Fresh Exclusive: កម្ពុជា ជាជាតិដែលប្រាថ្នាចង់បានសន្តិភាព ប៉ុន្តែមិនទន់ខ្សោយចំពោះសត្រូវឡើយ (Video inside)
29-12-2025 17:04
(ភ្នំពេញ)៖ នៅពេលសំឡេងគ្រាប់បែក និងអាវុធធុនធ្ងន់ បំបែកភាពស្ងប់ស្ងាត់តាមបណ្តោយព្រំដែន វាងាយណាស់សម្រាប់អារម្មណ៍មនុស្សមួយចំនួន ដែលស្ទើរតែចង់ជឿថា មានតែការប្រើ «កម្លាំង» តែប៉ុណ្ណោះ ទើបអាចនាំទៅរក «ជ័យជម្នះ» បាន។
ប៉ុន្តែសង្គ្រាមក្នុងសម័យទំនើបនេះ គេមិនវាស់ជ័យជម្នះ តាមចំនួនគ្រាប់កាំភ្លើងទេ។ គេវាស់តាមសមត្ថភាពរបស់រដ្ឋ ក្នុងការការពារជាតិ ដោយមិនបំផ្លាញអនាគតរបស់ប្រជាជនខ្លួនឯង។ ក្នុងលក្ខខណ្ឌដ៏លំបាកនេះ កម្ពុជា បានធ្វើជម្រើសមួយដែលមើលទៅស្ងប់ស្ងាត់ ប៉ុន្តែមានទម្ងន់យុទ្ធសាស្ត្រខ្លាំងនោះគឺការជ្រើសរើស «ការឈប់បាញ់ដើម្បីសន្តិភាព» ប៉ុន្តែមិនបោះបង់នូវ «សិទ្ធិស្វ័យការពារ» និង «បូរណភាពទឹកដី» របស់ខ្លួនឡើយ។
សេចក្តីថ្លែងការណ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្រោយការអនុវត្តបទ «ឈប់បាញ់ភ្លាមនៅនឹងកន្លែង» ចាប់ពីម៉ោង១២ថ្ងៃត្រង់ ទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់នូវគោលការណ៍ស្នូលមួយដ៏ច្បាស់លាស់ថា កម្ពុជាប្រាថ្នាសន្តិភាពនិងការអភិវឌ្ឍ ប៉ុន្តែសន្តិភាពរបស់កម្ពុជា មិនមែនជាសន្តិភាពដែលកើតចេញពីការចុះចាញ់ ឬការដោះដូរទឹកដីឡើយ។ ផ្ទុយទៅវិញ វាជាសន្តិភាព ដែលកសាងលើច្បាប់អន្តរជាតិ មនុស្សធម៌និងយុទ្ធសាស្ត្រយូរអង្វែង ដើម្បីការពារជីវិតប្រជាជន និងរក្សាភាពសុចរិត នៃអធិបតេយ្យភាពជាតិ។
* សន្តិភាព គឺជាគោលដៅពិតរបស់កម្ពុជា
នៅក្នុងសារចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់នូវសេចក្តីពិតមួយជាមូលដ្ឋានជាក់លាក់ «កម្ពុជា គឺជាជាតិដែលឆ្លងកាត់យ៉ាងឆ្អែតឆ្អន់នូវភ្នក់ភ្លើងសង្គ្រាមរាប់រយឆ្នាំ»…ហើយ «ស្គាល់តម្លៃដ៏ពិតប្រាកដនៃសន្តិភាព»។
ចំណុចនេះមានអត្ថន័យសំខាន់ពីរប្រការ៖
ទី១៖ កម្ពុជាមិនចូលចិត្តសង្គ្រាម ដោយសារតែខ្លាចសង្គ្រាមទេ ប៉ុន្តែដោយសារបទពិសោធន៍ប្រវត្តិសាស្ត្របង្រៀនថា សង្គ្រាម គឺជាផ្លូវកាត់មួយឆ្ពោះទៅរកការបាត់បង់ប្រជាជន ការអភិវឌ្ឍជាប់គាំង និងរងរបួសផ្លូវចិត្តដ៏ធ្ងន់ធ្ងរ។
ទី២៖ កម្ពុជាចាត់ទុក «សន្តិភាព និងការអភិវឌ្ឍ» ជាឧត្តមគតិជាតិ ដែលមិនអាចបោះបង់ដោយអារម្មណ៍រយៈពេលខ្លីបានឡើយ។
ហេតុនេះហើយ បានជាសាររបស់សម្តេចបវរធិបតីនេះ បានសរសេរបង្ហាញថា កម្ពុជាគាំទ្រ «សណ្តាប់ធ្នាប់តំបន់ និងសកល ដោយផ្អែកលើច្បាប់អន្តរជាតិ… ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន»។ សន្តិភាព នៅក្នុងបរិបទនេះ មិនមែនជាពាក្យស្លោកទេ វាជាយុទ្ធសាស្ត្រដ៏ពិតប្រាកដ ដែលមានគោលបំណងបំបាត់សង្គ្រាមចេញពីសមីការអនាគតរបស់ប្រទេសក្នុងអាស៊ីអាគ្នេយ៍នេះ។
* ការឈប់បាញ់» មិនមែនការចុះចាញ់ទេ ប៉ុន្តែដើម្បីកត្តាសន្តិភាព
ចំណុចដែលសាររបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់បំផុត គឺការបដិសេធនូវការបកស្រាយខុសពីការពិត ដែលនិយាយថាកម្ពុជាចុះចាញ់។ សាររបស់សម្តេចបវរធិបតីបានសង្កត់អត្ថន័យដោយត្រង់ៗថា៖
- «ការជ្រើសរើសយកការអនុវត្តបទឈប់បាញ់នេះ មិនមែនមានន័យថា កម្ពុជា ចុះចាញ់…»
- ហើយ «…រឹតតែមិនមែនមានន័យថា កម្ពុជាអស់សមត្ថភាព ឬ បោះបង់សិទ្ធិស្វ័យការពារខ្លួន…»
- និងក៏ «…មិនមែនមានន័យថា កម្ពុជា សុខចិត្តយកបូរណភាពទឹកដី ទៅដូរយកសន្តិភាព…» ដែរ។
ក្នុងទ្រឹស្តីនយោបាយ វាជាគន្លឹះយុទ្ធសាស្ត្រដ៏ច្បាស់លាស់ដែល កម្ពុជាបានញែក «ការឈប់បាញ់» ចេញពី «ភាពទន់ខ្សោយ»។ ការឈប់បាញ់របស់កម្ពុជា គឺជា «ការសម្រេចចិត្ត» មិនមែនដោយ «ការបង្ខំចិត្ត»។ វាជាវិធីសាស្ត្រដើម្បីគ្រប់គ្រងហានិភ័យ និងរក្សាអាទិភាពជាតិ មិនមែនការយល់ព្រមចុះក្រោមសម្ពាធ ឬការគំរាមកំហែងឡើយ។
* កត្តាមនុស្សធម៌ គឺជាគន្លឹះសំខាន់នៃយុទ្ធសាស្ត្រឈប់បាញ់ដើម្បីសន្តិភាព
សាររបស់សម្តេចបវរធិបតី បានគូសបញ្ជាក់ថា កម្ពុជាដាក់ «អាយុជីវិត និងសុខទុក្ខប្រជាជន» ជាអាទិភាព «ខ្ពស់បំផុតមួយ» ក្នុងការសម្រេចចិត្តនយោបាយ។ សារបញ្ជាក់នូវការយកចិត្តទុកដាក់អំពី «អាយុជីវិត និងសុខទុក្ខប្រជាជន» នេះមិនមែនជាពាក្យអរូបីទេ ប៉ុន្តែបានភ្ជាប់មកជាមួយហេតុផលជាក់ស្តែង និងទិន្នន័យដ៏ឈឺចាប់ដែលមិនអាចមើលរំលងបានក្នុងនោះរួមមាន ជនភៀសសឹកជាងកន្លះលាននាក់, កុមាររាប់ពាន់នាក់ កំពុងរង់ចាំថ្ងៃវិលត្រឡប់ទៅថ្នាក់រៀន…និងមានប្រជាជនស៊ីវិល ៣២នាក់ បាត់បង់ជីវិត និង៩៣នាក់ បានរងរបួសជាដើម។
ក្នុងពិភពនយោបាយ អំណាចមិនត្រឹមតែជាកម្លាំងយោធាប៉ុណ្ណោះទេ, ការគិតគូរ និងការពារសុខទុក្ខដល់ប្រជាពលរដ្ឋ ក៏ជាទម្រង់នៃអំណាចមនុស្សធម៌ផងដែរ ព្រោះវាបង្កើតភាពស្របច្បាប់នៃការសម្រេចចិត្តរបស់រដ្ឋ និងបង្កើតមូលដ្ឋានគាំទ្រពីសង្គម និងសហគមន៍អន្តរជាតិ។ ដោយសារការឈឺចាប់របស់ប្រជាជន ជាចំណុចកណ្តាល ដែលមិនអាចមើលរំលងបាន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា កំពុងផ្ញើសារទៅពលរដ្ឋទាំង «ក្នុង» និង «ក្រៅ» ប្រទេសថា ការឈប់បាញ់មិនមែនមានន័យថា កម្ពុជាមិនបោះបង់ការការពារជាតិទេ។ ផ្ទុយទៅវិញ ការការពារជាតិដែលមានន័យពិតប្រាកដ មិនអាចកើតឡើង ដោយការបំផ្លាញអាយុជីវិត និងអនាគតប្រជាជនខ្លួនឯងបានឡើយ។ នេះគឺជាយុទ្ធសាស្ត្រ ដែលភ្ជាប់អធិបតេយ្យភាពជាតិ ជាមួយកត្តាមនុស្សធម៌ ហើយធ្វើឱ្យជម្រើសនៃការឈប់បាញ់ ក្លាយជាអំណាចសន្តិភាពដ៏ពិតប្រាកដ មិនមែនជាចំណុចទន់ខ្សោយឡើយ។
* ការឈប់បាញ់ដែលមានលក្ខខណ្ឌ នាំទៅរកដំណោះស្រាយយូរអង្វែង
សាររបស់សម្តេចបវរធិបតីនេះ មិនបញ្ចប់ត្រឹមការ «ឈប់បាញ់» ទេ។ សារបានបន្តទៅកាន់ផ្លូវនៃច្រកចេញទៅកាន់ដំណោះស្រាយជាច្រើននិងយូរអង្វែងដូចជា៖
- ការបើកផ្លូវឱ្យជនភៀសសឹកវិលត្រឡប់នៅកាន់លំនៅដ្ឋាន «ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ»
- ការសម្របសម្រួលរបស់រាជរដ្ឋាភិបាលដើម្បីស្តារស្ថិរភាពសង្គម និងសេវាកម្មជាមូលដ្ឋានឡើងវិញ
- និងការរំពឹងថា «ក្រោយ៧២ម៉ោង» នៃការអនុវត្តបទឈប់បាញ់ដ៏ពេញលេញ នឹងមានការដោះលែងយោធិនខ្មែរ១៨រូប វិលត្រឡប់មកវិញ។
ចំណុចទាំងនេះ បានបញ្ជាក់ថា កម្ពុជាបានមើលឃើញថា កិច្ចឈប់បាញ់ជារបៀបគ្រប់គ្រងវិបត្តិ ហើយប្តូរវាទៅជាការស្តារជីវិតនិងការស្តារស្ថិរភាពសង្គម។ ការឈប់បាញ់ មិនមែនគ្រាន់តែអាវុធដ៏ស្ងប់ស្ងាត់ទេ វាត្រូវតែបានបកស្រាយថា ជាការស្តារជីវភាពរស់នៅ, ការវិលត្រឡប់របស់កុមារ និងសិស្សសាលាទៅសាលារៀន និងការជួបជុំក្រុមគ្រួសារសាឡើងវិញ។
* ការឈប់បាញ់ មានន័យថា ទីតាំងកងទ័ពឈរជើងមិនមែនជាព្រំដែនស្របច្បាប់ទេ
ចំណុចមួយក្នុងចំណោមចំណុចសំខាន់ៗ នៅក្នុងសេចក្តីថ្លែងការណ៍ គឺការបញ្ជាក់យ៉ាងច្បាស់ថា «បទឈប់បាញ់នៅនឹងកន្លែង» តម្រូវឱ្យភាគីទាំងពីរកាន់កាប់ទីតាំងកងទ័ពដែលមានស្រាប់របស់ពួកគេ នៅពេលដែលបទឈប់បាញ់ចូលជាធរមាន ប៉ុន្តែទាំងនេះមិនមែនជាការកំណត់ព្រំដែនឡើយ។
ភាពខុសគ្នានេះគឺមានសារៈសំខាន់បំផុត។ ប្រទេសកម្ពុជា កំពុងរារាំងយ៉ាងច្បាស់លាស់នូវការប៉ុនប៉ងណាមួយ ដែលចង់បំលែងកាលៈទេសៈយោធាទៅជាការទាមទារច្បាមយកទឹកដី។ តាមរយៈការចងភ្ជាប់គោលការណ៍នេះ នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងបញ្ជាក់ជាថ្មីអំពីតួនាទីរបស់គណៈកម្មការព្រំដែនរួម (JBC) ព្រំដែនស្របច្បាប់នៃប្រទេសទាំងពីរ នៅតែត្រូវបានកំណត់ដោយសន្ធិសញ្ញា និងអនុសញ្ញាដែលមានស្រាប់ ហើយកម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយនឹងភាគីថៃ អនុលោមតាមច្បាប់អន្តរជាតិ, សន្ធិសញ្ញា, អនុសញ្ញានិងយន្តការទ្វេភាគីទាំងឡាយដែលមានជាធរមាន។
* សារនៃសាមគ្គីភាព៖ ទាល់តែរឹងមាំពីខាងក្នុង ទើបកម្ពុជាកាន់តែរឹងមាំនៅខាងក្រៅ
សាររបស់សម្តេចបវរធិបតី បានបិទដោយការបញ្ជាក់ថា «បែកបាក់ គឺស្លាប់, សាមគ្គីរឹងមាំ គឺរស់» ។ សារបានសរសេរថា «ចង្កឹះមួយបាច់ គេកាច់មិនបាក់», ដែលជាប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋ «ត្រូវយកការលំបាកនៅពេលនេះធ្វើជាឱកាស ដើម្បីឱ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិខ្មែរ ឱ្យកាន់តែរឹងមាំ និងកាន់តែប្រសើរឡើង ប្រកបដោយភាពធន់នៅក្រោមម្លប់ដ៏សែនត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈ» ដ៏ខ្ពង់ខ្ពស់។
សារបញ្ជាក់ក្នុងចំណុចនេះ កំពុងបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា កំពុងគិតដោយភាពប្រុងប្រយ័ត្ននូវសមរភូមិ ដែលគេតែងមើលរំលងនោះគឺ សមរភូមិប្រឆាំងព័ត៌មានក្លែងក្លាយ និងសមរភូមិបង្កនូវសម្ពាធអារម្មណ៍ផ្លូវចិត្ត។ សាមគ្គីភាពជាធ្លុងមួយរបស់ខ្មែរ គឺជាអំណាចពិតប្រាកដ ដែលធ្វើឱ្យការឈប់បាញ់ ក្នុង ដំណើរឆ្ពោះទៅរកសន្តិភាព «មិនក្លាយជាចន្លោះប្រហោងបង្ហាញនូវភាពទន់ខ្សោយ» ហើយធ្វើឱ្យសិទ្ធិស្វ័យការពារ មិនក្លាយជាវិន័យដ៏ឯកោឡើយ។ មានន័យថា សាមគ្គី គឺជាជន្ទល់រឹងមាំ របស់ជាតិ ដែលសត្រូវគ្រប់ទិស មិនងាចលេងល្បែងបំបែកបំបាក់កម្ពុជាបានឡើយ។
សេចក្តីសន្និដ្ឋាន៖
សាររបស់សម្តេចបវរធិបបតី នាយករដ្ឋមន្ត្រីកម្ពុជា គឺជាសារនយោបាយ ដែលបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាចង់បានសន្តិភាព ព្រោះកម្ពុជា ធ្លាប់បានឆ្លងកាត់ដ៏ច្បាស់លាស់នូវតម្លៃសន្តិភាព ដែលបំបាត់សង្គ្រាមស៊ីវិល ក្រោមនយោបាយឈ្នះ-ឈ្នះ នាចុងឆ្នាំ១៩៩៨ ពីតំណក់ញើសនិងឈាម និងទុក្ខវេទនារយៈពេលជិត៣០ឆ្នាំក្នុងអតីតកាល។ កម្ពុជាសូមបញ្ជាក់ដោយសំឡេងដ៏រឹងមាំរបស់ខ្លួនថា ការឈប់បាញ់មិនមែនជាការចុះចាញ់ទេ, កាន់តែមិនមែនដើម្បីដោះដូរទឹកដី, មិនបោះបង់សិទ្ធិស្វ័យការពារ និងមិនអនុញ្ញាតឱ្យ «ទីតាំងឈរជើង» ក្លាយជាការកំណត់ព្រំដែនស្របច្បាប់ឡើយ។
ក្នុងសង្គ្រាមសម័យថ្មីនេះ គេមិនវាស់ជ័យជម្នះតាមចំនួនគ្រាប់កាំភ្លើងទេ។ ជាតិដែលឈ្នះយូរអង្វែងគឺជាជាតិដែលអាចធ្វើឱ្យប្រទេសដែលរងអំពើឈ្លានពានពីសត្រូវបរទេស ធ្វើដំណើរឆ្លងកាត់វិបត្តិដោយ ច្បាប់មនុស្សធម៌ ការទូត និងសាមគ្គី។ កម្ពុជាកំពុងផ្ញើសារនេះ ប្រាប់ទៅពិភពលោកថា៖ «យើងជាជាតិ ដែលប្រាថ្នាចង់បានសន្តិភាព ប៉ុន្តែមិនទន់ខ្សោយចំពោះសត្រូវឡើយ»៕






















