អនុប្រធានទី២នៃរដ្ឋសភា ផ្តល់អំណោយសម្ភារ គ្រឿងឧបភោគ និងបរិភោគ ជួយសម្រាលបន្ទុកពលរដ្ឋភៀសសឹក នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

28-12-2025 15:29

(ភ្នំពេញ)៖ លោក វង សូត អនុប្រធានទី២រដ្ឋសភា រួមនឹងសមាជិកសភាមួយចំនួនទៀត បានផ្តល់អំណោយ រួមមានសម្ភារ គ្រឿងឧបភោគ និងបរិភោគជូនពលរដ្ឋភៀសសឹក នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្រាលទុក្ខលំបាកដល់ពលរដ្ឋភៀសសឹក។

ជម្លោះប្រដាប់អាវុធសារជាថ្មីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាប្រមាណជាងកន្លះលាននាក់ ត្រូវបង្ខំចិត្តភៀសសឹក ជម្លៀសចេញពីតំបន់ប្រឈមខ្ពស់ ទៅកាន់ជំរំសុវត្ថិភាព។

នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នេះ លោក វង សូត អនុប្រធានទី២រដ្ឋសភា បានចាត់តាំងក្រុមការងារខុទ្ទកាល័យ ដឹកនាំដោយលោក មឿត រតនៈ ជំនួយការផ្ទាល់ និងជាអគ្គនាយករងទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងសហការី បានដឹកជញ្ជូននាំយកអំណោយ និងសម្ភារៈរបស់លោក វង សូត និងលោកស្រី ហេង ពៅ លោក កែវ ពិសិដ្ឋ តំណាង រាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និង លោកស្រី ស៊ឹម សុផល ជូនដល់លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុកភ្នំស្រុក លោកស្រី ប្រិញ សាវ៉ង់ អភិបាលរងស្រុកភ្នំស្រុក តំណាងលោកអភិបាលស្រុកភ្នំស្រុក និងព្រះគ្រូចៅអធិការវត្តសុវណ្ណក្ខាសត្ថារាម (ហៅវត្តកណ្តាល) ដើម្បីចាត់ចែងជូនដល់បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ស្ថិតនៅភូមិស្រះឈូក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

អំណោយដែលប្រគល់ជូនអាជ្ញាធរស្រុកភ្នំស្រុក នាឱកាសនេះ មានសម្ភារ និងគ្រឿងឧបភោគបរិភោគដូចជា ៖ អង្ករ ៣៥០ បាវតូច ស្មើ ៣,៥០០គីឡូក្រាម មី ៥៨ កេស ទឹកដោះគោម្សៅកូនក្មេង ២៥ កេស ស្មើ ១៥០កំប៉ុង ទឹកដោះគោជូ ២០ កេសតូច ស្មើ ១២០០កំប៉ុង ដំណាប់ផ្លែឈើចម្រុះ ៣ កេសធំស្មើ ១២កញ្ចប់ធំ នំកូនគោ (នំសូកូឡា) ៥កេសធំ ស្មើ ៧០ ប្រអប់ ខោទឹកនោមកូនក្មេង ២០ កេស ភួយ ២០០ និងខោអាវ ៥,០០០អាវ/ខោ។

ក្នុងស្មារតីសាមគ្គីមហាគ្រួសារខ្មែរ ខុទ្ទកាល័យលោក វង សូត អនុប្រធានទី២ រដ្ឋសភា បានទទួលអំណោយជាថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគជាច្រើន ពីសមាជិកសមាជិការដ្ឋសភា និងថ្នាក់ដឹមនាំ មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋាននៃរដ្ឋសភា ទីប្រឹក្សា ជំនួយការអនុធានទី២ នៃរដ្ឋសភា ព្រមទាំងពីសប្បុរសជននានា សម្រាប់ឧបត្ថម្ភគាំទ្រ ជូនវីរកង ទ័ពជួរមុខ និងពលរដ្ឋភៀសសឹកក្នុងជម្លោះព្រំដែនកម្ពុជា- ថៃ។

ជាមួយគ្នានេះដែរ លោកស្រីអភិបាលរងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានគោរពថ្លែងអំណរគុណជូនចំពោះ លោក វង សូត និងលោកស្រី ព្រមទាំងលោក កែវ ពិសិដ្ឋ និងលោកស្រី ដែលបានជួយឧបត្ថម្ភគាំទ្រនូវធនធាន និងសម្ភារដល់រដ្ឋបាលស្រុក។

លោកស្រីអភិបាលរងស្រុក ប្តេជ្ញា នឹងបន្តចែកជូនដោយតម្លាភាព និងដោយផ្ទាល់ទៅដល់បងប្អូនពលរដ្ឋជាជនភៀសសឹក និងពលរដ្ឋរងប៉ះពាល់នៅក្នុងរយៈពេលនៃសង្គ្រាមជម្លោះព្រំដែនកម្ពុជា-ថៃ។

លោកស្រីអភិបាលរងស្រុក បានគូសបញ្ជាក់ថា នេះជាស្មារតីសាមគ្គីភាព ស្នេហាជាតិ ខ្មែរជួយខ្មែរ រួមគ្នាទាំងក្នុង និងក្រៅប្រទេសដើម្បីគាំទ្រដល់វីរកងទ័ពជួរមុខយើង ហើយបានបញ្ចូលគ្នាជាធ្លុងមួយ គឺពិតជាកម្លាំងសាមគ្គីដ៏រឹងមាំមហាសាល ជាអាវុធដ៏ស័ក្ដិសិទ្ធិបំផុតក្នុងការកម្ចាត់ សត្រូវឱ្យវិនាសអន្តរាយ៕