Fresh Exclusive: ឈាមយុទ្ធជនខ្មែរ បង្ហូរការពារទឹកដី៖ មហាពលិកម្មដែលចារទុកក្នុងប្រវត្តិសាស្ត្រ
30-12-2025 16:21
(ភ្នំពេញ)៖ សង្គ្រាមមិនដែលជាជម្រើសល្អសម្រាប់ប្រទេសតូច ឬប្រទេសធំឡើយ។ ប៉ុន្តែប្រវត្តិសាស្ត្រ បានបង្ហាញជាបន្តបន្ទាប់ថា នៅពេលដែលអធិបតេយ្យភាព ត្រូវរងនឹងការគំរាមកំហែងការមិនក្រោកឈរដើម្បីការពារជាតិ គឺស្មើនឹងការបោះបង់ចោលអនាគត។ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មកកម្ពុជា បានបង់តម្លៃដ៏ធ្ងន់ធ្ងរ ឈាមសាច់ស្រស់ ជីវិតយុទ្ធជន និងសន្តិភាព ដើម្បីតែការពារទឹកដី ដែលជាមូលដ្ឋាននៃអត្តសញ្ញាណជាតិខ្មែរ។
ការខូចខាតនៅតាមបណ្តោយព្រំដែន មិនមែនគ្រាន់តែជាតួលេខនៃស្ថិតិគួរឱ្យសោកសៅឡើយ។ នោះ គឺជាការបំផ្លាញពិតៗនៃទ្រព្យសម្បត្តិមរតកវប្បធម៌របស់ដូនតា, សមិទ្ធផលជាតិ ហេដ្ឋារចនាសម្ព័ន្ធ ដែលទើបបានកសាងក្រោយការបញ្ចប់សង្គ្រាមស៊ីវិលជិត៣០ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងភាពដ៏ខ្មៅងងឹតសូន្យសុងនោះ ក៏នៅតែមានពន្លឺមួយ ដែលមិនខ្លាចនឹងភាពអាក្រក់ទាំងនោះឡើយ នោះគឺ ស្មារតីមិនរាថយរបស់យុទ្ធជនខ្មែរ ដែលស្ថិតនៅជួរមុខ ប្តូរផ្តាច់ដាច់ខាតក្នុងការហ៊ានធ្វើពលិកម្មដើម្បីជាតិ ដែលការស្ម័គ្របង្ហូរឈាមការពារដែនអធិប តេយ្យតភាពជាតិនេះ កំពុងក្លាយជាអំណាចសាមគ្គីជាតិខ្មែរយ៉ាងខ្លាំងក្លា។
* ពលិកម្មយុទ្ធជនខ្មែរ៖ គ្រឹះនៃសន្តិភាព
វីរភាពរបស់យុទ្ធជនខ្មែរ មិនមែនជាអំពើចៃដន្យ ឬជាអារម្មណ៍បណ្ដោះអាសន្នឡើយ។ វាជាលទ្ធផលនៃការសម្រេចចិត្តយ៉ាងមុតមាំក្នុងបេះដូង ការជ្រើសរើសហ៊ានធ្វើពលិកម្ម ដើម្បីការពារទឹកដី អធិបតេយ្យភាព និងកិត្តិយសជាតិ ទោះដឹងច្បាស់ថាខ្លួនត្រូវប្រឈមនឹងហានិភ័យខ្ពស់ និងអាចបាត់បង់ជីវិតក៏ដោយ។ យុទ្ធជនខ្មែរ មិនបានប្រយុទ្ធត្រឹមតែដោយអាវុធនៅលើសមរភូមិទេ ប៉ុន្តែបានប្រយុទ្ធដោយជំនឿជឿជាក់ដ៏ជ្រាលជ្រៅលើជាតិ ជំនឿលើសាមគ្គីភាពជាធ្លុងមួយ និងជំនឿលើការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ក្នុងបេសកកម្មការពារជាតិ។
នេះហើយជាមូលហេតុស្នូល ដែលធ្វើឱ្យសង្គ្រាមមួយ ទោះពោរពេញដោយការឈឺចាប់ ការបាត់បង់ និងទុក្ខសោកមិនបានបញ្ចប់ ត្រឹមជាស្នាមរបួសនៃប្រវត្តិសាស្ត្រទេ ប៉ុន្តែក្លាយជាមេរៀនជាតិដ៏មានតម្លៃ អំពីអំណាចនៃការរួបរួម និងសាមគ្គីភាពជាតិ។ សង្គ្រាមបានបញ្ជាក់ជាក់ស្តែងថា ជាតិមួយអាចឈររឹងមាំ មិនមែនដោយទំហំដែនដី ឬកម្លាំងសេដ្ឋកិច្ចទេ ប៉ុន្តែដោយស្មារតីរួបរួម និងការប្តេជ្ញាចិត្តរួមគ្នារបស់ប្រជាជាតិទាំងមូល។
ដូចប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់សម្តេចបវរធិបតី ដែលបានបញ្ជាក់ក្នុងសារថ្ងៃទី២៩ ខែធ្នូ ថា៖ «ទុក្ខលំបាក និងពលិកម្មសាច់ស្រស់ ឈាមស្រស់ របស់វីរជនរបស់យើងនៅសមរភូមិ គឺជាការដាស់តឿន មិនឱ្យយើងបំភ្លេចបានមួយវិនាទីណាឡើយថា «បែកបាក់ គឺស្លាប់, សាមគ្គីរឹងមាំ គឺរស់»។ ដូច្នេះស្របតាមពាក្យចាស់ថា «ចង្កឹះមួយបាច់ គេកាច់មិនបាក់» យើងត្រូវយកការលំបាកនៅពេលនេះ ធ្វើជាឱកាស ដើម្បីឱ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិខ្មែរយើង ឱ្យកាន់តែរឹងមាំ និងកាន់តែប្រសើរឡើង ប្រកបដោយភាពធន់ នៅក្រោមម្លប់ដ៏សែនត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈនៃយើង»។
* សេចក្តីដឹងគុណ៖ សីលធម៌នយោបាយ
សាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់យ៉ាងច្បាស់ពីស្មារតីដឹងគុណចំពោះជាតិ ដែលមានអត្ថន័យលើសពីពាក្យថ្លែងការណ៍ធម្មតា។ ក្នុងសារនោះសម្តេចបានសម្តែង «ការដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះការលះបង់មិនអាចកាត់ថ្លៃបាន របស់វីរកងទ័ព និងវីរនគរបាលដ៏អង់អាចក្លាហានគ្រប់រូប ក្នុងការបំពេញភារកិច្ចដ៏ឧត្តុងឧត្តមនៃការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី…» ហើយបានបញ្ជាក់បន្ថែមថា «គុណូបការៈទាំងនេះ ពិតជាមានតម្លៃលើសអ្វីៗទាំងអស់ ហើយនឹងត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្រ សម្រាប់ប្រជាពលរដ្ឋកម្ពុជា គ្រប់រូប និងគ្រប់ជំនាន់»។
សារនេះ បង្កប់អត្ថន័យនយោបាយ និងសីលធម៌យ៉ាងជ្រាលជ្រៅ។ វាបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋមិនបំភ្លេចពលិកម្មរបស់កងកម្លាំង ដែលបានយកទ្រូងឈរបាំងគ្រាប់ ដើម្បីការពារជាតិ និងប្រជាជនឡើយ។ ពាក្យថា «នឹងត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្រ» មិនមែនជាពាក្យលួងលោមអារម្មណ៍ទេ ប៉ុន្តែជាការសន្យាជាសាធារណៈថា ឈាមដែលបានហូរ ដើម្បីជាតិ មិនមែនជាឈាមហូរដោយឥតន័យឡើយ។ ក្នុងវិស័យនយោបាយ សេចក្តីដឹងគុណមិនមែនជារឿងអារម្មណ៍ទេ វាជាសីលធម៌ និងជាកាតព្វកិច្ចរដ្ឋ ក្នុងការរក្សាអនុស្សាវរីយ៍ជាតិ ក៏ដូចជាការថែទាំ និងគាំពារគ្រួសាររបស់អ្នកដែលបានលះបង់ជីវិត។
ពលិកម្មរបស់យុទ្ធជនខ្មែរ ក៏ជាប្រភពនៃ «កម្លាំងដ៏ស្រទន់» (soft power) មួយនៅលើឆាកអន្តរជាតិផងដែរ។ ប្រទេសមួយ ដែលកូនចៅតជំនាន់ ហ៊ានស្ម័គ្រស្លាប់បូជាជីវិតដើម្បីការពារអធិបតេយ្យភាព និងប្រជាជនរបស់ខ្លួន និងសូម្បីក្នុងស្ថានភាពដែលសត្រូវមានអំណាចលើសខ្លួនក៏ដោយ ជម្រើសនោះតែងទទួលបានការគោរព ការយកចិត្តទុកដាក់ និងការគាំទ្រពីសហគមន៍អន្តរជាតិ។ នេះជាមូលដ្ឋានសម្រាប់ការទូតយូរអង្វែង ដែលមិនស្ថិតលើការគំរាមកំហែងទេ ប៉ុន្តែស្ថិតលើភាពស្មោះត្រង់ គោលការណ៍ និងការហ៊ានលះបង់ ដើម្បីតម្លៃសន្តិភាព។
នៅក្នុងសង្គមខ្មែរ មហាពលិកម្មនេះ នឹងត្រូវបានបម្លែងជាថាមពលសង្គមដ៏ខ្លាំងមួយ ថាមពលនៃការរួបរួមជាតិ ការបំបាត់ភាពបែកបាក់ និងការកសាងភាពទំនុកចិត្តរវាងប្រជាជនជាមួយប្រជាជន។ ជាពិសេស វាជាមេរៀនដ៏ជ្រាលជ្រៅសម្រាប់យុវជនខ្មែរ ដែលត្រូវចងចាំថា សន្តិភាពដែលមានតម្លៃ មិនមែនជាសន្តិភាពដែលទទួលបានដោយចៃដន្យ ឬដោយការអាណិតអាសូរពីសត្រូវឡើយ ប៉ុន្តែជាសន្តិភាពដែលត្រូវបានរក្សាទុកដោយពលិកម្ម និងការហ៊ានលះបង់ជីវិត ដើម្បីការពារជាតិនិងមាតុភូមិ។
* សន្តិភាពទទួលបាន មិនមែនដោយការគ្មានពលិកម្ម
កិច្ចព្រមព្រៀងឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា និងសេចក្តីថ្លែងការណ៍រួមសន្តិភាពនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅក្រុងគូឡាឡាំពួរ ក៏ដូចជាកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្នរយៈពេលបីថ្ងៃ នៅចុងខែធ្នូ ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញយ៉ាងច្បាស់ពីការខិតខំស្វែងរកសន្តិភាពរបស់កម្ពុជា តាមរយៈការទូត និងការគោរពច្បាប់អន្តរជាតិ។
ប៉ុន្តែជាមួយគ្នានោះផងដែរ ព្រឹត្តិការណ៍ទាំងនេះ ក៏ជាភស្តុតាងមិនអាចបដិសេធបានថា សន្តិភាពដែលកំពុងឈោងចាប់នោះ នឹងមិនអាចទទួលបានឡើយ ប្រសិនបើគ្មានការហ៊ានលះបង់ និងមហាពលិកម្មឈាមសាច់ស្រស់របស់យុទ្ធជនខ្មែរ ដែលបានឈរប្រឈមមុខនឹងសត្រូវបរទេស ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីជាតិ។
អត្ថន័យធំបំផុត នៃមហាពលិកម្មរបស់យុទ្ធជនខ្មែរ នៅក្នុងបរិបទពេលនេះ គឺស្ថិតនៅលើអនាគតនៃប្រទេសជាតិ។ ជំនាន់ក្រោយពិតជានឹងសួរថា៖ តើហេតុអ្វីបានជាយុទ្ធជនខ្មែរ ត្រូវសុខចិត្តធ្វើពលិកម្មជីវិត ដើម្បីការពារទឹកដីនៅក្នុងយុគសម័យនេះ? ហើយតើការលះបង់ទាំងនោះ ត្រូវបានប្រវត្តិសាស្ត្រ ចារិកទុកយ៉ាងដូចម្តេច?
ចម្លើយនឹងស្ថិតនៅលើឈ្មោះ និងជីវិតរបស់យុទ្ធជនទាំងនោះ ដែលត្រូវបានចងចាំមិនមែនត្រឹមមួយជំនាន់ទេ ប៉ុន្តែជារយៈកាលយូរអង្វែង។ នៅថ្ងៃណាមួយ ពេលដែលកូនខ្មែរជំនាន់ក្រោយ ឈរនៅមុខវិមានអនុស្សាវរីយ៍របស់វីរជនទាំងនេះ ពួកគេនឹងយល់យ៉ាងច្បាស់ថា សន្តិភាពមិនមែនបានមកដោយចៃដន្យ ឬដោយការប្រោសប្រណីពីសត្រូវឡើយ។ វាជាផលនៃការបង្ហូរឈាម បូជាសាច់ស្រស់ និងមហាពលិកម្ម ដែលត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្រ និងនៅក្នុងដួងចិត្តកូនខ្មែរជារៀងដរាប។
សេចក្តីសន្និដ្ឋាន៖
សង្គ្រាមដើម្បីការពារដែនអធិបតេយ្យ និងប្រជាជាតិខ្មែរ ចាប់ផ្តើមនាចុងខែកក្កដា២០២៥ គឺជាអនុស្សាវរីយ៍ដ៏ឈឺចាប់ ដែលប្រទេសកម្ពុជាដ៏តូច និងទើបតែបញ្ចប់សង្គ្រាមស៊ីវិល និងកំពុងរៀបចំកសាងប្រទេសរបស់ខ្លួនបានតិចតួច ត្រូវបានសត្រូវបរទេសញាំញី ដែលបង្ខំឱ្យត្រូវលះបង់ជីវិតយុទ្ធជនជាបន្ថែមទៀត ដើម្បីការពារទឹកដីរបស់ខ្លួន។
អត្ថបទរបស់ Fresh Exclusive នេះ មិនមែនដើម្បីរំលឹកការឈឺចាប់តែប៉ុណ្ណោះទេ ប៉ុន្តែដើម្បីបញ្ជាក់ជំហរដល់សាធារណមតិថា កម្ពុជា ទោះបីតែងជ្រើសនូវសន្តិវិធីជាគោលការណ៍ដ៏ស្ថិត ស្ថិររបស់ខ្លួនក៏ពិតមែន ប៉ុន្តែមិនបោះបង់សិទ្ធិការពារទឹកដីរបស់ខ្លួនឡើយ។
វីរភាពយុទ្ធជនខ្មែរ និងសេចក្តីដឹងគុណរបស់ប្រមុខរាជរដ្ឋាភិបាល មិនត្រឹមតែជាស្នូលនៃសសរគ្រឹះដ៏រឹងមាំដើម្បីការពារសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងចលករដ៏សំខាន់ ធ្វើឱ្យជាតិឈររឹងមាំ ប្រកបដោយមោទនភាព និងមានកិត្យានុភាពលើឆាកអន្តរជាតិ។ ឈាមដែលបានហូរ មិនមែនជាឈាមហូរដោយឥតន័យឡើយ វាក្លាយជាគ្រឹះសម្រាប់ថ្ងៃស្អែក និងជាមេរៀនប្រវត្តិសាស្ត្រដែលយុវជនខ្មែរជំនាន់ក្រោយ នឹងត្រូវចងចាំ និងបន្តការពារជាតិ និងមាតុភូមិរបស់ខ្លួនជារៀងដរាប៕





















