ក្រសួងបរិស្ថាន បណ្ដុះផ្នត់គំនិតភាពស្អាត បៃតង ដល់សិស្សានុសិស្ស និងជំរុញឱ្យការដាំកូនឈើ មិនប្រើប្រាស់សំណល់ប្លាស្ទិក និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ

29-12-2025 17:26

(កំពង់ស្ពឺ)៖ លោក ខ្វៃ​ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការសហការពីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមន្ត្រីឧទ្យានុរក្ស ចុះដាំកូនឈើ កូនឈើហូបផ្លែ និងបន្លែ នៅថ្នាលបណ្ដុះកូនឈើភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

នាឱកាសនោះដែរ លោក ខ្វៃ អាទិត្យា បានថ្លែងថា ការចូលរួមរបស់យុវជនក្នុងសកម្មភាពដាំកូនឈើពេលនេះ គឺមានសារៈសំខាន់ណាស់ ដែលជាស្មារតីដើម្បីជំរុញការបណ្ដុះគំនិតដល់យុវជនឱ្យស្រលាញ់ភាពបៃតង ស្របតាមយុទ្ធសាស្ត្រចក្រា របស់ក្រសួងបរិស្ថាន ផ្ដោតលើភាពស្អាត ភាពបៃតង និងចីរភាព។

លោក ខ្វៃ អាទិត្យា ក៏បានលើកទឹកឱ្យយុវជនចូលរួមដាំកូនឈើ ជាពិសេសកូនឈើហូបផ្លែនៅតាមបរិវេណផ្ទះ ដោយលោក គូសបញ្ជាក់ថា ភាពបៃតង តាមរយៈការដាំកូនឈើនឹងជួយទាំងបរិស្ថាន និងទាំងសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារ។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបន្តថា ការរស់នៅរបស់ប្រជាជននឹងប្រកបដោយចីរភាព ដោយពុំមានការបំពុលបរិស្ថាន ពោលគឺមានសុខភាពល្អ។។ ក៏បានអំពាវនាវឱ្យមានការបន្តរួមគ្នាអនុវត្តនូវយុទ្ធនាការទាំងឡាយរបស់ក្រសួង ដែលបានដាក់ចេញ ជាអាទិ៍យុទ្ធនាការថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ យុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបាន និងយុទ្ធនាការផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក។

លោកបានបន្ថែមថា ការបណ្តុះគំនិតស្អាត និងបៃតងនៅតាមសហគមន៍មូលដ្ឋាន គឺជាសក្ខីភាព នៃការគាំទ្រនៃកិច្ចសហការដល់ក្រសួងបរិស្ថានគឺការចូលរួមក្នុងការជំរុញសកម្មភាពដើម្បីកម្ពុជាមានភាពស្អាត ទប់ស្កាត់ការបំពុលបរិស្ថានចេញពីសំរាម និងសំណល់ប្លាស្ទិក ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលទាមទារការចូលរួមទទួលខុសត្រូវ និងមានការផ្លាស់ប្តូរទម្លាប់នៅក្នុងការរស់នៅ ការធ្វើអាជីវកម្ម និងផលិតកម្ម ដោយប្រកាន់ខ្ជាប់នូវកាតព្វកិច្ច ជាពលរដ្ឋល្អក្នុងការចូលរួមគ្រប់គ្រងសំរាម តាមលំនៅដ្ឋាន ភូមិឋាន វត្តអារាម ទីសាធារណៈ តាមផ្លូវជាតិនានា ការធ្វើអនាម័យបរិស្ថាន ថែរក្សាបរិស្ថានក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែធ្វើបាន» និង «ផ្លូវជាតិ គ្មានសំរាម សំណល់ប្លាស្ទិក» ដែលជាបុរេលក្ខខណ្ឌកំណត់ភាពជោគជ័យនៃភូមិ ឃុំ សង្កាត់ ទាំងអស់ទទួលបានបរិស្ថានស្អាត សោភ័ណភាពល្អ ដែលជាចលកររុញច្រានកំណើនសេដ្ឋកិច្ចមូលដ្ឋានរបស់ខេត្ត ក៏ដូចជាលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសុខមាលភាពសាធារណៈ តាមរយៈការលើកស្ទួយវិស័យទេសចរណ៍ និងទីផ្សារផលិតផលនៅក្នុងមូលដ្ឋាន។