អគ្គនាយកក្រុមហ៊ុន ចុងភៅ សេង ហុកហេង នាំយកអាហារឆ្អិនស្រាប់វេចខ្ចប់រក្សាទុកបានយូរចំនួន ២ ២០០កញ្ចប់ ប្រគល់ជូនក្រសួងព័ត៌មាន ដើម្បីបន្តឧបត្ថម្ភជូនវីរកងទ័ពជួរមុខ

29-12-2025 17:21

(ភ្នំពេញ)៖ អំណោយជាស្បៀងអាហារ ឆ្អិនស្រាប់វេចខ្ចប់សុញ្ញាកាសរក្សាទុកបានយូរ រួមជាមួយទឹកសុទ្ធ ត្រូវបានលោក ទូច រដ្ឋា អគ្គនាយកក្រុមហ៊ុន ចុងភៅ សេង ហុកហេង នាំយកមកប្រគល់ជូនដល់ជូនលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីនាំយកបន្តទៅចែក ជូនដល់វីរកងទ័ពនៅតំបន់ព្រំដែនជួរមុខ។

អំណោយរបស់ក្រុមហ៊ុន ចុងភៅ សេង ហុកហេង ផ្តល់ជូនដល់ក្រសួងព័ត៌មាន នាឱកាសនេះរួមមាន៖ អំបុកសាច់ផាត់ ចំនួន ១ ០០០កញ្ចប់, បាយក្តាំងសាច់អាំង ៥០០កញ្ចប់, ត្រីងៀត ២០០កញ្ចប់,ត្រីកាហើម ២៥០កញ្ចប់, សាច់ក្រក ២៥០ កញ្ចប់ និងទឹកសុទ្ធ ណាវី ចំនួន ៣០០កេស។

នាឱកាសនោះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងនូវអំណរគុណដល់លោក ទូច រដ្ឋា អគ្គនាយកក្រុមហ៊ុន ចុងភៅ សេង ហុកហេង ដែលជាអ្នកផ្គត់ផ្គង់អាហារក្នុងពិធីធំៗក្នុងប្រទេសកម្ពុជា ដែលបានផ្តល់ជូននូវស្បៀងអាហារឆ្អិនស្រាប់វេចខ្ចប់អាចរក្សាទុកបានយូរ និងមានគុណភាពល្អ រួមទាំងទឹកសុទ្ធដល់ក្រសួងព័ត៌មាន ដើម្បីធ្វើការចាត់ចែងដល់ក្រុមការងាររៀបចំដឹកជញ្ជូន យកទៅចែកជូនដល់វីរកងទ័ពដែលកំពុងឈរជើងនៅជួរមុខ។

ជាថ្មីម្តងទៀត លោករដ្ឋមន្ត្រី បានជូនពរ ក្រុមហ៊ុន ចុងភៅ សេង ហុកហេង ឱ្យកាន់តែមានការរីកចម្រើន និងទទួលបានជោគជ័យបន្ថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាឈានឆ្ពោះទៅមុខ និងប្រកបដោយសុខសន្តិភាព។

លោក ទូច រដ្ឋា បញ្ជាក់ថា ក្រុមការងារ សេង ហុកហេង មានមោទនភាពដែលចូលរួមជាកម្លាំងដ៏រឹងមាំ នៃមហាសាមគ្គីជាតិខ្មែរ ក្នុងកាលៈទេសៈដែលប្រទេសជាតិយើង កំពុងជួបប្រទះនឹងការលំបាក។ ជាមួយនេះក្រុមហ៊ុន ចុងភៅ សេង ហុកហេង នៅតែបន្តចូលរួមគាំទ្រ និងឧបត្តម្ភដល់សកម្មភាពការងារមនុស្សធម៌របស់ក្រសួងព័ត៌មាន តាមរយៈការផ្តល់អំណោយជូនទៅដល់វីរកងទ័ព កំពុងឈរជើងនៅតំបន់ជួរមុខ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់៕