Fresh Exclusive: យុទ្ធសាស្ត្រ DIFID នៃគំរូបញ្ចប់សង្គ្រាមស៊ីវិល៖ ពីអតីតសមរភូមិបង្ហូរឈាមក្លាយទៅ «សន្តិភាព និងអភិវឌ្ឍន៍»
29-12-2025 09:09
(ភ្នំពេញ)៖ យុវជនជំនាន់ក្រោយ ដែលកើតក្រោយឆ្នាំ១៩៩៨ មិនអាចដឹងដោយច្បាស់លាស់នូវអត្ថន័យ «សន្តិភាព» ក្រោមនយោបាយឈ្នះ-ឈ្នះបច្ចុប្បន្នឡើយ។ ប៉ុន្តែក្នុងក្រសែភ្នែកមនុស្សជំនាន់មុន ដែលធ្លាប់រត់ដោយសារសង្គ្រាម និងធ្លាប់អស់សង្ឃឹមក្នុងជីវិតនៅក្រោមរបបវាលពិឃាតពាក្យ «សន្តិភាព» ដែលយើងតែងរំលឹកជារៀងរាល់ថ្ងៃនេះ មិនមែនជារឿងធម្មតាឡើយ។ វាជាលទ្ធផល នៃជម្រើសនយោបាយរបស់ឥស្សរជនកំពូលខ្មែរមួយរូប ដែលធ្វើឱ្យភាពអាប់អួរនៃជីវិត និងសង្គ្រាមជិត៣០ឆ្នាំ បានរលាយអស់ពីកម្ពុជា។
Fresh Exclusive មានអត្ថបទប្រវត្តិសាស្ត្រមួយដែលបង្ហាញពីយុទ្ធសាស្ត្រឌីហ្វីដ នៃនយោបាយឈ្នះ-ឈ្នះ របស់តេជោសែន នៃប្រទេសកម្ពុជា៖
យុទ្ធសាស្ត្រ «ឌីហ្វីដ» (DIFID) នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន គឺជាគន្លឹះស្នូល ដែលបញ្ចប់សង្គ្រាមស៊ីវិលរយៈពេលជិត៣០ឆ្នាំ និងធ្វើឱ្យកម្ពុជា ទទួលបានសន្តិភាពពេញលេញ និងការឯកភាពទឹកដីទាំងស្រុងដែលមិនធ្លាប់មានក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្រជាតិ។ រយៈពេល ១,០៥២យប់ និង១,០៥២ថ្ងៃ ចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៩៦ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាពេលវេលាដ៏សំខាន់ដែលយុទ្ធសាស្ត្រនេះត្រូវបានអនុវត្ត និងទទួលបានជោគជ័យយ៉ាងខ្ទរខ្ទារ។ ឆ្នាំ២០២៥នេះ គឺជាខួប២៧ឆ្នាំ នៃការបញ្ចប់ចុងក្រោយនៃចលនាឧទ្ទាមខ្មែរក្រហម ក្រោមយុទ្ធសាស្ត្រ «ឌីហ្វីដ» នៃនយោបាយឈ្នះ-ឈ្នះនេះ។
* ហេតុអ្វីកើតមានយុទ្ធសាស្ត្រ «ឌីហ្វីដ»?
សង្គ្រាមស៊ីវិលកម្ពុជា ចាប់ផ្តើមពីរដ្ឋប្រហារ ១៨ មីនា ១៩៧០ បន្តរហូតដល់ចុងទសវត្សរ៍៩០។ ទោះមានបេសកកម្ម UNTAC ចំណាយថវិកាជិត ២ពាន់លានដុល្លារ និងពង្រាយកម្លាំងមួកខៀវជាច្រើនម៉ឺននាក់ ក្នុងអម្លុងឆ្នាំ១៩៩២–១៩៩៣ក៏ដោយ កម្លាំងខ្មែរក្រហមនៃភាគីហត្ថលេខីកិច្ចព្រមព្រៀងក្រុងប៉ារីស២៣តុលា នៅតែបន្តប្រយុទ្ធ និងថែមទាំងធ្វើពហិកាបោះឆ្នោតថែមទៀត។ ប្រទេសកម្ពុជា ក្នុងសម័យនោះនៅតែបែកជាតំបន់អាប់អូរ និងមានប្រជាពលរដ្ឋបន្តរងទុក្ខវេទនា ជាពិសេសតំបន់សង្គ្រាមដែលស្ថិតនាតំបន់ព្រំដែនខ្មែរជាប់នឹងប្រទេសថៃ។
ក្នុងបរិបទនោះ សម្តេចតេជោ សែន បានសម្រេចថានឹងមិន «អង្គុយបក់ផ្សែង» ដោយបន្តការបាញ់គ្នាទៀតឡើយ។ សម្តេចតេជោ បានសម្រេចរកវិធី «ពន្លត់ភ្លើង» ដោយស្វែងរកដំណោះស្រាយនយោបាយថ្មី ហើយនយោបាយនោះហើយ គឺជាដើមកំណើតនៃនយោបាយឈ្នះ-ឈ្នះ និងយុទ្ធសាស្ត្រ DIFID។
ដូចប្រសាសន៍បញ្ជាក់របស់សម្តេចតេជោ កាលពីចុងឆ្នាំ២០១៨៖«ហេតុអ្វីបានជាយើងត្រូវមាននយោបាយឈ្នះ-ឈ្នះ? យើងត្រូវដឹងពីប្រវត្តិរបស់យើងឱ្យបានច្បាស់។ ទី១ សង្គ្រាមបានចាប់ផ្ដើមពីរដ្ឋប្រហារ១៨ មីនា ឆ្នាំ១៩៧០ ចំណុចនេះគឺជាចំណុចចាប់ផ្ដើមនៃសោកនាដកម្មរបស់ប្រជាជនកម្ពុជារបស់យើង។
* ខ្លឹមសារស្នូល៖ ៣ការធានា + DIFID
នយោបាយឈ្នះ-ឈ្នះ មានស្នូល៣ចំណុចសំខាន់ ដែលធ្វើឱ្យកងកម្លាងខ្មែរក្រហម «ទុកចិត្តនិងទម្លាក់អាវុធមកចូលរួមរស់» ជាមួយរាជរដ្ឋាភិបាល។ ខ្លឹមសារបីចំណុចនោះគឺ៖
១. ធានាជីវិត និងសុវត្ថិភាព
- មានន័យថា មិនសម្លាប់ មិនដាក់គុក ដល់អតីតសមាជិកខ្មែរក្រហមណាដែលបានធ្វើសមាហរណកម្ម។
២. ធានាអាជីព និងមុខរបរ
- មានន័យថា បើអាជីពអ្នកធ្វើសមាហរណកម្មជាទាហាន នឹងអនុញ្ញាតបន្តជាទាហាន, ធ្លាប់ធ្វើជាគ្រូពេទ្យ បន្តជាគ្រូពេទ្យ ប៉ុន្តែត្រូវប្ដូរពីយោធាខ្មែរក្រហម មកក្រោមច្បាប់រាជរដ្ឋាភិបាលវិញ។
៣. ធានាកម្មសិទ្ធិលើទ្រព្យសម្បត្តិ
- មានន័យថា ទាំងអចលនទ្រព្យ និងចលនទ្រព្យ នឹងមិនត្រូវបានរឹបអូសយកឡើយ និងប្រគល់ទ្រព្យរបស់អ្នកដែលធ្វើសមាហរណកម្មទាំងនោះវិញ។
សម្តេចតេជោ បានមានប្រសាស៍បញ្ជាក់ត្រង់ចំណុចនេះថា៖ «ខ្ញុំបានសិក្សាស្វែងយល់អំពីគោលបំណងជាក់លាក់របស់នាយទាហាន ពលទាហានរបស់ខ្មែរក្រហម។ តើគេចង់បានអ្វី? នៅពេលដែលមានការចុះចូលរបស់កងទ័ពខ្មែរក្រហម នៅទីនេះ ឬនៅទីនោះ។ ខ្ញុំតែង តែខិតខំព្យាយាម ដើម្បីសិក្សាអំពីតើអ្វីទៅដែលជាគោលបំណងពិតប្រាកដ របស់បងប្អូននៅទីនោះ? ដូច្នេះហើយបានជាចំណុចដែលយើងបានរកឃើញ ហើយយើងបានដាក់ចេញនយោបាយឈ្នះ-ឈ្នះ ខ្លឹមសារស្នូលពិតប្រាកដគឺមានតែ៣នោះទេ»។
ឈរនៅលើគោលការណ៍នេះយុទ្ធសាស្ត្រ DIFID ត្រូវបានដាក់ចេញមកជាមួយគ្នា៖
• D – Divide (បំបែក)៖ បំបែកកងកម្លាំង និងបណ្ដាញនយោបាយរបស់ខ្មែរក្រហម មិនបណ្តោយឱ្យមេខ្លោងខ្មែរក្រហម«ប៉ុលពត» ក្តាប់អំណាចលើពួកគេបានឡើយ។
• I – Isolate (ឯកោ)៖ ធ្វើឱ្យមេក្រុមក្បាលរឹង ត្រូវឯកោ ដោយពុំអាចប្រើកម្លាំងអតីតយុទ្ធជនខ្មែរក្រហមឯទៀតបានឡើយ។
• F – Finish (បញ្ចប់)៖ បញ្ចប់ស្ថានភាពអាវុធ និងសំបុកយោធារបស់ក្រុមខ្មែរក្រហម។
• I – Integrate (សមាហរណកម្ម)៖ បញ្ចូលអតីតកម្លាំងឧទ្ទាម ចូលក្នុងប្រព័ន្ធរដ្ឋ និងសង្គមជាតិ។
• D – Develop (អភិវឌ្ឍន៍)៖ បម្លែងតំបន់អតីតសមរភូមិ ទៅជាតំបន់អភិវឌ្ឍន៍ សន្តិភាព និងជីវភាពល្អប្រសើរ។
នេះជាគំរូ «បញ្ចប់សង្គ្រាម ដោយការចូលរួមនិងការអភិវឌ្ឍ» មិនមែនដោយការបំផ្លាញឬសងសឹកទាំងស្រុងចំពោះភាគីដែលបានមកធ្វើសមាហរណកម្ម ឬ ចុះចាញ់ឡើយ។
៣. ចាប់ផ្តើមពីកងពលលេខ១៨ ដល់ប៉ៃលិន-ម៉ាឡៃ៖ ការបោះជំហានធំៗទៅមុខ
យុទ្ធសាស្ត្រ DIFID ចាប់ផ្តើមយ៉ាងជាក់លាក់នៅថ្ងៃទី១១ កុម្ភៈ ១៩៩៦ នៅពេលកងពលលេខ១៨ របស់ លោក កែវ ពង្ស បានធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាល។ នេះគឺជាចំណុច «ដ៏ភ្ញាក់ផ្អើលនៃការផ្ទុះដំបូង» នៃនយោបាយឈ្នះ-ឈ្នះ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, អតីតឧបនាយករដ្ឋមន្ត្រី និងអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលជាឥស្សរជនស្នូលសំខាន់ម្នាក់នៃប្រតិបត្តិករអនុវត្ត នយោបាយឈ្នះឈ្នះ បានរំលឹកនូវព្រឹត្តិការណ៍ថ្ងៃ១១ ខែកុម្ភៈ ឆ្នាំ១៩៩៦៖ «ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ១៩៩៦នោះ យើងចាត់ទុកថាជាលទ្ធផល ដែលវាចាប់ផ្តើមចេញជាផ្លែផ្កាអំពីនយោបាយឈ្នះឈ្នះ ក៏ប៉ុន្តែយើងបានធ្វើពីមុនមកហើយៗ តាមរបៀបណា? ជាបន្តបន្ទាប់យើងបានជួបអ្នកមួយចំនួន ដែលចេញមកជួបប្រាស្រ័យនៅកន្លែងនេះ កន្លែងនោះ នៅតាមការជាក់ស្តែងរបស់អ្នកខ្លះថា តើអ្នកដែលកំពុងពួននៅក្នុងព្រៃហើយ ហើយតស៊ូវាយតតាំងគ្នាជាមួយរាជ រដ្ឋាភិបាលពេលនោះ តើមានគោលបំណងអ្វីខ្លះ? ហើយរឿងហ្នឹងគឺវាទាក់ថ្ពក់គ្នា, បែងចែកភារកិច្ចគ្នា ធ្វើការងារនៅគ្រប់ទីកន្លែងទាំងអស់ដែលអាចធ្វើទៅបាន ហើយឈានទៅដល់កន្លែងមួយដែលសំខាន់បំផុតដែលជាចំណុចចាប់ផ្តើម។ នោះគឺយើងទាក់ទងបានបញ្ជាការកងពលលេខ១៨ គឺលោក កែវ ពង្សនេះឯង។ លោកកែវ ពង្សនេះ គឺបានធ្វើដំណើរមកជួបសម្តេចតេជោតែម្តង ពេលនោះ គឺជាពេលវេលាដ៏សំខាន់ហើយយើងបានសួរនាំជជែកគ្នារឿងតម្រូវការរៀបណាខ្លះដើម្បីយើងឈានទៅដល់»។
បន្តបន្ទាប់ពីកងពលលេខ១៨នោះរួចមក ក៏មានការចួលរួមពីកម្លាំងនានា នៅតំបន់ឱរ៉ាល់ ភ្នំក្រវាញ សំឡូត សំពៅលូន ដែលត្រូវបាននយោបាយឈ្នះ-ឈ្នះ ពន្យល់និងជួយអូសទាញឱ្យចាកចេញ និងបានធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាល។ អតីតមេបញ្ជាការធំៗ ដូចជាលោក អ៊ី ឈាន និងលោក សុខ ភាព នៅម៉ាឡៃ-ប៉ៃលិន បានក្លាយជាចំណុចបំផ្ទុះដ៏ធំ និងបើគ្មានពួកគេចូលរួមនោះទេ ម្ល៉េះនយោបាយឈ្នះ-ឈ្នះ នឹងពិបាកទទួលជោគជ័យណាស់។ នៅជាមួយគ្នានេះដែរកម្លាំងរណសិរ្ស២៥០ របស់ ហឹម ពុធ និងកម្លាំងផ្សេងៗ កងទ័ពខ្មែរក្រហមរាប់ពាន់នាក់ និងក្រុមគ្រួសាររបស់ពួកគេ បាននាំគ្នាមកចូលរួមធ្វើសមាហរណកម្ម។
សម្តេចតេជោសែនបានមានប្រសាសន៍បញ្ជាក់ត្រង់ចំណុចនេះថា៖ «ផ្ដើមចេញពីបទពិសោធន៍ ដ៏ជោគជ័យនេះ យើងក៏ចាប់ផ្ដើមពង្រាយ នូវនយោបាយឈ្នះ-ឈ្នះនេះ ទៅកាន់តំបន់ដទៃទៀត ហើយជាការគាប់ជួននិងជាភ័ព្វសំណាងរបស់យើងដែលមាន នាយឧត្ដមសេនីយ៍ អ៊ី ឈាន និងនាយឧត្ដមសេនីយ៍ សុខ ភាព ដែលក្នុងនោះមានការដឹកនាំកងពល៤១៥ នៅប៉ៃលិនរបស់ អ៊ី ឈាន និងសុខ ភាព ដឹកនាំកងពល ៤៥០នាក់ នៅម៉ាឡៃ ធ្វើការបះបោរ»។
ការធ្វើសមាហរណកម្មនៅពេលនោះ មិនមែនគ្រាន់តែជាកិច្ចពិធីបែបយោធាប៉ុណ្ណោះទេ ប៉ុន្តែជាការបើកបេះដូងកងទ័ព និងបេះដូងប្រជាជន ដើម្បីឱ្យជឿទុកចិត្តលើការធានា៣ប្រការនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល។
* ការបែកបាក់នៅសំបុកអន្លង់វែង នៃទីតាំងអតីតខ្មែរក្រហមក្បាលរឹង
នៅអន្លង់វែង ដែលជាសំបុកចុងក្រោយរបស់ប៉ុលពត ក្រុមមេខ្មែរក្រហមកំពូលៗដូចជា ប៉ុលពត, តាម៉ុក, សុន សេន, នួន ជា, ខៀវ សំផន បានប្រឈមនឹងភាពបែកបាក់ផ្ទៃក្នុងជាខ្លាំងក្រោយពេលដែលកម្លាំងខ្មែរក្រហមនាភាពពាយព្យ និងបស្ចឹមប្រទេសបានចូលរួមជាមួយរាជរដ្ឋាភិបាល។ ភាពបែកបាក់ និងមិនទុកចិត្តគ្នាបានបង្កឱ្យមានជាព្រឹត្តិការណ៍៖
• ការសម្លាប់ សុន សេន និងគ្រួសារ អស់មួយពូជនៅឆ្នាំ១៩៩៧ ដែលបង្ហាញថា គោលការណ៍នយោបាយរបស់ ប៉ុលពត គឺ «បំបាត់ឫសគល់ជនក្បត់» ដោយមិនទុកសូម្បីតែសាច់ញាតិ។
• ព្រឹត្តិការណ៍នេះ ប្រែក្លាយឱ្យប្រជាជន និងកងទ័ពជាច្រើននៅអន្លង់វែង បោះបង់ជំនឿទុកចិត្តលើប៉ុលពត ហើយពួកគេពេលនោះ បានងាកមកឈរជាមួយតាម៉ុក ឬខ្លះបានស្វែងរកច្រកចេញពីសង្គ្រាម។
• ប៉ុលពត ត្រូវបានកាត់ទោសឱ្យជាប់គុកក្នុងផ្ទះដោយតុលាការប្រជាជនខ្មែរក្រហម ហើយគាត់បានស្លាប់នៅឆ្នាំ១៩៩៨ នៅក្នុងផ្ទះដែលបានឃុំឃាំងនោះ។ សាកសពរបស់ប៉ុលពត មិនត្រូវបានបូជាតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាឡើយ និងការបូជាសព ត្រូវបានធ្វើដោយប្រើកៅស៊ូកង់ឡានដុតសាកសព។
ក្រោយស្លាប់ ប៉ុលពត កម្លាំងខ្មែរក្រហមនៅអន្លង់វែង ក៏ចូលរួមរស់ជាមួយរាជរដ្ឋាភិបាលនៅក្នុងខែមេសា ១៩៩៨ ប៉ុន្តែតាម៉ុក ពេលនោះនៅតែបន្តចចេសប្រឆាំងដោយបានភៀសខ្លួន ទៅរស់នៅក្នុងតំបន់ជួរភ្នំដងរែក ក្នុងតំបន់អន្លង់វែងជាប់ព្រំដែននឹងប្រទេសថៃ។ គេបានប៉ាន់ប្រមាណថា មានកម្លាំងខ្មែរក្រហមប្រហែលពី ៣,០០០ទៅ៥,000នាក់ នៃមនុស្សដែលស្មោះត្រង់នឹងតាម៉ុក។ ក្នុងអតីតកាលនោះ តាម៉ុក តែងពោលនូវពាក្យមួយឃ្លាថា «លើម៉ុកមានមួក ហើយលើមួកមានមេឃ» មានន័យថា គ្មានអ្នកណាអាចត្រួតត្រាពីលើតាម៉ុកបានឡើយ។
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៩៨ ការធ្វើសមាហរណកម្មដំបូង នៅតំបន់អន្លង់វែង បានប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់។ សម្តេចតេជោធ្លាប់បានមានប្រសាសន៍រំលឹក ជុំវិញការធ្វើសមាហរណកម្មលើកដំបូងនោះ៖ «ប៉ុន្ដែយ៉ាងណាក៏ដោយ ទីតាំងចុងក្រោយនោះ គឺត្រូវបានសម្តេចពិជ័យសេនាទៀបាញ់ តំណាងឱ្យខ្ញុំទៅធ្វើសមាហរណកម្ម ជាមួយនឹងថ្នាក់ដឹកនាំកងទ័ពដទៃទៀត ហើយក៏បាននាំឱ្យប្រជាជននៅអន្លង់វែង ដែលជាទីតាំងចុងក្រោយបានចូលរួមបោះឆ្នោតតាំងពីឆ្នាំ១៩៩៨ រហូតមក។ ប៉ុន្ដែទោះបីជាការធ្វើសមាហរណកម្មទីតាំងចុងក្រោយ ធ្វើឡើងនៅក្នុងខែមេសា ឆ្នាំ១៩៩៨ ក៏ដោយ តែសង្គ្រាមមិនទាន់បានបញ្ចប់នៅឡើយទេ មូលហេតុនៅត្រង់ថា មេដឹកនាំរបស់ខ្មែរក្រហម គឺមិនទាន់ចុះចូល ឬក៏មិនទាន់ចាប់ខ្លួនទាំងអស់នៅឡើយ»។
រហូតដល់ខែមីនា ឆ្នាំ១៩៩៩ តាម៉ុក ត្រូវបានចាប់ខ្លួននៅក្បែរព្រំដែនកម្ពុជា-ថៃ ហើយបានយកគាត់មកដាក់នៅក្នុងមន្ទីរឃុំឃាំងនៃតុលាការយោធា និងក្រោយមកត្រូវបានសាលាក្តីខ្មែរក្រហម នាំយកមកកាត់ទោស ពីបទសម្លាប់មនុស្សក្នុងអតីតកាលគ្រប់គ្រងប្រទេសនៃសម័យកម្ពុជាប្រជាធិបតេយ្យ។ ដោយសារវ័យចាស់ជរា និងសុខភាពក៏ទន់ខ្សោយ ជាពិសេសទទួលរងបញ្ហាជំងឺផ្លូវដង្ហើមផង តាម៉ុក បានស្លាប់នៅក្នុងដំណើរការកាត់ទោសដោយសាលាក្តីខ្មែរក្រហម ក្នុងឆ្នាំ២០០៦។
* ព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃ៦-៧ កក្កដា ១៩៩៧ និងផែនការប៉ងធ្វើឃាតសម្តេចតេជោ ឆ្នាំ១៩៩៨
ខណៈដែលរដ្ឋាភិបាលកំពុងដំណើរការផ្សះផ្សាជាតិ ស្រាប់តែមានឧបាយកលមួយបានរៀបចំដោយអតីតមេដឹកនាំហ្វ៊ុនស៊ិនប៉ិច ដែលបានព្យាយាមប្រើកម្លាំងខ្មែរក្រហម ដើម្បីការបំផ្ទុះអាវុធនាកណ្តាលរាជធានីភ្នំពេញ ដើម្បីកំចាត់សម្តេចតេជោ ក្នុងបំណងចង់គ្រប់គ្រងអំណាច ដោយអំពើហិង្សាខុសច្បាប់។ នៅពេលនោះកម្លាំងខ្មែរក្រហម ត្រូវបានគេលួចនាំចូលមកក្នុងរាជភ្នំពេញដោយសម្ងាត់ ដោយក្លែងថាជាយុទ្ធជនតស៊ូជាយដែន។ នៅថ្ងៃទី៥-៦ កក្កដា ១៩៩៧ ការប៉ះទង្គិចគ្នាអាវុធនៅកណ្តាលរាជធានីភ្នំពេញ បានក្លាយជាព្យុះនយោបាយដ៏ធំមួយ ប៉ុន្តែនៅទីចុងបំផុត ឧបាយកលនោះបានទទួលបរាជ័យ។
សម្តេចតេជោ បានថ្លែងបញ្ជាក់ក្នុងព្រឹត្តិការណ៍នោះថា៖ «យើងចង់ពន្លឿន នូវល្បឿននៃការដោះស្រាយបញ្ហាបញ្ចប់នៅទីតាំងចុងក្រោយនៅក្នុងអន្លង់វែង ។ ប៉ុន្ដែជា អកុសល នៅក្នុងផ្ទៃក្នុងរបស់រាជរដ្ឋាភិបាល នាពេលនោះបែរជាផ្ទុះអាវុធ នៅទីក្រុងភ្នំពេញ។ យើងបានចូលជ្រៅទៅក្នុងតំបន់ខ្មែរក្រហម ,បែរជាខ្មែរក្រហម ត្រូវបានគេនាំចូលមកទីក្រុងភ្នំពេញ បង្កើតឱ្យមានការវាយប្រយុទ្ធគ្នានៅទីក្រុងភ្នំពេញវិញ»។
កម្លាំងទាហានដែលស្មោះត្រង់នឹងសម្តេចតេជោ បានវាយបណ្តញក្រុមប្រយុទ្ធរបស់ហ៊្វុនស៊ិនប៉ិច និងក្រុមទាហានខ្មែរក្រហម ក្នុងពេលនោះ បណ្តាលឱ្យរត់បែកខ្ញែកគ្នាឆ្ពោះទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ។ ក្រោយមក បន្ទាប់ពីភាពអាប់អូរនយោបាយក្នុងស្រុក បានអូសបន្លាយពេលជាច្រើនខែ, ភាគីដែលមានជម្លោះទាំងអស់ ព្រមទទួលយកគម្រោងសន្តិភាពមួយរបស់ប្រទេសជប៉ុន ដែលស្នើសុំអោយបញ្ឈប់ការបាញ់គ្នា និងបញ្ជូនកងទ័ពឱ្យចូលក្នុងក្របខណ្ឌដូចដើម និងធ្វើការបោះឆ្នោតសកល។
ប៉ុន្តែក្រោយការបោះឆ្នោត ២៧ កក្កដា ១៩៩៨ រួច ជាមួយនឹងការបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានឈ្នះឆ្នោតដឹកនាំប្រទេសនោះ, អំពើ «ឡាំប៉ា» មួយបានកើតឡើង ដោយគណបក្សហ៊្វុនស៊ីនប៉ិច និង គណបក្ស សម រង្ស៊ី បានញុះញង់បង្កការធ្វើបាតុកម្មទាមទារឱ្យរាប់សន្លឹកឆ្នោតសាឡើងវិញ។ ប៉ុន្តែព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់បំផុតនាពេលនោះ គឺការប៉ុនប៉ង ធ្វើឃាតសម្តេច តេជោ ហ៊ុន សែន នៅសៀមរាប ថ្ងៃទី២៤ កញ្ញា ១៩៩៨ ដោយការបង្កប់គ្រាប់បង្កៃB-40 ចំនួន០៤គ្រាប់ ដោយបញ្ជាការផ្ទុះពីចម្ងាយ។
ដោយសារតែគុណបុណ្យមេឃធ្លាក់ភ្លៀងពេញមួយយប់និងបន្តដល់ព្រឹកថ្ងៃទី២៤កញ្ញា គ្រាប់B-40 ដែលបញ្ជាផ្ទុះពីចម្ងាយបានផ្ទុះតែមួយគ្រាប់ ដែលបានហោះកាត់មុខរថយន្តសម្តេចតេជោនៅពេលនោះ។ ពេលនោះ បើសិនជាគ្រាប់B-40 ទាំង០៤ បានផ្ទុះពេញលេញព្រមគ្នា ម្ល៉េះវាសនាប្រទេសកម្ពុជា មិនដឹងក្លាយជាយ៉ាងណាទៀតឡើយ។
ក្រោយគ្រោះថ្នាក់នយោបាយ និងមានបាតុកម្មជាច្រើនខែរួចមក ក្រោមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ នរោត្តម សីហនុ គេក៏បានបង្កើតរដ្ឋាភិបាលចម្រុះរវាងគណបក្សប្រជាជនកម្ពុជា និងហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ១៩៩៨ ដោយសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី។
* ក្រោយព្យុះភ្លៀងនយោបាយនិងសង្គ្រាម មេឃចាប់ផ្តើមស្រឡះ
ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ មេដឹកនាំខ្មែរក្រហមនៅអន្លង់វែង បានចុះចូលជាមួយរាជរដ្ឋាភិបាល។ សង្គ្រាមស៊ីវិលរយៈពេលជិត៣០ឆ្នាំ ត្រូវបានបញ្ចប់។ ប្រទេសកម្ពុជាក្រោមនយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទទួលបាននូវ៖
- សន្តិភាពដ៏ពិតប្រាកដ ប្រកបដោយស្ថិរភាព។
- ការឯកភាពទឹកដីទាំងស្រុង ដែលមិនធ្លាប់មានរយៈពេលជាង៥០០ឆ្នាំ។
- កម្លាំងអតីតខ្មែរក្រហម បានក្លាយជាកម្លាំងរបស់រដ្ឋ ជារដ្ឋបាលនិងជាពលរដ្ឋធម្មតា ក្រោមការអភិវឌ្ឍប្រទេសសាឡើងវិញដែលមានសុខសន្តិភាពពិតប្រាកដ។
យុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះ-ឈ្នះ បានបម្លែងប្រទេសកម្ពុជាដែលធ្លាក់ក្នុងភ្លើងសង្គ្រាមជិត៣០ឆ្នាំ ក្លាយជាប្រទេសមានសន្តិភាពពិតប្រាកដ និងយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះ-ឈ្នះ បានក្លាយជាគំរូនៃមេរៀន «ដំណោះស្រាយបញ្ចប់សង្គ្រាម ចារិកទុកក្នុងប្រវត្តិសាស្ត្រ» សម្រាប់ខ្មែរជំនាន់ក្រោយត្រូវចងចាំ ដោយមិនអនុញ្ញាតឱ្យកម្ពុជារអិលធ្លាក់ទៅរកសង្គ្រាមស៊ីវិលម្ដងទៀតឡើយ។
* គំរូរបស់កម្ពុជា ប្រៀបធៀបជាមួយប្រទេសដទៃ
ប្រទេសផ្សេងៗខ្លះ ក៏ធ្លាប់មានគំរូបញ្ចប់សង្គ្រាម និងផ្សះផ្សាជាតិផងដែរ ប៉ុន្តែមានចំណុចខុសគ្នាពីប្រទេសកម្ពុជា ឧទាហរណ៍ដូចជានៅ៖
- អាហ្រ្វិកខាងត្បូង ការបញ្ចប់សង្គ្រាម បានកើតឡើង បន្ទាប់ពីរបបអាប៉ាថេត (Apartheid) ប្រើ «គណៈកម្មការពិត និងផ្សះផ្សា (TRC)» ដើម្បីផ្លាស់ប្តូរសារភាព និង ការប្រាប់ការពិតដើម្បីការលើកលែងទោស។ គោលដៅសំខាន់ គឺយុត្តិធម៌ផ្នែកសីលធម៌ និងសិទ្ធិមនុស្ស។
- ប្រទេសកូឡុំប៊ី ក្រោយកិច្ចព្រមព្រៀងជាមួយក្រុម FARC បានអនុញ្ញាតឱ្យក្រុមឧទ្ទាមដាក់អាវុធចុះ ហើយបង្កើតគណបក្សនយោបាយថ្មី ដោយបញ្ចូលក្នុងប្រព័ន្ធប្រជាធិបតេយ្យ។
- នៅប្រទេសម៉ូសំប៊ិក ដើម្បីបញ្ចប់សង្គ្រាម ក៏បានធ្វើសមាហរណកម្មអតីតក្រុមឧទ្ទាម RENAMO ចូលក្នុងស្ថាប័នយោធារដ្ឋ និងស្ថាប័ននយោបាយ។
ប៉ុន្តែករណីកម្ពុជា មានលក្ខណៈពិសេសពីព្រោះ៖
- គន្លឹះជោគជ័យគឺ ការធានាជីវិត-អាជីព-ទ្រព្យសម្បត្តិ ចំពោះឱ្យអតីតសត្រូវ និងការអនុញ្ញាតឱ្យពួកគេចូលរួមជាមួយកិច្ចការទូទៅរបស់រដ្ឋ។
- ម្យ៉ាងទៀត គំរូ «DIFID» ត្រូវបានបង្កើតឡើងដោយខ្លួនឯង មិនមែនក្រុមអ្នកវិទ្យាសាស្ត្រក្រៅប្រទេស ឬគម្រោងស្តង់ដារនយោបាយរបស់អន្តរជាតិឡើយ។
- ការអភិវឌ្ឍតំបន់អតីតសមរភូមិ (ប៉ៃលិន, អន្លង់វែង…) ទៅជាតំបន់សន្តិភាព និងទេសចរណ៍ គឺជាផ្នែកអក្សរ «D – Develop» ដែលជារូបភាពមើលឃើញច្បាស់ ដោយផ្ទាល់នឹងភ្នែក។
ដោយហេតុនេះ អាចនិយាយថា DIFID គឺជា «គំរូរបស់កម្ពុជា» ដែលបង្ហាញថា ប្រទេសតូចមួយអាចបញ្ចប់សង្គ្រាមបង្ហូរឈាមជិត៣០ឆ្នាំ ដោយយុទ្ធសាស្ត្រផ្សះផ្សា បំបែកអំណាចក្រុមក្បាលរឹង និងបញ្ចូលសត្រូវចាស់ទៅជាមិត្តថ្មី ក្នុងគោលបំណងសន្តិភាព និងអភិវឌ្ឍន៍។
* មេរៀនសម្រាប់កូនខ្មែរជំនាន់ក្រោយ៖
សង្គ្រាមជិត៣០ឆ្នាំ បានបង្ហូរឈាម និងបំផ្លាញទ្រព្យសម្បត្តិរបស់ជាតិខ្មែរយ៉ាងធំធេង។ ការបញ្ចប់សង្គ្រាម ក្រោមយុទ្ធសាស្ត្រ DIFID រយៈពេល១,០៥២យប់-១,០៥២ថ្ងៃ គឺមិនត្រឹមជាកំណត់ត្រាប្រវត្តិសាស្ត្រ ប៉ុណ្ណោះទេប៉ុន្តែ៖
- ជាការអំពាវនាវឱ្យកូនខ្មែរជំនាន់ក្រោយ មិនត្រូវអនុញ្ញាតឱ្យមានការចាប់អាវុធប្រឆាំងដាក់គ្នារវាងខ្មែរនិងខ្មែរម្តងទៀតឡើយ។
- ជាការរំឭក ថាសន្តិភាពបច្ចុប្បន្នេះ គឺបានមកពីការលះបង់ទាំងជីវិត កងទ័ព និងគូប្រជែងនយោបាយជាច្រើន។
- ហើយអ្វីជាចុងក្រោយបង្អស់ គឺយើងជាខ្មែរ ត្រូវរួមគ្នាការពារសន្តិភាព និងទឹកដីរបស់យើងនេះ ដែលជាកាតព្វកិច្ចរួមរបស់យើងទាំងអស់គ្នាដោយមិនត្រូវជឿលង់ និងចាញ់ បោកឧបាយកលខ្មៅងងឹតណាទៀតឡើយ៕



















