លោក ឆាយ ឫទ្ធិសែន ទទួលអំណោយដែលជាការឧបត្ថម្ភពី ក្រុមហ៊ុន C.NO Construction & Investment Co.,Ltd ដើម្បីយកទៅឧបត្ថម្ភដល់គ្រួសារវីរកងទ័ព និងជនភៀសសឹកកម្ពុជា

30-12-2025 13:23

(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលអំណោយរបស់ លោកអគ្គនាយក ក្រុមហ៊ុន C.NO Construction & Investment Co.,Ltd ដែលបានឧបត្ថម្ភថវិកា ចំនួន ៥ ០០០ ដុល្លាសហរដ្ឋអាមេរិក មកចូលរួមក្នុងមូលនិធិសប្បុរសធម៌ ដែលរៀបចំដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ សម្រាប់យកទៅឧបត្ថម្ភគាំទ្រដល់គ្រួសារវីរកងទ័ព និងប្រជាជនភៀសសឹកកម្ពុជា ដែលបានជម្លៀសខ្លួនពីលំនៅដ្ឋាន ហើយកំពុងស្នាក់នៅបណ្ដោះអាសន្ននៅតាមទីតាំងសុវត្ថិភាពនានា ក្នុងអំឡុងពេលនៃការប៉ះទង្គិចដោយប្រដាប់អាវុធ រវាងយោធាកម្ពុជា និងថៃ នាពេលកន្លងមកនេះ។

ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្ដានចិត្តប្រកបដោយសប្បុរសធម៌របស់ក្រុមហ៊ុន C.NO Construction & Investment Co.,Ltd ដែលជាការសបញ្ជាក់អំពីស្មារតីសាមគ្គីជាតិ សេ្នហាជាតិ ចេះជួយគ្នាក្នុងគ្រាលំបាក ក្នុងនាមជាសមរភូមិក្រោយ និង ស្របតាមការអំពាវនាវរបស់ប្រមុខថ្នាក់ដឹកនាំកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលរូបលោកទាំងពីរជាថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិត ស្វាហាប់ និងឈ្លាសវៃ។ ការចូលរួមនាពេលនេះ អាចជួយសម្រាលដល់ការលំបាករបស់គ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកកម្ពុជានាពេលនេះ៕