រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញចុះសួរសុខទុក្ខកងទ័ពជួរមុខរងរបួសចំនួន ២នាក់ ដែលសម្រាកព្យាបាលនៅគេហដ្ឋាន ខេត្តកំពង់ធំ

28-12-2025 16:18

(កំពង់ធំ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ និងភរិយា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពជួរមុខចំនួន ២នាក់ ដែលសម្រាកព្យាបាលនៅគេហដ្ឋាន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

វីរកងទ័ពជួរមុខឈ្មោះ យាន សួរ បានរងរបួសស្មាស្ដាំ និងឈ្មោះ ពេជ្រ ប៉ាង បានរងរបួសជង្គង់ស្តាំ ក្នុងអំឡុងពេលការពារបូរណភាពទឹកដី ការពារអធិបតេយ្យជាតិ ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ប្រឆាំងនឹងការរំលោភបំពានពីបច្ចាមិត្ត ព្រមទាំងបានសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅបន្តគេហដ្ឋាន។

រដ្ឋមន្ត្រី ហួត ហាក់ បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គភស្តុភារជាន់ខ្ពស់មិនចេះរីងស្ងួតរបស់កងទ័ព និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលតែងតែបានគិតគូរជានិច្ចពីសុខទុក្ខវីរកងទ័ព និងក្រុមគ្រួសារ នៅគ្រប់ទីកន្លែងក្នុងភូមិសាស្ត្រខេត្តកំពង់ធំនេះ។

ក្នុងកាល:ទេសៈដ៏លំបាកនេះ លោករដ្ឋមន្ត្រី សូមគោរពដឹងគុណ និងបានកោតសរសើរការបំពេញភារកិច្ចដ៏ឧដុង្គឧត្តមរបស់វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង ប្រកបដោយស្មារតីស្នេហាជាតិ និងការលះបង់ខ្ពស់បំផុត ដើម្បីបុព្វហេតុការពារជាតិ និងសេចក្ដីសុខសាន្តរបស់ប្រជាជន។ គំរូវីរភាពនេះនឹងត្រូវបានកត់ត្រាជាប្រវត្តិសាស្ត្រ និងចងចាំទុកជារៀងរហូត៕