រដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន ទទួលអំណោយដែលជាការឧបត្ថម្ភពី លោកស្រី ស រដ្ឋា ដើម្បីយកទៅឧបត្ថម្ភដល់គ្រួសារវីរកងទ័ព និងជនភៀសសឹកកម្ពុជា
30-12-2025 16:17
(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ សមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំក្រសួង នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលអំណោយរបស់ លោកស្រី ស រដ្ឋា ភរិយារបស់ លោកបណ្ឌិត សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបុត្រ សម្រាប់យកទៅឧបត្ថម្ភគាំទ្រដល់គ្រួសារវីរកងទ័ពឈរជើងនៅសមរភូមិជួរមុខ និងប្រជាជនភៀសសឹកកម្ពុជា ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅតាមទីតាំងសុវត្ថិភាពនានា ក្នុងអំឡុងពេលនៃការប៉ះទង្គិចដោយប្រដាប់អាវុធ រវាងយោធាកម្ពុជា និងថៃនាពេលកន្លងមកនេះ។
សម្រាប់គ្រឿងឧបភោគបរិភោគ ដែលទទួលបានរួមមាន៖ អង្ករ ចំនួន ៣៥០គ.ក, មីខ្លាឃ្មុំ ចំនួន ១០កេស, គុយទាវភ្នំពេញ ចំនួន ៣កេសធំ ស្មើនឹង ១២កេសតូច និង ទឹកបរិសុទ្ធ ចំនួន ២០កេស មកចូលរួមក្នុងមូលនិធិសប្បុរសធម៌ ដែលរៀបចំដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ។
នាឱកាសនោះដែរ លោករដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្ដានចិត្តប្រកបដោយសប្បុរសធម៌របស់ លោក និងលោកស្រី ដែលបានចូលរួមបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា ដើម្បីចូលរួមក្នុងមូលនិធិសប្បុរសធម៌នេះ ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រាលដល់ការលំបាករបស់គ្រួសារវីរកងទ័ព ក៏ដូចជាបងប្អូនប្រជាជនភៀសសឹក ដែលកំពុងត្រូវការនូវជំនួយជាចាំបាច់ ក្នុងអំឡុងពេលនៃការស្នាក់នៅបណ្ដោះអាសន្ននោះ។ សកម្មភាពប្រកបដោយសប្បុរសធម៌នេះ គឺជាការឆ្លុះបញ្ចាំងអំពីការចូលរួមរបស់ លោក និងលោកស្រី ក្នុងស្មារតីសាមគ្គីភាព ស្នេហាជាតិ ក្នុងនាមខ្មែរជួយខ្មែរ នៅគ្រប់កាលៈទេសៈជាមួយរាជរដ្ឋាភិបាល៕







