ទស្សនៈមិត្តអ្នកអាន៖ ការសាងសង់រូបបដិមាមានប្រយោជន៍ដល់សង្គម និងបុណ្យកុសលច្រើនដល់អ្នកមានជំនឿ

28-12-2025 15:08

(ភ្នំពេញ)៖ ព្រះវិស្ណុ ឬហៅថា ព្រះនារាយណ៍ គឺជាព្រះអាទិទេពមួយអង្គ ក្នុងសាសនាព្រាហ្មណ៍ ដែលអ្នកកាន់សសនាបែបហិណ្ឌូមានជំនឿ និងគោរពប្រតិបត្តិ ក្នុងចំណោមព្រះអាទិទេពទាំងបីអង្គ រួមមាន ព្រះព្រហ្ម ព្រះវិស្ណុ និងព្រះសិវៈ ឬព្រះឥសូរ។ ព្រះវិស្ណុត្រូវចាត់ទុកថា ជាព្រះអាទិទេព ថែរក្សា គ្រប់គ្រង និងបង្កើតលោកីយ៍។ ព្រះវិស្ណុតំណាងឱ្យការអភិរក្ស ការការពារ តំណាងឱ្យក្បួនច្បាប់ និងសេចក្តីស្ង ប់គឺសន្តិភាព។

ដើម្បីជាការគោរពបូជា និងឧទ្ទិសដល់ព្រះអាទិទេព រូបសំណាកព្រះវិស្ណុ ត្រូវបានកសាងឡើងនៅទីសេនាសនៈ និងទីកន្លែងសមរម្យ ដើម្បីជាកន្លែងសិល្បៈ វប្បធម៌ មិនតែប៉ុណ្ណោះ ជាការធ្វើបុណ្យ និងការគោរពបូជាផងដែរ។

យើងសូមចាប់អារម្មណ៍លើការសាងសង់ ឬការចូលរួមគាំទ្រដល់ការសាងសង់ រូបសំណាកព្រះវិស្ណុ ក៏ដូចជារូបពុទ្ធបដិមានានា ផ្តល់ប្រយោជន៍ដល់សង្គម និងបុណ្យកុសលច្រើនដល់អ្នកមានជំនឿ ដូចតទៅ៖

១) ជំនឿលើផលបុណ្យ៖ អ្នកដែលមានជំនឿ នៅពេលបានសាងសង់រូបពុទ្ធបដិមា បងប្អូន ញាតិមិត្ត អនុមោទនាបុណ្យកុសល ដែលកើតអំពីពិធីបុណ្យអភិសេក ព្រះពុទ្ធបដិមា និងរូបសំណាកនានា ដោយសេចក្តីជ្រះថ្លា និងក្តីអំណររីករាយ រមែងទទួលបានបុណ្យ លាភ ព្រះតាមជួយ ថែរក្សា ការពារ មានសេចក្តីចម្រើនសួស្តី និងមានសុភមង្គល សម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។

២) សេចក្តីសុខផ្លូវចិត្ត៖ ការសាងសង់រូបបដិមាមានអត្ថប្រយោជន៍យ៉ាងជ្រាលជ្រៅដល់សង្គម និងវប្បធម៌យ៉ាងសំខាន់។ កន្លែងសាសង់ រូបបដិមា អាចក្លាយជាមជ្ឈមណ្ឌលសម្រាប់ការគោរពបូជា ការរៀបចំពិធីសាសនា និងការជួបជុំរបស់សហគមន៍។ សំណង់រូបបដិមា បានជួយលើកកម្ពស់ ការគោរពគ្នាទៅវិញទៅមក មានសីលធម៌ និងសន្តិភាពក្នុងសង្គម។

៣) ក្នុងផ្នែកវប្បធម៌៖ ការសាងសង់រូបសំណាកព្រះវិស្ណុ ជួយអភិរក្សបេតិកភណ្ឌសាសនា និងសិល្បៈបុរាណ។ វាបង្ហាញពីជំនឿ ប្រពៃណី និងអត្តសញ្ញាណ របស់សាសនិក ហើយអាចក្លាយជាមរតក ដ៏មានតម្លៃសម្រាប់ជំនាន់ក្រោយ។

សរុបមក ការសាងសង់រូបសំណាកព្រះវិស្ណុ ត្រូវបានចាត់ទុកថាជាការធ្វើបុណ្យ ដ៏មានតម្លៃខ្ពស់ ដែលនាំមកនូវកុសលផលបុណ្យ និងសេចក្តីសុខទាំងផ្លូវចិត្ត ផ្លូវកាយ ជួយលើកកម្ពស់សីលធម៌សង្គម និងវប្បធម៌។ វាជាសកម្មភាព ដែលបង្ហាញពីសទ្ធា នៃការគោរព និងការទទួលខុសត្រូវ ក្នុងការថែរក្សា វប្បធម៌ សាសនា និងជាពិសេសសន្តិភាពសម្រាប់មនុស្សជាតិ៕