អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ប្រគល់អំណោយមូលនិធិរបស់មន្ទីរពេទ្យ ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់ជួយដល់វីរកងទ័ពការពារបូរណភាពទឹកដី

29-12-2025 17:24

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានប្រគល់អំណោយជាមូលនិធិរបស់មន្ទីរពេទ្យកាល់ម៉ែត ជូនដល់តំណាងរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលមានជាគ្រឿងឧបភោគ-បរិភោគ និងឱសថចំនួន ១២០០kits សម្រាប់ឧបត្ថម្ភជូនដល់កងកម្លាំងវីរកងទ័ពជួរមុខ។

ពិធីនេះប្រគល់និងទទួលនេះ បានធ្វើឡើងនៅមន្ទីរពេទ្យកាល់ម៉ែត នារសៀល ថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០២៥។

សម្រាបថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ លោកសាស្រ្តាចារ្យ គង់ សន្យា ក៏បានចាត់លោកស្រីវេជ្ជបណ្ឌិត សំអោក វីរីយ៉ាន តំណាងលោកសាស្រ្តាចារ្យអគ្គនាយកមន្ទីរពេទ្យ ព្រមទាំងមន្រ្តីរាជការ និងបុគ្គលិកទាំងអស់ ដឹកនាំក្រុមការងារនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីនាំយកនូវថវិកាចំនួន ៨,០០០,០០០រៀលបន្ថែមទៀត រួមជាមួយអំណោយមូលនិធិរបស់មន្ទីរពេទ្យកាល់ម៉ែត ប្រគល់ជូនដោយផ្ទាល់នៅរដ្ឋបាលខេត្តបន្ទាយមានជ័យ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកស្រីវេជ្ជបណ្ឌិត សំអោក វីរីយ៉ាន បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោកសាស្រ្តាចារ្យ គង់ សន្យា ជូនដល់ក្រុមការងារនៃមន្ទីរពេទ្យកាល់ម៉ែត និងមន្រ្តីសុខាភិបាលទាំងអស់ ដែលកំពុងប្រចាំការនៅមន្ទីរពេទ្យបង្អែកបវេល នៃខេត្តបាត់ដំបងផងដែរ។

ជាពិសេសការផ្តាំផ្ញើ ការសួរសុខទុក្ខ និងកោតសរសើរនូវទឹកចិត្តមុះមុតការពារជាតិទឹកដីរបស់វីរកងទ័ពជួរមុខយើង ពីសំណាក់លោកសាស្រ្តាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកសាស្រ្តាចារ្យអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ជូនដល់វីរកងទ័ពយើងផងដែរ៕