អំណោយសប្បុរសជន «បេះដូងមហាគ្រួសារខ្មែរ ខេត្តតាកែវ» ត្រូវបានប្រគល់ជូនបញ្ជាការដ្ឋានអង្គរក្ស ដើម្បីចូលរួមឧបត្ថម្ភដល់វីរកងកម្លាំងឈរជើងនៅសមរភូមិមុខ
28-12-2025 14:13
(តាកែវ)៖ លោក ញ៉ែម ស្រស់ អភិបាលរងខេត្តតាកែវ និង លោក កង អាណាន់ អភិបាល នៃគណៈអភិបាលក្រុងដូនកែវ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលក្រុង នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ បាននាំយកអំណោយរបស់សប្បុរសជន «បេះដូងមហាគ្រួសារខ្មែរ របស់រដ្ឋបាលខេត្ត និងក្រុងដូនកែវ» មកប្រគល់ជូន បញ្ជាការដ្ឋានកងអង្គរក្ស ដើម្បីចាត់ចែងបញ្ជូនបន្តទៅដល់វីរកងទ័ពកំពុងឈរជើង ប្រចាំការនៅសមរភូមិមុខតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។
ក្នុងឱកាសប្រគល់ទទួលអំណោយសប្បុរសជននេះដែរ មានការអញ្ជើញទទួលដោយ លោកស្រី ហ៊ីង សុខលាភ ណុបរ័ត្ននិមល តំណាង នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានកងអង្គរក្ស។
ក្នុងឱកាសនោះដែរ លោក ញ៉ែម ស្រស់ និងលោក កង អាណាន់ បានមានប្រសាសន៍ថា អំណោយដែលនាំយកមកផ្ដល់ជូនបញ្ជាការដ្ឋាន នាពេលនេះ គឺបានមកពីសប្បុរសជនជិតឆ្ងាយ បានចូលរួមជាមួយ រដ្ឋបាលខេត្ត និងក្រុងដូនកែវ ដើម្បីទុកសម្រាប់បរិច្ចាគ ដល់វីរកងទ័ពឈរជើងនៅសមរភូមិ ក៏ដូចជាចាត់ចែងផ្ដល់ជូនបងប្អូនជនភៀសសឹក នៅមកស្នាក់នៅបណ្ដោះ អាសន្ននៅមូលដ្ឋានខេត្តតាកែវ ក៏ដូចជាក្នុងក្រុងដូនកែវ។
លោកស្រី ហ៊ីង សុខលាភ ណុបរ័ត្ននិមល បានសម្ដែងនូវការថ្លែងអំណរគុណចំពោះទឹកចិត្ត របស់មន្ត្រីរាជការ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ ដែលមានស្មារតីទឹកចិត្តស្នេហាជាតិ ដោយបានចំណាយ នូវធនធានផ្ទាល់ខ្លួន ទាំងថវិកានិងសម្ភារជាស្បៀងអាហារ ឧបត្តម្ភដល់វីរកងទ័ពនៅសរភូមិមុខ និងជនភៀសសឹក៕














