សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញទទួលអំណោយសប្បុរធម៌ពី ឧកញ៉ា សុខ សុវណ្ណារី ដើម្បីចែកជូនដល់វីរកងទ័ព និងជនភៀសសឹក

30-12-2025 16:35

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញទទួលអំណោយសប្បុរសធម៌ពី ឧកញ៉ា សុខ សុវណ្ណារី សមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា ដែលបានចូលរួមបរិច្ចាគនូវគ្រឿងឧបភោគ បរិភោគជាច្រើន តាមរយៈសម្តេចប្រធានរដ្ឋសភា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីចែកជូនដល់វីរកងទ័ពនិងពលរដ្ឋភៀសសឹក។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្ដានចិត្តប្រកបដោយសប្បុរសធម៌របស់ លោកស្រីឧកញ៉ា ក៏ដូចជាសប្បុរសជនទំាងអស់ ដែលបានចូលរួមបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ចូលរួមជាកម្លំាងសប្បុរសធម៌ ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីជួយសម្រាលដល់ការលំបាករបស់គ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក។

សកម្មភាពប្រកបដោយសប្បុរសធម៌នេះ គឺជាការឆ្លុះបញ្ចាំងអំពីការចូលរួមរបស់លោក និងលោកស្រីក្នុងស្មារតីសាមគ្គីភាព ស្នេហាជាតិ ក្នុងនាមខ្មែរជួយខ្មែរ នៅគ្រប់កាលៈទេសៈជាមួយរាជរដ្ឋាភិបាល។ អំណោយសប្បុរធម៌ដែលឧកញ៉ា សុខ សុវណ្ណារី បានប្រគល់ជូនសម្តេចប្រធានរដ្ឋសភានាឱកាសនេះមាន នំពុម្ពរូបខ្លាំឃ្មុំចំនួន៨ កេសធំ, ស្ករសរ ២៥០គីឡូក្រាម, ត្រីខកំប៉ុង ១០០កំប៉ុង, កាហ្វេ ៦០០កញ្ចប់ និងទឹកបរិសុទ្ធ ១០កេស។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា នៅក្នុងគ្រាលំបាកនេះ មហាសាមគ្គីគ្រួសារខ្មែរដែលបានរួមគ្នាជាធ្លុងមួយបានផុសឡើងយ៉ាងរឹងមាំ និងខ្លាំងក្លាជាទីបំផុត ដោយមិនប្រកាន់និន្នាការនយោបាយទំាងក្នុងនិងក្រៅប្រទេស បានឈរយ៉ាងស្វាហាប់ពីក្រោយរាជរដ្ឋាភិបាល និងវីរយុទ្ធជនយើង។ សកម្មភាពមនុស្សធម៌មហាគ្រួសារខ្មែរនាពេលនេះ ជាការឆ្លើយតបចំពោះគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជននៅក្នុងកិច្ចការពារបូរណភាពទឹកដី យ៉ាងអង់អាចក្លាហាននៅតាមសមរភូមិជួរមុខ។ ទោះបីពេលនេះ បទឈប់បាញ់បានកំពុងអនុវត្តយ៉ាងណាក្តី តែយើងត្រូវការការឧបត្ថម្ភគំាទ្រ ទំាងស្មារតីនិងសម្ភារៈជូនវីរយុទ្ធ និងគ្រួសាររបស់គាត់ជាបន្តទៀត។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណជូនដល់ប្រជាពលរដ្ឋទំាងអស់ដែលមានការជឿជាក់លើថ្នាក់ដឹកនាំមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំកម្ពុជាទំាងអស់ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី ប្រើប្រាស់យន្តរការអន្តរជាតិ និងយន្តការទ្វេភាគី ខិតខំការពារបូរណភាពទឹកដី មិនឱ្យបាត់មួយមីលីម៉ែត្រនោះឡើយ។

បទឈប់បាញ់គឺជាបំណងប្រាថ្នារបស់ពលរដ្ឋកម្ពុជាទំាងមូល ក៏ដូចជាអន្តរជាតិ ដូចប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា «ការអនុវត្តបទឈប់បាញ់របស់ភាគីកម្ពុជា ដោយសារកម្ពុជាផ្តល់អាទិភាពខ្ពស់បំផុតលើអាយុជីវិតកងកងទ័ព និងពលរដ្ឋទំាងសងខាង»។

លក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់ បានបើកផ្លូវឱ្យបងប្អូនភៀសសឹក ដែលមានលំនៅដ្ឋានតាមតំបន់ព្រំដែន អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញ ដោយគ្មានឧបសគ្គ ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ក្នុងតំបន់រៀងខ្លួនផងដែរ។ កម្ពុជានៅតែរក្សាពេញលេញនូវសិទ្ធិ ក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយនឹងភាគីថៃ អនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងយន្តការទ្វេភាគីទាំងឡាយ ដែលមានជាធរមាន។

សូមជម្រាបថា អំណោយសប្បុរសធម៌ទំាងអស់ដែលរដ្ឋសភាទទួលបានពីសប្បុរជននានា បានធ្វើការបែងចែកជូនដល់រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មានដូចជាខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង សម្រាប់ធ្វើការបែងចែកបន្តជូនដល់វីរកងទ័ពនិងពលរដ្ឋភៀសសឹក។ ក្រៅពីនេះថវិកានិងសម្ភារៈមួយចំនួនទៀត សម្រាប់ចែកជូនវីរយុទ្ធជនដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងសម្រាប់ជូនក្រុមគ្រួសារវីរយុទ្ធជន ដែលបានពលីជាដើម។

រដ្ឋសភា នៅតែបន្តលើកទឹកចិត្ត និងទទួលអំណោយសម្បុរធម៌ពីសប្បុរសជននានាជាបន្តបន្ទាប់ទៀត ហើយនឹងធ្វើការបែងចែកអំណោយទំាងអស់នោះតាមគោលដៅតម្រូវការជាក់ស្តែង ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ និងផ្សារភ្ជាប់ជានិច្ចរវាងយុទ្ធជនជួរមុខនិងពលរដ្ឋជួរក្រោយ៕