អាជ្ញាធរខេត្តកំពង់ចាម ផ្ដល់សម្ភារសិក្សា ឲ្យសិស្សានុសិស្សភៀសសឹក ជាង២ពាន់នាក់បានចូលរៀនសូត្រអំឡុងពេលមានបញ្ហាព្រំដែន

29-12-2025 14:37

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា អាជ្ញាធរខេត្តបានចែកសម្ភារៈសិក្សា និងរៀបចំឲ្យសិស្សានុសិស្សភៀសសឹកជាង២,០០០នាក់ បានចូលរៀនវិញ ខណៈពេលដែលនៅបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មានបញ្ហា។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ក្នុងឱកាសជួបសំណេះសំណាល និងផ្ដល់សម្ភារសិក្សា ដល់សិស្សានុសិស្សភៀសសឹក ជាង៣០០នាក់ នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ។

លោកអភិបាលខេត្ត បានយកឱកាសនោះនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះសិស្សានុសិស្ស និងអាណាព្យាបាលដែលបានភៀសសឹកពីតំបន់ដែលមានបញ្ហា ហើយបានមកដល់ទឹកដីក្នុងខេត្តកំពង់ចាមនេះ។ លោកបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរអំពីបញ្ហាសុខទុក្ខ ក៏ដូចជាបានដោះស្រាយនូវបញ្ហាជូនបងប្អូន គ្រួសារភៀសសឹក។

លោក អ៊ុន ចាន់ដា បានឲ្យដឹងថា ក្នុងការមកស្នាក់អាស្រ័យបណ្ដោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋយើង ក្នុងខេត្តកំពង់ចាមមួយរយៈនេះ ឃើញថា ទាំងស្បៀង បញ្ហាសុខភាព និងបញ្ហាស្នាក់អាស្រ័យ មានសុខសុវត្ថិភាពល្អ និងភាពកក់ក្តៅ ក្រុមការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋាន។

បើតាមលោកអភិបាលខេត្ត, ក្នុងខេត្តកំពង់ចាម មានប្រជាពលរដ្ឋគ្រួសារភៀសសឹក សរុបជាង៧,០០០នាក់ និងសិស្សានុសិស្សភៀសសឹកកំពុងសិក្សា ជាង២,០០០នាក់ ដែលអាជ្ញាធរខេត្តសម្រុកផ្ដល់សម្ភារៈ និងស្បៀងអាហារបញ្ចប់នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៥នេះ៕