Panda Pack ឆ្នាំ២០២៦ បន្តសន្យាដល់សិស្សជនបទនៅកម្ពុជា
30-12-2025 16:38
(ភ្នំពេញ)៖ ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ក្រោយជំនួបជាមួយនាយកដ្ឋានផែនការនិងគម្រោង នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមការងារបច្ចេកទេសអនុវត្តគម្រោង Panda Pack របស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ (CFRD) បានបង្ហាញពីសមិទ្ធផលការងាររបស់ខ្លួនក្នុងឆ្នាំ២០២៥ ក្រោមកិច្ចសហការនិងសម្របសម្រួលពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី។
លោក ចាង សិនយៀក (Zhang Shenyue) ទទួលខុសត្រូវអនុវត្តគម្រោងកាតាបPanda បានបញ្ជាក់ថា ឆ្នាំ២០២៥នេះ CFRD បានផ្តល់អំណោយកាតាបចំនួន២១៦០០ (ម្ភៃមួយពាន់ប្រាំមួយរយ) កញ្ចប់ ដែលបាននាំឱ្យកាតាបសរុបផ្តល់មកកម្ពុជា ចាប់ពីឆ្នាំ២០១៨មានចំនួនសរុប២០៣ ៩០០ (ពីររយបីពាន់ ប្រាំបួនរយ)កញ្ចប់ ដោយកញ្ចប់ផែនដាត្រូវបានគាំទ្រ ដោយអង្គការសប្បុរសធម៌ Alibaba ដោយប្រមូលផ្តុំនូវថវិកាសប្បុរសធម៌របស់ប្រជាជនចិនរាប់លាននាក់។ កញ្ចប់នីមួយៗមានសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃចំនួន៨៨មុខ ហើយការរចនាកញ្ចប់ឆ្លុះបញ្ចាំងពី លក្ខណៈវប្បធម៌របស់ប្រទេសចិន និងកម្ពុជា។ វាមិនត្រឹមតែបំពេញតម្រូវការសិក្សា និងការរស់នៅរបស់កុមារប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់យ៉ាងខ្លាំងដល់ ការផ្លាស់ប្តូរប្រជាជនទៅប្រជាជនរវាងប្រទេសចិន និងកម្ពុជា។
លោក ឆិន អ៊ីស៊ាន (Chen Yixian) ទទួលខុសត្រូវអនុវត្តគម្រោងកង់ បានរំលេចថា កង់ដែលត្រូវបានបរិច្ចាគ មកប្រទេសកម្ពុជាគឺជាអំណោយរបស់ក្រុមហ៊ុន Hello Bike ដោយមានមូលនិធិសប្បុរសធម៌ COSCO Shipping ជាអ្នកទទួលខុសត្រូវលើការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។ អំណោយកង់នេះគឺជាការបញ្ចូលគ្នា នៃសេចក្តីស្រឡាញ់ពីពហុភាគី ដែលធានាថាកុមារអាចជិះកង់បានឆាប់តាមដែលអាចធ្វើទៅបាន ដោយកាត់បន្ថយពេលវេលារបស់ខ្លួន ក្នុងការធ្វើដំណើរទៅសាលារៀន។ ក្នុងឆ្នាំ២០២៥នេះ កម្ពុជាទទួលបានអំណោយកង់ចំនួន២៥០០(ពីរពាន់ប្រាំរយ)គ្រឿង ហើយគិតចាប់ពីឆ្នាំ២០២៣មក ចំនួនកង់សរុបគឺ ៧ ៥២៤(ប្រាំពីរពាន់ប្រាំរយម្ភៃបួន) គ្រឿង។
លោក អ៊ូ ផឹង (Wu Peng) ប្រធាននាយកដ្ឋានអន្តរជាតិសម្រាប់ការអភិវឌ្ឍនៃ CFRD បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ហើយលោកបានចាត់ទុកវេទិកាសម្ព័ន្ធសង្គមស៊ីវិលជាដៃគូដ៏ជិតស្និទ្ធ និងទុកចិត្តបំផុតក្នុងការអនុវត្តគម្រោង Panda Pack ហើយកិច្ចសហការនេះមិនត្រឹមតែជាការផ្តល់ជំនួយផ្នែកសម្ភារៈនោះទេ ថែមទាំងជាការវិនិយោគយូរអង្វែងលើសមត្ថភាពសិស្ស នៅជនបទ។
លោកបានបន្ថែមថា គម្រោង Panda Pack ឆ្នាំ២០២៦នឹងក្លាយជាក្តីរំពឹងទន្ទឹងរង់ចាំរបស់សិស្សានុសិស្សកម្ពុជា នៅជនបទ ហើយក៏ជាក្តីសង្ឃឹមសម្រាប់សិស្សានុសិស្សនៅជនបទ។ លោកបានផ្តល់ទឡ្ហីករណ៍ពីកិច្ចសម្ភាសន៍ជាមួយ សិស្សានុសិស្សកម្ពុជាជាច្រើនរូប ដែលទទួលបានអំណោយនេះ ពោរពេញដោយក្តីសង្ឃឹម ចំពោះអនាគតនៃការសិក្សារបស់ខ្លួន និងបន្ថែមនូវស្នាមញញឹមពោរពេញដោយក្តីសុបិន ដែលខ្លួននឹងក្លាយជាសសរទ្រូងដ៏រឹងមាំ ក្នុងការរួមចំណែកអភិវឌ្ឍសង្គមកម្ពុជា តាមមាគ៌ាទំនើបកម្មស្របតាមយុគសម័យឌីជីថល៕
វិទ្យុមិត្តភាពកម្ពុជាចិន






