ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តស្វាយរៀង នាំយកអំណោយមូលនិធិជំរំសន្តិភាពជូនដល់ជនភៀសសឹក និងវីរកងទ័ពជួរមុខនៅទិសខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង
28-12-2025 17:41
(ស្វាយរៀង)៖ លោក គង់ ម៉ាស់ ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តស្វាយរៀងនិងក្រុមការងារ បាននាំយកអំណោយមូលនិធិជំរំសន្តិភាព ជូនដល់ជនភៀសសឹកនិងបងប្អូនវីរកងទ័ពនៅសមរភូមិមុខនៅទិសខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។
បើតាមលោកគង់ ម៉ាស់ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៥កន្លងទៅនេះ លោកនិងក្រុមការបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួនជូនអង្គភាពបញ្ជាការដ្ឋានកងរថក្រោះអគ្គបញ្ជាការ តាមរយៈ លោកឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន អគ្គមេបញ្ជាការរងកងទ័ពជើងគោក។ សម្ភារទាំងអស់នោះរួមមាន អំបុក មី ទឹកសុទ្ធ អង្ករ និងគ្រឿងឧបភោគបរិភោគផ្សេងៗទៀត សម្រាប់ចែកជូនកងទ័ពសមរភូមិមុខ។
ជាមួយគ្នានេះ ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តស្វាយរៀង បានយកអំណោយរបស់មូលនិធិជំរំសន្តិភាព ជូនដល់កងអនុសេនាធំប្រចាំនៅតំបន់ព្រៃចាន់ និងតំបន់បឹងត្រកួន ផ្តល់ជូនតាមរយៈលោក ប៉ែន រ៉ា មេបញ្ជាការកងអនុសេនាធំវរស៊ើបការណ៍ ព្រមទាំងបានផ្តល់អំណោយជូនលោក ស៊ីន វុត្ថា ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តបន្ទាយមានជ័យ ដើម្បីជូនបងប្អូនវីរកងទ័ពជួរមុខផងដែរ។ ក្រុមការងារបានបន្តដំណើនាំយកអំណោយជូនបងប្អូនជនភៀសសឹកនៅ វត្តជ័យឧត្តម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចំនួន៥០០ គ្រួសារ។
លើសពីនេះ នៅព្រឹកថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៥នេះ ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តស្វាយរៀង បាននាំយក អំណោយរបស់មូលនិធិជំរំសន្តិភាព ជូនចាស់ៗភៀសសឹក ក្នុងវត្តទំនប់តាគួន ភូមិទំនប់តាគួន ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបងដោយម្នាក់ៗទទួលបានថវិកា២មុឺនរៀលផងដែរ៕




















