រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ កិច្ចខិតខំប្រឹងប្រែងពីតួអង្គពាក់ព័ន្ធក្នុងវិស័យជលផល បានបង្កើនទិន្នផលត្រី រក្សាបាននូវជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី (Video inside)

28-12-2025 16:10

(កណ្ដាល)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាការអាជ្ញាធរទន្លេសាប នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់ថាកិច្ចខិតខំប្រឹងប្រែងពីតួអង្គពាក់ព័ន្ធក្នុងវិស័យជលផល បង្កើនទិន្នផលត្រី រក្សាបាននូវជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្រ្តី និងគណៈប្រតិភូអាជ្ញាធរទន្លេសាប រួមជាមួយ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះស្វែងយល់ជាក់ស្តែងការធ្វើអាជីវកម្មឡូត៍នេសាទ គន្លងដាយជួរលេខ១៥ និងលេខ១៣ ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងសកម្មភាពបងប្អូនប្រជាពលរដ្ឋមកធ្វើការកែច្នៃ ប្រហុក ផ្អក និងត្រីឆ្អើរ នៅតំបន់ឡូត៍ដាយជួរលេខ១៣។

លោករដ្ឋមន្ត្រី បានបញ្ជាក់ពីសារសំខាន់នៃការចូលរួមដោយយកចិត្តទុកដាក់ពីស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្នុងការការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិបឹងទន្លេសាប ដូចជាត្រី សត្វស្លាប សត្វល្មូន ព្រៃឈើ ដើម្បីបង្កើនទិន្នផលត្រី រក្សាបាននូវជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងជួយលើកកម្ពស់ដល់ជីវភាពប្រជាជនកម្ពុជាឱ្យកាន់តែធូរធារ។

សូមបញ្ជាក់ថា រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅនេះ បានជូនដំណឹងពីរដូវនេសាទឆ្នាំ២០២៥-២០២៦ ដោយបានបញ្ជាក់ថា ត្រីចាប់ផ្ដើមបម្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃព្រហស្បតិ៍ ៦កើត ដល់ថ្ងៃពុធ ១២កើត ខែបុស្ស ត្រូវនឹងថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង៕17