតីសាមគ្គីភាពជាធ្លុងមួយ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ស្របតាមអភិក្រម ជវភាពនៃប្រព័ន្ធ តួអង្គតែមួយ និងស្ថិតក្រោមក្របខណ្ឌសសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការទាំង ៦ របស់ក្រសួងទេសចរណ៍។

លោករដ្ឋមន្ត្រី បន្តថា សសរស្ដម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការទាំង ៦ របស់ក្រសួងទេសចរណ៍ រួមមាន៖
១- កិច្ចសហប្រតិបត្តិការនៅថ្នាក់ជាតិ ជាមួយអន្តរក្រសួង ស្ថាប័ន ក្រោមដំបូលរាជរដ្ឋាភិបាល។ ២- កិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ (គណៈអភិបាលរាជធានីភ្នំពេញ និងខេត្តទាំង ២៤)។ ៣- កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក។ ទី៤- ត្រូវមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយស្ថានឯកអគ្គរដ្ឋទូត/ស្ថានឯកអគ្គរាជទូតបរទេសប្រចាំនៅកម្ពុជា, ដៃគូអភិវឌ្ឍ ស្ថានឯកអគ្គរាជទូតកម្ពុជា/ស្ថានកុងស៊ុលកម្ពុជានៅបរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិកម្រិតទ្វេភាគី ពហុភាគី អនុតំបន់ តំបន់ (អាស៊ាន) និងពិភពលោក។ ៥- កិច្ចសហប្រតិបត្តិការជាមួយបណ្ដាញសារព័ត៌មាន និងអ្នកផលិតមាតិកាព័ត៌មាន (Influencers) ក្នុងស្រុក និងបរទេស, និងទី៦- ការចូលរួមពីបុគ្គលម្នាក់ៗផងដែរ។

លោករដ្ឋមន្ត្រី បន្ថែមថា ដើម្បីទ្រទ្រង់ប្រាក់ចំណូលរបស់អាជីវករ, ប្រតិបត្តិករទេសចរណ៍, បងប្អូនប្រជាពលរដ្ឋនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពង្រឹងភាពធន់នៃវិស័យទេសចរណ៍ទៅនឹងវិបត្តិ តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ដើម្បីធានាថាវិស័យទេសចរណ៍ នៅតែបន្តដើរតួនាទីសំខាន់ជា «មាសបៃតង» និងជា «ចន្ទល់សេដ្ឋកិច្ច» ដ៏រឹងមាំសម្រាប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា។

លោករដ្ឋមន្ត្រី បានលើកដែរថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ផ្សារភ្ជាប់នឹងសកម្មភាពមនុស្សធម៌នេះ គឺជាការរួបរួមគ្នាដ៏អស្ចារ្យមួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរួបរួមកម្លាំងសាមគ្គីដ៏រឹងមាំបង្ហាញការជួយទៅវិញទៅមកក្នុងកាលៈទេសៈដ៏លំបាក ទៅតាមវិស័យរៀងៗខ្លួន។

លោករដ្ឋមន្ត្រី បញ្ជាក់ថា តាងនាមមហាគ្រួសារវិស័យទេសចរណ៍កម្ពុជា ប្តេជ្ញារួបរួមសាមគ្គីជាធ្លុងមួយ ក្នុងស្មារតីខ្មែរតែមួយ សូមគាំទ្រដោយឥតងាករេ នូវរាល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងក្រោមការតម្រង់ទិសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋ៕