JCI Cambodia លើកកម្ពស់ស្មារតីសន្តិភាព តាមរយៈវេទិកាទិវាសន្តិភាពកម្ពុជា ឆ្នាំ២០២៥
29-12-2025 11:56
(ភ្នំពេញ)៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានរៀបចំវេទិកាទិវាសន្តិភាពកម្ពុជា ឆ្នាំ២០២៥ (2025 Cambodia Peace Day Forum) ក្រោមប្រធានបទ «តើនរណាត្រូវតែការពារសន្តិភាព មុនសង្គ្រាមកើតឡើង? ដោយរបៀបណា?» ចាប់ពីម៉ោង ៧:៣០ នាទីព្រឹក ដល់ម៉ោង ១២:០០ នាទីថ្ងៃត្រង់ នៅអគារ ខននិចសិន កោះពេជ្រ (Connexion Koh Pich) ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសជាច្រើនរូប។
ការរៀបចំវេទិកាទិវាសន្តិភាពកម្ពុជា ឆ្នាំ២០២៥ នេះ មិនត្រឹមតែជាការអបអរសាទរទិវាសន្តិភាពនៅកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបន្ត និងពង្រឹងនូវ «ការរួបរួមជាតិ» ដែលប្រជាជនកម្ពុជា បានកសាងឡើងអស់រយៈពេលយូរមកហើយ។ តាមរយៈកម្មវិធីនេះ JCI Cambodia សង្ឃឹមថា នឹងអាចលើកកម្ពស់ភាពរួបរួមសាមគ្គីគ្នា ពង្រឹងស្មារតីខ្មែរតែមួយ និងលើកទឹកចិត្តដល់អ្នកដឹកនាំវ័យក្មេងជំនាន់ក្រោយ ឲ្យបន្តចូលរួមបង្កើតផលវិជ្ជមានសម្រាប់សង្គមជាតិដែលមានសន្តិភាព។
សន្តិភាពរបស់កម្ពុជា មិនមែនគ្រាន់តែជាពាក្យស្លោកនោះទេ ប៉ុន្តែជាទស្សនវិជ្ជាដែលកើតចេញពីការអនុវត្តជាក់ស្តែង ដែលត្រូវបានបង្កើតឡើងដោយប្រវត្តិសាស្ត្រ ការលះបង់ និងការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់របស់ជាតិ។ ដោយទទួលស្គាល់នូវតម្លៃដ៏មានអត្ថន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជាផ្លូវការថាជា «ទិវាសន្តិភាព» ដើម្បីប្រែក្លាយសន្តិភាពឱ្យទៅជាស្ថាប័ន មិនត្រឹមតែសម្រាប់ការចងចាំប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលខុសត្រូវជាតិជាបន្តបន្ទាប់។
ខណៈដែលកម្ពុជាកំពុងឆ្លុះបញ្ចាំងពីសន្តិភាព មិនត្រឹមតែជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមគ្នារបស់ពលរដ្ឋកម្ពុជា វេទិកាសន្តិភាពនេះ ត្រូវបានរៀបចំឡើងដោយ JCI Cambodia និងទទួលបានការគាំទ្រពីមូលនិធិ The Many Foundation។ វេទិកានេះ បានបង្កើតវេទិកាឲ្យមានការជួបជុំ និងផ្លាស់ប្តូរទស្សនៈរវាងសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល ថ្នាក់ដឹកនាំធុរកិច្ច វិស័យឯកជន អ្នកផលិតមាតិកា អ្នកសិក្សា តំណាងសហគមន៍ និងបងប្អូនរួមជាតិទាំងអស់ ដើម្បីពិភាក្សាអំពីការរក្សាសន្តិភាពប្រកបដោយចីរភាព សម្រាប់កម្ពុជា និងពិភពលោក៕


















