ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា អញ្ជើញជាអធិបតីពិធីជួបសំណេះសំណាលជាមួយអតីតនិស្សិតសូវៀត–រុស្ស៊ី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៦

30-12-2025 09:44

(ភ្នំពេញ)៖ លោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយអតីតនិស្សិតកម្ពុជា ដែលធ្លាប់សិក្សានៅសាកលវិទ្យាល័យនៃអតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៊ី ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២៦ ដែលប្រារព្ធឡើងនៅស្ថានទូតរុស្ស៊ី រាជធានីភ្នំពេញ។

ពិធីនេះ មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអតីតនិស្សិត និងភ្ញៀវកិត្តិយសជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត អាណាតូលី បូរ៉ូវីក បានសម្តែងការកោតសរសើរចំពោះទំនាក់ទំនងមិត្តភាព និងភាពជាដៃគូយ៉ាងជិតស្និទ្ធរវាងប្រទេសរុស្ស៊ី និងកម្ពុជា ដែលត្រូវបានបន្តពង្រឹងជាបន្តបន្ទាប់តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យនានា។

លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា ឆ្នាំ២០២៥ បានបន្ថែមទំព័រថ្មីជាច្រើនក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ កិច្ចប្រជុំទ្វេភាគី ការផ្លាស់ប្តូរវប្បធម៌ និងព្រឹត្តិការណ៍អប់រំ បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងមិត្តភាព និងភាពជាដៃគូយូរអង្វែង។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត បានបង្ហាញនូវការជឿជាក់ថា គម្រោង និងកិច្ចសហប្រតិបត្តិការរួមជាច្រើនទៀត នឹងត្រូវបានអនុវត្តនៅឆ្នាំ២០២៦ ខាងមុខ ខណៈដែលប្រទេសទាំងពីរ ត្រៀមប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងទីក្រុងម៉ូស្គូ និងរាជធានីភ្នំពេញ។

បើតាមការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត ក្នុងរយៈពេលរាប់ទសវត្សរ៍កន្លងមក មានប្រជាពលរដ្ឋកម្ពុជាជាង ៨,០០០នាក់ បានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រពីសាកលវិទ្យាល័យឈានមុខគេ នៃអតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៊ី ដែលជាធនធានមនុស្សដ៏មានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍសង្គម និងប្រទេសជាតិ៕