ព្រះមន្ត្រីសង្ឃជាន់ខ្ពស់ខេត្តកំពង់ស្ពឺ ចែកស្បៀងដល់ជនភៀសសឹកចំនួន ៥៥គ្រួសារ

28-12-2025 14:11

(កំពង់ស្ពឺ)៖ ព្រះរតនសោភ័ណ ម៉ន បឿន ជាព្រះចៅអធិការវត្តចំបក់ និងជាព្រះវិន័យធរគណខេត្តកំពង់ស្ពឺ ស្តីទី និងសប្បុរសជននានា នៅព្រឹកថ្ងៃ ទី២៨ ខែធ្នូ ឆ្នាំ២០២៥ បានប្រមូលស្បៀង និងថវិកាចែកជូនជនភៀសសឹកចំនួន៥៥គ្រួសារ ដែលបានភៀសសឹកមកពីខេត្តចំនួន២ គឺខេត្តកោះកុង និងខេត្តបន្ទាយមានជ័យ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្នុងស្បៀងរួមមាន៖ អង្ករ ១០គីឡូ មី ទឹកត្រី ទឹកស៊ីអីវ ទឹកបរិសុទ្ធ ពងទា នំ ភេសជ្ជៈ និងថវិកាចំនួន ១០ ០០០រៀលស ក្នុងមួយនាក់។

ក្នុងឱកាសនោះ ព្រះរតនសោភ័ណ ម៉ន បឿន មានសង្ឃដីកាបង្ហាញពីការដឹងគុណ ចំពោះបងប្អូនវីរកងទ័ព ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ។

ព្រះរតនសោភ័ណ ម៉ន បឿន មានសង្ឃដីកា ផ្តល់ការលើកទឹកចិត្តជូនបងប្អូនភៀសសឹកទាំងអស់ឱ្យប្រើពេលឱ្យចេញជាប្រយោជន៍ជាទីបំផុត ដែលមានជាអាទិ៍ ការថែទាំសុខភាពដោយការថែទាំទៅលើអនាម័យជាទូទៅ, រក្សាចិត្តសាមគ្គីភាពជាធ្លុងមួយគ្រប់ពេលវេលា និងកាលៈទេសៈទាំងអស់ ស្រឡាញ់គ្នា និងជួយយកអសារគ្នាទៅវិញទៅមក, ឆ្លៀតពេលកំពុងភៀសសឹកបង្ហាញនូវសេចក្តីស្រឡាញ់ចំពោះកូន ព្យាយាមអប់រំកូន បង្រៀនកូនតាមដែលអាចធ្វើបានដើម្បីកុំឱ្យកូនចាកឆ្ងាយពីអារម្មណ៍សិក្សា ហើយត្រូវប្រឹងពិនិត្យសុខភាពផ្លូវកាយ ផ្លូវចិត្តរបស់កូន និងរក្សាចិត្តអោយស្ងប់ កុំស្លន់ស្លោ រួមគ្នាស្តាប់តាមប្រសាសន៍ របស់សម្តេចតេជោ និងសម្តេចបវរធិបតី មានសម្លេងតែមួយ នោះគឺសម្លេងរបស់សម្តេចតេជោ និងសម្តេចបវរធិបតី។

ព្រះរតនសោភ័ណ ម៉ន បឿន និងបងជនភៀសសឹកបន់ស្រន់សម្រាប់សន្តិភាពកម្ពុជាឆាប់ៗ បន់ស្រន់ជូនដល់វីរកងទ័ពឱ្យបន្តមានចិត្ត និងកម្លាំងខ្លាំងក្លា ឧទ្ទិសកុសលផលបុណ្យជូនទៅវីរកងទ័ពដែលបានពលី និងជាពិសេសបន់ស្រន់សូមឱ្យសម្តេចទាំងទ្វេមានកម្លាំងកាយចិត្តបរិបូរណ៍ ដើម្បីដឹកនាំកម្ពុជាឆ្ពោះទៅសន្តិភាព និងចៀសផុតពីសង្គ្រាម៕