តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ លោក សេរី កុសល នាំយកអំណោយចែកជូនដល់បងប្អូនជនពិការនៃមជ្ឈមណ្ឌលការ៉េពីរ និងជនភៀសសឹកសរុបជិត ៤០០គ្រួសារ
29-12-2025 15:43
(បន្ទាយមានជ័យ)៖ តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ លោក សេរី កុសល នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយជាសម្ភារៈប្រើប្រាស់ ថវិកា និងស្បៀងអាហារមួយចំនួន ទៅចែកជូនបងប្អូនជនពិការ និងជនភៀសសឹក ដែលកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលការ៉េពីរ។
លោកបញ្ជាក់ថា មជ្ឈមណ្ឌលការ៉េពីរ ដែលជាកន្លែងរបស់បងប្អូនជនពិការ ដោយសារសង្គ្រាមរស់នៅចំនួនប្រមាណជាង ២៩០គ្រួសារ ដែលនៅទីនោះក៏មានបងប្អូនជនភៀសសឹកចំនួន ៧៣គ្រួសារផងដែរ។
លោកបានពន្យល់ជូនបងប្អូនជនពិការ ដែលកន្លងមកបានធ្វើពលីកម្មជូនជាតិមាតុភូមិ រហូតដល់ធ្លាក់ខ្លួនពិការ ដោយពន្យល់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអំពាវនាវឱ្យបងប្អូនជឿជាក់លើការដោះស្រាយរបស់រាជរដ្ឋាភិបាល ជុំវិញបញ្ហាព្រំដែននេះ។
លោកបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋផងដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានខ្វល់ខ្វាយណាស់ គិតគូរណាស់ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងទុក្ខលំបាកដោយសារសង្គ្រាម។ រាជរដ្ឋាភិបាលជ្រើសរើសមធ្យោបាយដោះស្រាយ ដែលផ្អែកលើច្បាប់ ប្រកបដោយសន្តិវិធី ទើបអាចបញ្ចប់សង្រ្គាមបាន ព្រមទាំងអាចបញ្ចៀសបាន នូវការបាត់បង់អាយុជីវិត, ការឈឺចាប់, និង ការរងទុក្ខសោក របស់បងប្អូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកក៏បានផ្តល់អំណោយដល់កងទ័ពជួរមុខផងដែរ ដែលសម្ភារៈប្រើប្រាស់ និងស្បៀងអាហារមួយចំនួន រួមទាំងម៉ាសសម្រាប់ការពារផ្សែងពុលផងដែរ។
ដោយឡែកសម្រាប់ជនពិការ និងគ្រួសារភៀសសឹក ទទួលបានអំណោយរួមមានអង្ករម្នាក់ៗចំនួន ១០គីឡូក្រាម ស្បៀងអាហារ ទឹកត្រី ទឹកស៊ីអ៉ីវ សម្ភារៈប្រើប្រាស់ ដែលអំណោយទាំងនោះទទួលបានពីសប្បុរសជន ក្រុមការងារ និងអំណោយផ្ទាល់របស់លោកសេរី កុសល តែម្តង។ បន្ថែមពីនេះ លោកក៏បានផ្តល់នូវថវិកាចំនួន ២ពាន់ដុល្លារ ជូនដល់ជនពិការនៃជ្ឈមណ្ឌលការ៉េពីរផងដែរ។
ក្នុងឱកាសនោះ តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ លោក សេរី កុសល ក៏បានថ្លែងអំណរគុណ ដល់លោក វង សូត អនុប្រធានទី២ រដ្ឋសភា និងលោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា និងសហការីដែលបានពាំនាំនូវអំណោយមកចែកជូនដល់បងប្អូនជនភៀសសឹក នៅក្នុងភូមិសាស្ត្រស្រុកភ្នំស្រុក និងក៏សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានផ្តល់ជំនួយនានា ដើម្បីដោះស្រាយបញ្ហាលំបាករបស់បងប្អូនជនភៀសសឹក។
ជាមួយគ្នានេះ នៅថ្ងៃដដែលនេះ លោក សេរី កុសល ក៏បានធ្វើដំណើរតាមក្រវាត់ព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ នៅតាមភូមិជោគជ័យ ភូមិព្រៃចាន់ អូបីជាន់ ថ្មពួក គោករមៀត ដើម្បីពិនិត្យមើលសភាពការណ៍តាមព្រំដែន បន្ទាប់ពីអនុវត្តបទឈប់បាញ់កាលពីម៉ោង១២រសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ៕




























