«វេទិកាទិវាសន្តិភាពកម្ពុជា ឆ្នាំ២០២៥» លើកកម្ពស់ស្មារតីសន្តិភាព និងសាមគ្គីភាពសង្គម

29-12-2025 16:59

(ភ្នំពេញ)៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានរៀបចំ «វេទិកាទិវាសន្តិភាពកម្ពុជា ឆ្នាំ២០២៥» ក្រោមប្រធានបទ «តើនរណាត្រូវតែការពារសន្តិភាព មុនសង្គ្រាមកើតឡើង? ដោយរបៀបណា?» ដោយមានការចូលរួមពីវាគ្មិនកិត្តិយសជាច្រើនរូប ដើម្បីចែករំលែកទស្សនៈ និងដំណោះស្រាយជាក់ស្តែង ក្នុងការកសាង និងថែរក្សាសន្តិភាពនៅកម្ពុជា។

វេទិកានេះបានប្រព្រឹត្តទៅចាប់ពីម៉ោង ៧៖៣០ នាទីព្រឹក ដល់ម៉ោង ១២៖០០ថ្ងៃត្រង់ នៅអគារ ខននិចសិន កោះពេជ្រ (Connexion Koh Pich) ដោយផ្តោតលើការលើកកម្ពស់ការយល់ដឹងថា សន្តិភាពមិនមែនជាកាតព្វកិច្ចរបស់រដ្ឋ ឬកម្លាំងយោធាតែមួយទេ ប៉ុន្តែជាទំនួលខុសត្រូវរួមរបស់សង្គមទាំងមូល។

ក្នុងវេទិកានេះ ព្រះបាលិកោសល បណ្ឌិត សែម ឈុនលី នាយករងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត មានសង្ឃដីការថា សន្តិភាពក្នុងទ្រឹស្តីពុទ្ធសាសនា មានន័យ ២យ៉ាង គឺសន្តិភាពតាមអត្ថន័យទូទៅ និងសន្តិភាពក្នុងចិត្ត ដែលសំដៅលើការគ្រប់គ្រងផ្លូវចិត្ត។ ព្រះអង្គមានសង្ឃដីការបញ្ជាក់ថា កាលណាចិត្តមានសន្តិភាព នោះមនុស្សនឹងចៀសឆ្ងាយពីអំពើអាក្រក់ ដូចជា ការច្រណែន ឈ្នានីស កំហឹង ភាពលោភលន់ និងការវង្វេង ហើយមិនអាចប្រព្រឹត្តអំពើ ឬប្រើកាយវាចារចិត្តដែលពោរពេញដោយកំហឹង និងអំពើហិង្សាបានឡើយ។

ជាមួយគ្នានេះ លោក ហេង សុខវិសាល បានលើកឡើងថា អ្វីដែលគួរធ្វើមុនគេសម្រាប់ខ្លួនលោក ក្នុងនាមជាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម (Influencer) គឺការអប់រំ និងគ្រប់គ្រងចិត្តរបស់ខ្លួនឯង។ លោកបានបញ្ជាក់ថា កាលណាចិត្តមានភាពម៉ួម៉ៅ ឬអវិជ្ជមាន វាអាចជះឥទ្ធិពលទៅកាន់មនុស្សជុំវិញខ្លួន និងសង្គមទាំងមូល។ ដូច្នេះ មនុស្សគ្រប់រូបគួរអភិវឌ្ឍខ្លួនឯង និងគ្រប់គ្រងអារម្មណ៍ឲ្យបានល្អ ដើម្បីផ្សព្វផ្សាយឥទ្ធិពលល្អ និងទម្លាប់ល្អ ទៅកាន់សង្គម និងបណ្ដាញសង្គម។

ដោយឡែក កញ្ញា នាក់ សុគន្ធា ប្រធានប្រតិបត្តិ សមាគមចលនាកុមារ និងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារ បានលើកឡើងថា ក្នុងស្ថានភាពបច្ចុប្បន្ន កុមារគឺជាក្រុមដែលរងផលប៉ះពាល់ខ្លាំងជាងគេ ជាពិសេសកុមារ និងក្មេងៗនៅតាមបណ្ដោយព្រំដែន។ កញ្ញាបានបញ្ជាក់ថា សមាគមរបស់កញ្ញាផ្តោតលើការឆ្លើយតបបន្ទាន់ចំពោះតម្រូវការរបស់កុមារ ការរៀបចំទីកន្លែងសុវត្ថិភាពសម្រាប់កុមារ ដើម្បីបង្ហាញអារម្មណ៍ និងថែរក្សាសុខភាពផ្លូវចិត្ត ព្រមទាំងជួយឲ្យកុមារភៀសសឹក ទទួលបានការអប់រំ និងសកម្មភាពកម្សាន្តក្នុងកម្រិតដែលអាចធ្វើទៅបាន។

កញ្ញាបានសង្កត់ធ្ងន់ថា អង្គការរបស់កញ្ញា មិនមានតួនាទីជំនួសរាជរដ្ឋាភិបាលនោះទេ ប៉ុន្តែជាការចូលរួមសម្របសម្រួល និងបន្ថែមកម្លាំង ដើម្បីជួយគាំពារកុមារ និងអនាគតរបស់កម្ពុជា ក្នុងបរិបទសន្តិភាពយូរអង្វែង៕