អគ្គនាយកនិយ័តករបរធនបាលកិច្ច នាំយកអំណោយពីវិស័យបរធនបាលកិច្ច ចែកជូនប្រជាពលរដ្ឋខ្មែរភៀសសឹក ក្នុងភូមិសាស្រ្តខេត្តសៀមរាប
30-12-2025 12:46
(សៀមរាប)៖ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរ និងដើម្បីចូលរួមចំណែក ជួយសម្រាលទុកលំបាក របស់បងប្អូនប្រជាពលរដ្ឋខ្មែរភៀសសឹក, លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករ បរធនបាលកិច្ច (ន.ប.ធ.) និងលោកស្រី អមដោយថ្នាក់ដឹកនាំ និងសហការីនៃ ន.ប.ធ. នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងនាំយកអំណោយពីវិស័យបរធនបាលកិច្ច ចែកជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរភៀសសឹក ពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ ចំនួន ៦២០ គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន នៅទីតាំងសុវត្ថិភាព ស្ថិតនៅភូមិសាស្រ្តភៀសសឹក ខេត្តសៀមរាប។
ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនៃ ន.ប.ធ. ព្រមទាំងសប្បុរសជនក្នុងវិស័យបរធនបាលកិច្ច សូមចូលរួមចំណែកដោយដួងចិត្តស្មោះស្ម័គ្រ និងសូមបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ចំពោះទំនួលខុសត្រូវសង្គម សាមគ្គីភាព ស្មារតីខ្មែរតែមួយ គ្រប់កាលៈទេសៈ និងសហការគ្នាយ៉ាងស្វាហាប់ដ៏មុតមាំ ដោយក្តីមោទនភាពចំពោះគុណវីរភាពកងទ័ពកម្ពុជា នៃការលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបាន ដើម្បីការពារជាតិមាតុភូមិកម្ពុជាពីខ្មាំងសត្រូវ៕





























