លោក ឆាយ ឫទ្ធិសែន អញ្ជើញចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយក្រុមគ្រួសារនៃវីរកងទ័ពកម្ពុជាដែលឈរជើងនៅសមរភូមិមុខ ចំនួន ៩២គ្រួសារ  នៅក្នុងសាលាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

29-12-2025 19:37

(កំពង់ឆ្នាំង)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកជំទាវ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយក្រុមគ្រួសារនៃវីរកងទ័ពកម្ពុជាឈរជើងនៅសមរភូមិមុខ ចំនួន ៩២គ្រួសារ នៅក្នុងសាលាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្នុងពិធីសំណេះសំណាលនោះ មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកទឹកផុស រួមជាមួយគ្នានេះដែលក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រីប្រធានកិត្តិយស និងលោកស្រី សមាជិកកិត្តិយស តំណាងឱ្យសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ ផងដែរ ។

តាមរយៈរបាយការណ៍ស្វាគមន៍របស់ លោក សូត្រ សង់ អភិបាលនៃគណៈអភិបាលស្រុកទឹកផុស បានបញ្ជាក់ជូនថា៖ នៅទូទាំងស្រុកទឹកផុស មានប្រជាពលរដ្ឋនៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានភៀសសឹកមកស្នាក់នៅក្នុងស្រុកទឹកផុសសរុបចំនួន ១៧៦គ្រួសារ ស្មើនឹង ៥១៩នាក់ ដែលត្រូវបានទទួលការយកចិត្តទុកដាក់ពីសំណាក់រដ្ឋបាលស្រុក និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំទាំង៩ នៃស្រុកទឹកផុស។ រីឯក្រុមគ្រួសាររបស់វីរកងកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានចំនួន ៩២គ្រួសារ មានសមាជិកសរុប ៣៧៣នាក់ កំពុងរស់នៅក្នុងស្រុកទឹកផុសផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ឆាយ ឫទ្ធិសែន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ និងព្រួយបារម្ភជានិច្ចពីសុខទុក្ខរបស់បងប្អូន ព្រមទាំងបាននាំមកជាមួយនូវគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ដែលអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ជូនដល់បងប្អូនប្រជាពលរដ្ឋក្រុមគ្រួសារវីរកងទ័ពទាំងអស់ ដែលជាការសបញ្ជាក់អំពីការផ្សារភ្ជាប់នូវសុខទុក្ខ និងសេចក្ដីស្រលាញ់របស់សម្ដេចផងដែរ ។

លោករដ្ឋមន្ដ្រី បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះស្ថាបនិកមគ្គទេសឯក គឺសម្ដេចតេជោ ហ៊ុន សែន និងសម្ដែងនូវការដឹងគុណជាពន់ពេកចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពនៅសមរភូមិមុខក្នុងការប្រយុទ្ធការពារបូរណភាពទឹកដី។ ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី ក៏បានធ្វើការថ្លែអំណរគុណចំពោះក្រុមគ្រួសារបស់វីរកងទ័ពគ្រប់រូបដែលបានអនុញ្ញាតឱ្យប្តី ប្អូននិងកូន ទៅបំពេញភារកិច្ចក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ។

ជាចុងក្រោយ លោករដ្ឋមន្ដ្រី បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តឱ្យជឿទុកចិត្តលើកងកម្លាំងយោធាកម្ពុជានិងជឿជាក់លើការដឹកនាំរបស់ប្រមុខដឹកនាំកំពូលរបស់កម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារបូរណភាពទឹកដីឱ្យបានគង់វង្ស, កុំជឿនិងត្រូវលុបបំបាត់ព័ត៌មានក្លែងក្លាយ ដែលជាព័ត៌មានគ្មានប្រភពច្បាស់លាស់នាំឱ្យយើងបែកបាក់សាមគ្គីភាពជាតិ និងត្រូវបន្ដរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដែលជាខឿនដ៏រឹងមាំនៅសមរភូមិក្រោយ ដើម្បីគាំទ្រ លើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តដល់កងទ័ពឈរជើងការពារព្រំដែន និងទឹកដីកម្ពុជាឱ្យបានស្ថិតស្ថេរគង់វង្ស៕