ព្រះចៅអធិការវត្តប្រាសាទគោកចក និងអាជ្ញាធរ ដឹកនាំជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងវត្តដាំបន្លែ ដើម្បីផ្គត់ផ្គង់ និងសម្រួលជីវភាពបណ្ដោះអាសន្ន
29-12-2025 15:30
(សៀមរាប)៖ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ចៅអធិការវត្តប្រាសាទគោកចក ក្នុងក្រុងសៀមរាប និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំបងប្អូនជនភៀសសឹកដែលកំពុងតែស្នាក់នៅក្នុងវត្ត ជួយគ្នាដាំដំណាំបន្លែដើម្បីជាស្បៀងអាហារ និងផ្គត់ផ្គង់ដល់ការហូបចុក និងសម្រួលជីវភាពប្រចាំថ្ងៃ ក្នុងពេលដែលពួកគាត់រស់នៅបណ្ដោះអាសន្នក្នុងវត្ត។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន បានមានថេរដីកាថា កិច្ចការនេះបង្ហាញពីសាមគ្គីភាព និងការចែករំលែកធនធានក្នុងបរិបទមនុស្សធម៌ ជួយដោះស្រាយបញ្ហាជីវភាពជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងគ្រាលំបាកហើយក៏ជាការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតាមការផ្ដួចផ្ដើម និងបំផុសចលនារបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែជំរុញឱ្យមានការដាំដុះបន្លែតាមផ្ទះ សាលារៀន វត្តអារាម និងសហគមន៍ ដើម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋភៀសសឹក ដែលរងការវាយប្រហារដោយអាវុធនៅតាមព្រំដែនកម្ពុជា-ថៃ។
ព្រះគ្រូចៅអធិការវត្ត បានថេរដីកាបន្ដថា ចលនានេះ គឺដើម្បីបង្កើនភាពម្ចាស់ការ កាត់បន្ថយការចំណាយ និងពឹងផ្អែកលើទីផ្សារខាងក្រៅ, ធានាសន្តិសុខស្បៀង បង្កើនបរិមាណបន្លែសុវត្ថិភាព សម្រាប់ប្រើប្រាស់ក្នុងសហគមន៍ ជាពិសេស ការលើកកម្ពស់សុខុមាលភាព តាមរយៈទទួលបានបន្លែស្រស់ៗ និងមានជីវជាតិសម្រាប់ការហូបចុក របស់ប្រជាពលរដ្ឋភៀសសឹកនៅក្នុងតំបន់។
ព្រះអង្គមានថេរដីកាឱ្យដឹងថា នៅក្នុងរយៈពេលជាង២០ថ្ងៃ មានបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹក កំពុងស្នាក់នៅក្នុងវត្តប្រាសាទគោកចក មានចំនួន ២២០គ្រួសារ ដែលមកពីខេត្តឧត្តរមានជ័យ ព្រះវិហារ និងបន្ទាយមានជ័យ ហើយព្រះអង្គបានផ្ដល់ការឧបត្ថម្ភជាស្បៀងអាហារ ទឹកស្អាត និងការថែទាំ ជួយឱ្យពួកគាត់មានជីវភាពល្អប្រសើរ។
ដោយឡែក សម្រាប់កុមារថ្នាក់ទី១ ដល់ទី៦ ក៏មានគ្រូមកបង្រៀនផ្ទាល់ក្នុងវត្ត រីឯសិស្សថ្នាក់ទី៧ ដល់ទី១២ ត្រូវបានបញ្ជូនទៅរៀននៅវិទ្យាល័យ ហ៊ុន សែន សៀមរាប ដើម្បីកុំឱ្យខកខានការសិក្សាផងដែរ៕
































