រដ្ឋមន្ត្រី នេត្រ ភក្ត្រា ទទួលភេសជ្ជៈចំនួន ១ ០០០កេស សម្រាប់បន្តចែកជូនពលរដ្ឋភៀសសឹក មកស្នាក់នៅក្នុងខេត្តក្រចេះ

29-12-2025 16:27

(ភ្នំពេញ)៖ អំណោយជាភេសជ្ជៈចំនួន ១ ០០០កេស ត្រូវលោកស្រីអ្នកឧកញ៉ា សុខ សុភាព អគ្គនាយិកាក្រុមហ៊ុន ឆេមពាន គ្រុប ឯ.ក បាននាំយកមកប្រគល់ជូនដល់លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នាទីស្តីការក្រសួង ដើម្បីនាំយកបន្តទៅចែកជូនដល់ក្រុមគ្រួសារជនភៀសសឹកពីតាមបណ្តោយព្រំដែន មកស្នាក់នៅក្នុងខេត្តក្រចេះ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកស្រីអ្នកឧកញ៉ា សុខ សុភាព ដែលបានផ្តល់ជំនួយជាភេសជ្ជៈ តាមរយៈក្រសួងព័ត៌មាន និងបានបញ្ជាក់បន្ថែមថា ទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ បានបង្ហាញពីមនោសញ្ចេតនា សេចក្ដីរាប់អាន និងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងកាត់បន្ថយទុក្ខលំបាករបស់ប្រជាពលរដ្ឋភៀសសឹក។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ក៏បានជូនពរ ក្រុមហ៊ុន ឆេមពាន គ្រុប ឱ្យមានការរីកចម្រើន និងទទួលបានជោគជ័យបន្ថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាឈានឆ្ពោះទៅមុខ និងប្រកបដោយសុខសន្តិភាព។

លោកស្រីអ្នកឧកញ៉ា សុខ សុភាព បានជម្រាបជូនថា ការផ្តល់នូវភេសជ្ជៈនាឱកាសនេះ ក្នុងន័យ ខ្មែរ ជួយ ខ្មែរ! បេះដូងមួយ ដើម្បីទាំងអស់គ្នា!

លោកស្រីអគ្គនាយិកា បានបញ្ជាក់ពីជំហរក្នុងការបន្តចូលរួមគាំទ្រ និងឧបត្តម្ភដល់សកម្មភាពការងារមនុស្សធម៌របស់ក្រសួងព័ត៌មាន តាមរយៈការផ្តល់អំណោយជួយ និងប្រជាពលរដ្ឋកំពុងស្នាក់នៅក្នុងជំរំភៀសសឹកយ៉ាងច្រើន។ ក្រុមហ៊ុនមានមោទនភាពដែលបានចូលរួមចំណែកជាមួយក្រសួងព័ត៌មាន ដើម្បីឆ្ពោះទៅរកគោលបំណងរួមក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងសង្គមជាតិបន្តទៅមុខទៀត៕