នាយកប្រតិបត្តិមូលនិធិម៉ានី៖ ការការពារសន្តិភាព មិនមែនជាកាតព្វកិច្ចរបស់រដ្ឋតែមួយទេ ប៉ុន្តែជាទំនួលខុសត្រូវសមូហភាពរបស់សង្គមទាំងមូល

29-12-2025 16:40

(ភ្នំពេញ)៖ លោក លី ឧត្តម នាយកប្រតិបត្តិ មូលនិធិម៉ានី លើកឡើងថា សន្តិភាពពិតប្រាកដ មិនអាចកើតចេញពីឯកសារ ឬសេចក្តីប្រកាសតែប៉ុណ្ណោះទេ ប៉ុន្តែកើតចេញពីការចូលរួមទទួលខុសត្រូវរួមគ្នារបស់រដ្ឋ ស្ថាប័នឯកជន និងប្រជាពលរដ្ឋគ្រប់រូប ក្នុងការកសាង និងថែរក្សាសន្តិភាពជាតិឲ្យបានយូរអង្វែង។

ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសដែល សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) បានរៀបចំវេទិកាទិវាសន្តិភាពកម្ពុជា ឆ្នាំ២០២៥ (2025 Cambodia Peace Day Forum) ក្រោមប្រធានបទ «តើនរណាត្រូវតែការពារសន្តិភាព មុនសង្គ្រាមកើតឡើង? ដោយរបៀបណា?» កោះពេជ្រ ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសជាច្រើនរូប នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។

លោកបានបញ្ជាក់ថា វេទិកានេះ បានបង្កើតឲ្យមានការជួបជុំ និងផ្លាស់ប្តូរទស្សនៈគ្នា ដើម្បីពិភាក្សាអំពីការរក្សាសន្តិភាពប្រកបដោយចីរភាព សម្រាប់កម្ពុជា និងពិភពលោក។ លោកថា ការគិតគូរ និងរៀបចំវេទិកានេះ មិនមែនធ្វើឡើងដើម្បីបង្កើតរូបភាព ឬប្រជាប្រិយភាពលើបណ្ដាញសង្គមនោះទេ ប៉ុន្តែជាការឆ្លើយតបក្នុងស្ថានភាពអាសន្ន ដើម្បីទប់ស្កាត់ចលនាជ្រុលនិយម និងហានិភ័យដែលអាចបំផ្លាញសង្គម។

លោក លី ឧត្តម បានសង្កត់ធ្ងន់ថា សង្គមត្រូវកែប្រែផ្នត់គំនិត ដែលយល់ថា ការរក្សាសន្តិភាព គឺជាកាតព្វកិច្ចរបស់រដ្ឋ ឬកម្លាំងយោធាតែមួយ។ លោកថា សន្តិភាព មិនអាចកើតចេញពីញត្តិ ឬលិខិតជូរផ្អូមពីរបីសន្លឹកបានឡើយ ហើយការការពារ ឬបំផ្លាញសន្តិភាព គឺជាទំនួលខុសត្រូវសមូហភាព របស់មនុស្សគ្រប់រូបក្នុងសង្គម។

នាយកប្រតិបត្តិ មូលនិធិម៉ានី រូបនេះ បានលើកយកបទពិសោធន៍ពីប្រទេសដែលធ្លាប់ជាអ្នកឈ្លានពាន ដើម្បីបញ្ជាក់ថា សន្តិភាពពិតប្រាកដ កើតចេញពីចំណុចសំខាន់ៗរួមមាន៖

១៖ ពីគ្រួសារ ដែលបង្រៀនកូនឲ្យជ្រើសរើសភាពថ្លៃថ្នូរ ជំនួសឲ្យការស្អប់គំនុំ
២៖ ពីសាលារៀន ដែលលើកកម្ពស់ការត្រិះរិះពិចារណា ជំនួសឲ្យជ្រុលនិយម
៣៖ ពីវិស័យអាជីវកម្ម ដែលជ្រើសរើសក្រមសីលធម៌ ជំនួសឲ្យការកេងប្រវ័ញ្ច
៤៖ ពីសារព័ត៌មាន ដែលផ្សព្វផ្សាយការពិត ជំនួសឲ្យការញុះញង់
៥៖ ពីសាសនា ដែលជ្រើសរើសករុណាទិគុណ ជំនួសឲ្យការបំបែកបំបាក់។

លោកបន្ថែមថា សន្តិភាពក៏កើតចេញពីយុវជនជំនាន់ក្រោយ ដែលជ្រើសរើសការសន្ទនា ជំនួសឲ្យភាពស្ងប់ស្ងាត់ និងជាពិសេសពីថ្នាក់ដឹកនាំ ដែលជ្រើសរើសទំនួលខុសត្រូវខ្ពស់ ជំនួសឲ្យប្រជាប្រិយភាពរយៈពេលខ្លី។

ក្នុងនាមមូលនិធិម៉ានី លោក លី ឧត្តម បានបង្ហាញការចូលរួមយ៉ាងអស់ពីដួងចិត្ត ជាមួយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) មិនត្រឹមតែក្នុងកម្រិតវេទិកាប៉ុណ្ណោះទេ ប៉ុន្តែឆ្ពោះទៅកាន់ការអនុវត្តជាក់ស្តែង តាមរយៈការវិនិយោគលើការអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់យុវជន ការពារជនងាយរងគ្រោះ និងការគាំពារសន្តិភាពជាអាទិភាព៕