លោក ឆាយ ឫទ្ធិសែន អញ្ជើញទទួលអំណោយដែលជាការឧបត្ថម្ភរបស់ លោកស្រី ប៉ាវ សេរីមុនី ដើម្បីយកទៅឧបត្ថម្ភដល់គ្រួសារវីរកងទ័ព និងជនភៀសសឹកកម្ពុជា

30-12-2025 13:01

(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញទទួលអំណោយរបស់ លោកស្រី ប៉ាវ សេរីមុនី ភរិយារបស់លោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មកចូលរួមក្នុងមូលនិធិសប្បុរសធម៌ ដែលរៀបចំដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ សម្រាប់យកទៅឧបត្ថម្ភគាំទ្រដល់គ្រួសារវីរកងទ័ពឈរជើងនៅសមរភូមិជួរមុខ និងប្រជាជនភៀសសឹកកម្ពុជាដែលបានជម្លៀសខ្លួនពីលំនៅដ្ឋាន ហើយកំពុងស្នាក់នៅបណ្ដោះអាសន្ននៅតាមទីតាំងសុវត្ថិភាពនានា ក្នុងអំឡុងពេលនៃការប៉ះទង្គិចដោយប្រដាប់អាវុធ រវាងយោធាកម្ពុជា និងថៃនាពេលកន្លងមកនេះ។

ដោយមានការអញ្ជើញពី រដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំក្រសួង រួមជាមួយលោកស្រីប្រធាន និងសមាជិក សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។

សម្រាប់អំណោយឧបត្ថម្ភគ្រឿងឧបភោគបរិភោគ រួមមាន៖ ត្រីខ ចំនួន ៣០កេស ស្មើនឹង ៣ ០០០កំប៉ុង, ទឹកក្រូច ចំនួន ៣០កេស ស្មើនឹង ៧២០កំប៉ុង, ទឹកបរិសុទ្ធ ចំនួន ៣០កេស ស្មើនឹង ៧២០ដប, និង មី ចំនួន ៣០កេស ស្មើនឹង ៩០០កញ្ចប់។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្ដានចិត្តប្រកបដោយសប្បុរសធម៌របស់ លោក និងលោកស្រី ដែលបានចូលរួមបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ក្នុងមានជាប្រជាពលរដ្ឋកម្ពុជា ចូលរួមក្នុងមូលនិធិសប្បុរសធម៌នេះ ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រាលដល់ការលំបាករបស់គ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក។

សកម្មភាពប្រកបដោយសប្បុរសធម៌នេះ គឺជាការឆ្លុះបញ្ចាំងអំពីការចូលរួមរបស់ លោក និងលោកស្រីក្នុងស្មារតីសាមគ្គីភាព ស្នេហាជាតិ ក្នុងនាមខ្មែរជួយខ្មែរ នៅគ្រប់កាលៈទេសៈជាមួយរាជរដ្ឋាភិបាល៕