ប្រជាពលរដ្ឋ ព្រះសង្ឃ មន្ត្រីរាជការខេត្តកែប ជួបជុំគ្នាឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពខ្មែរ ដែលបានពលីក្នុងបុព្វហេតុការពារទឹកដី និងអធិបតេយ្យភាពជាតិ

30-12-2025 16:39

(កែប)៖ លោក អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការ កងកម្លាំង អាជ្ញាធរ និងអ្នកពាក់ព័ន្ធទូទាំងខេត្ត បាននិមន្ត និងជួបជុំគ្នានៅមជ្ឈមណ្ឌលវិបស្សនាធុរៈ ខេត្តកែប ដើម្បីរៀបចំ «ពិធីបួងសួងសុំសុខសន្តិភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជា និងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពខ្មែរ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដី និងអធិបតេយ្យភាពជាតិ»​

ពិធីនេះធ្វើឡើងនាយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការនិមន្ត នឹងអញ្ជើញចូលរួមពីសំណាក់ព្រះមេគុណទាំងពីរគណៈផងដែរ។

ពិធីបួងសួងនេះ ត្រូវបានធ្វើឡើង ក្រោមស្មារតីនៃការយល់ដឹងរួមគ្នាថា សង្គ្រាម និងអំពើហិង្សា មិនមែនជាជម្រើស ក្នុងការធានាបាននូវការរស់នៅប្រកបដោយ ភាពសុខដុមរមនាក្នុងសង្គមឡើយ តែវាជាការខាត់បង់ និងជាវិនាសកម្មមនុស្សជាតិរបស់ពិភពលោកជារួម និងនិយាយដោយឡែកសម្រាប់ប្រទេសទាំង២។

ក្នុងពិធីនេះដែរ ក៏បង្ហាញក្តីការគោរព និងចងចាំមិនរលត់ចំពោះវីរភាព រួមទាំងការលះបង់ដ៏ធំធេងបំផុតសម្រាប់ជាតិ មាតុភូមិយើង។

សូមជម្រាបថា ខណៈពេលដែលមហាជនខ្មែរបានមកជួបជុំគ្នា នៅបរិវេណមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ក៏ដូចជានៅវិមាន ឈ្នះ-ឈ្នះ និងព្រះសង្ឃ និងពុទ្ធបរិស័ទនៅតាមបណ្ដារាជធានី-ខេត្តផ្សេងទៀត ក៏បាននិមន្ត ជួបជុំគ្នានៅទីតាំងសុវត្ថិភាព តាមបណ្តារាជធានីខេត្ត រៀងៗខ្លួន ដើម្បីរួមគ្នាបង្ហាញឆន្ទៈសង្គមច្បាស់លាស់ ក្នុងការបដិសេធសង្គ្រាម និងគាំទ្រដំណោះស្រាយសន្តិវិធី ឈានឆ្ពោះទៅរកសន្តិភាពមួយពិតប្រាកដសម្រាប់កម្ពុជា៕