ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយគ្រួសារវីរៈកងទ័ពឈរជើងការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលមានទីលំនៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ
28-12-2025 21:26
(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងសហការី រួមទាំងអាជ្ញាធរមូលដ្ឋាន បានជួបសួរសុខទុក្ខសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព និងបាននាំយកអំណោយសប្បុរសធម៌ ចែកជូនគ្រួសារដែលមានទីលំនៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ សរុបចំនួន៨៤២គ្រួសារ មកពីស្រុកសំរោងទង ស្រុកភ្នំស្រួច និងក្រុងច្បារមន។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនដល់លោកយាយ លោកតា អ៊ុំ ពូ មីង បង ប្អូន និងកូន ចៅ ក្មួយៗ នៃក្រុមគ្រួសារវីរៈកងទ័ពរបស់យើង។ ឧបនាយករដ្ឋមន្ត្រី បានសម្ដែងការគោរពដឹងគុណនិងមានមោទនភាពចំពោះ វីរៈកងទ័ព ដែលបានបំពេញបេសកកម្មយ៉ាងធំធេងក្នុងបុព្វហេតុជាតិ មាតុភូមិ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងអំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការរិះរកគ្រប់មធ្យោបាយ និងគ្រប់យន្តការដោះស្រាយជម្លោះឱ្យបានឆាប់រហ័ស និងដោយសន្តិវិធី ដើម្បីទទួលបានសន្តិភាព និងធ្វើឱ្យស្ថានភាពតំបន់ជម្លោះវិលត្រឡប់មកប្រក្រតី ហើយវីរៈកងទ័ពរបស់យើងក៏មានឱកាសវិលមកជួបជុំគ្រួសារវិញ។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ស្មារតីនៃការរួបរួមសាមគ្គី ឯកភាពទស្សនៈដ៏រឹងមាំរបស់ប្រជាជាតិកម្ពុជាគ្រប់ៗរូប គ្រប់ទិសទី គ្រប់កាលៈទេសៈ គឺជាកម្លាំងនៃជ័យជម្នះក្នុងការការពារបាននូវផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ៕











