លោក ហេង សួរ នាំយកអំណោយសប្បុរសធម៌របស់ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន ថ្នាក់ដឹកនាំសហជីព បងប្អូនកម្មករនិយោជិត ចែកជូនប្រជាពលរដ្ឋភៀសសឹក ចំនួន ២ពាន់គ្រួសារ នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ
30-12-2025 13:55
(ឧត្តរមានជ័យ)៖ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះដែរ តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងការពង្រឹងខឿនសាមគ្គីជាតិ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំថ្នាក់ដឹកនាំក្រសួង រួមនឹងលោក មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងសហការី ថ្នាក់ដឹកនាំសហជីព និងសមាគមរោងចក្រ បានចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់ប្រជាពលរដ្ឋភៀសសឹកចំនួន ២ពាន់គ្រួសារ នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
នាឱកាសនោះ លោករដ្ឋមន្រ្តី បានជម្រាបជូនបងប្អូនជនភៀសសឹកទាំងអស់អំពីការចែករំលែកការលំបាក និងស្មារតីរួបរួមរបស់បងប្អូនកម្មករនិយោជិតនៅទូទាំងប្រទេស រួមទាំងអ្នកវិនិយោគផ្សេងៗ ជាមួយបងប្អូនជនភៀសសឹកដែលមកពីស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ លោកបានបន្តថា ប្រជាជនខ្មែរទូទាំងប្រទេសមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល វីរកងទ័ព និងវីរនគរបាលជាតិដ៏អង់អាចក្លាហានរបស់យើងក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។
យើងទាំងអស់គ្នាជឿជាក់ថា តាមរយៈមហាកម្លាំងសាមគ្គីជាតិដ៏រឹងមាំជាមួយរាជរដ្ឋាភិបាលកម្ពុជា នឹងអាចរក្សាបានមកវិញនូវសុខសន្តិភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ តាមរយៈយន្តការការទូត និងច្បាប់អន្តរជាតិ។ លោករដ្ឋមន្ត្រីក៏បានបង្ហាញនូវការគោរពដឹងគុណដល់វីរកងទ័ពដ៏អង់អាចក្លាហានដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ អាយុជីវិតក្នុងបុព្វហេតុការពារទឹកដី និងចងចាំនូវវីរភាពនេះគ្មានថ្ងៃបំភ្លេចបានឡើយ។
សូមជម្រាបដែរថា អំណោយដែលជាទឹកចិត្តគោរពស្រឡាញ់ដឹងគុណចំពោះវីរកងទ័ព និងជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋភៀសសឹក នាពេលនេះ រួមមាន៖ ថវិកាចំនួន ២ម៉ឺនរៀល, អង្ករ, ទឹកត្រី, ទឹកស៊ីអ៉ីវ, ទឹកសុទ្ធ, ប្រេងឆា, មី, ឱសថបំប៉ន និងខោអាវ។
ជាទីបញ្ចប់នេះ លោករដ្ឋមន្រ្តី បានជូនពរដល់បងប្អូនជនភៀសសឹកទាំងអស់សូមឱ្យមានសុខភាពល្អ និងឆាប់បានវិលត្រឡប់ទៅលំនៅឋានវិញក្នុងពេលឆាប់ៗនេះ៕












