រដ្ឋមន្រ្ដី ឆាយ ឫទ្ធិសែន អញ្ជើញទទួលអំណោយដែលជាការឧបត្ថម្ភរបស់ លោកស្រី លឹម ស៊ីវទាង តាមរយៈសមាគមនារីកម្ពុជាដើម្បីសន្ដិភាពនិងអភិវឌ្ឍន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីយកទៅឧបត្ថម្ភដល់គ្រួសារវីរកងទ័ព និងជនភៀសសឹកកម្ពុជា
30-12-2025 13:25
(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញទទួលអំណោយរបស់ លោកស្រី លឹម ស៊ីវទាង និងស្វាមី ដែលបានឧបត្ថម្ភថវិកាចំនួន ៤ លានរៀល តាមរយៈសមាគមនារីកម្ពុជាដើម្បីសន្ដិភាពនិងអភិវឌ្ឍន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ មកចូលរួមក្នុងមូលនិធិសប្បុរសធម៌ ដែលរៀបចំដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ សម្រាប់យកទៅឧបត្ថម្ភគាំទ្រដល់គ្រួសារវីរកងទ័ព និងប្រជាជនភៀសសឹកកម្ពុជា នៅតាមទីតាំងសុវត្ថិភាពនានា ក្នុងអំឡុងពេលនៃការប៉ះទង្គិចដោយប្រដាប់អាវុធ រវាងយោធាកម្ពុជា និងថៃនាពេលកន្លងមកនេះ។ ដោយមានការចូលរួមពី រដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំក្រសួង រួមជាមួយលោកស្រីប្រធាន និងសមាជិក សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។
ក្នុងឱកាសនោះ លោក ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណជ្រាលជ្រៅចំពោះទឹកចិត្តប្រកបដោយសប្បុរសធម៌របស់ សប្បុរសជន ក៏ដូចជាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានរួបរួមសាមគ្គីគ្នាជាសហថាមពល សម្រាប់ចូលរួមដោះស្រាយការលំបាកប្រចាំថ្ងៃរបស់គ្រួសារវីរកងទ័ពជួរមុខ ក៏ដូចជាបងប្អូនប្រជាជនភៀសសឹក ដែលកំពុងត្រូវការនូវជំនួយជាចាំបាច់ ក្នុងអំឡុងពេលនៃការស្នាក់នៅបណ្ដោះអាសន្ននោះ។
សកម្មភាពក៏ប្រពៃនេះ គឺបង្ហាញពីស្មារតីរួបរួមជាតិតែមួយ នៅសមរភូមិក្រោយដ៏រឹងមាំ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ពីការសត្រូវឈ្លានពាន៕













