បណ្ឌិត ហេង វុទ្ធី នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារផ្សេងៗ ឧបត្ថម្ភជូនវីរកងទ័ពជួរមុខ និងជនភៀសសឹក តាមរយៈយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា
29-12-2025 20:33
(ភ្នំពេញ)៖ លោកបណ្ឌិត ហេង វុទ្ធី ប្រធានសមាគមអ្នកវិនិយោគទុនចិននៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារផ្សេងៗ ប្រគល់ជូនវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក តាមរយៈយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា ដើម្បីរួមចំណែក លើកទឹកចិត្តដល់វីរកងទ័ពកម្ពុជា និងជាការថ្លែងអំណរចំពោះវីរកងទ័ពកម្ពុជា ដែលបានតស៊ូ ការពារបូរណភាពទឹកដីកម្ពុជា។
អំណោយទាំងនេះ ត្រូវបានទទួលដោយផ្ទាល់ពីសំណាក់លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និង លោក គីម សុភៈ សមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកគណៈអចិន្រ្តៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដើម្បីត្រៀមរៀបចំបែងចែកជូនបងប្អូនកងទ័ពជួរមុខកម្ពុជា និងបងប្អូនប្រជាពលរដ្ឋជនភៀសសឹក ទៅតាមមណ្ឌលសុវត្ថិភាពនានា។
ក្នុងឱកាសនេះលោកបណ្ឌិត ហេង វុទ្ធី បានលើកឡើងថា ការចូលរួមឧបត្ថម្ភជាស្បៀងអាហារ សម្ភារជាច្រើននេះ ដើម្បីជាការថ្លែងអំណរដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលបានតស៊ូយ៉ាងប្តូរផ្តាច់ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។
បន្ថែមពីនេះ លោកថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំក្នុងការទំនាក់ទំនងកាទូត យ៉ាងស្វិតស្វាញក្នុងភាពអត់ធ្មត់ គ្រប់កាលៈទេសៈ ឈានទៅដល់ការចុះកិច្ចព្រមព្រៀងអនុវត្តបទឈប់បាញ់ និងការពារបាននូវបូរណភាពទឹកដីកម្ពុជា និងធ្វើឱ្យកម្ពុជាទទួលបាននូវសន្តិភាព។ ទន្ទឹមគ្នានេះ លោកថ្លែងអំណរគុណចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានលះបង់កម្លាំងកាយ ចិត្ត និងអនុវត្តភារកិច្ចដោយភាពក្លាហាន និងម៉ឺងម៉ាត់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី និងជាតិមាតុភូមិរបស់យើង ។
លោកបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមគោរពកោតសរសើរចំពោះវីរភាព កម្លាំងចិត្ត និងការលះបង់ដ៏ខ្ពង់ខ្ពស់របស់កងទ័ពជួរមុខ និងសូមបួងសួងសន្តិភាពកើតមានដល់មាតុភូមិ និងសូមឱ្យវីរកងទ័ពបន្តមានសុខភាពល្អ និងភាពរឹងមាំដើម្បីការពារជាតិ៕








