ប្រធានតុលាការកំពូល ចុះសំណេះសំណាល សួរសុខទុក្ខគ្រួសារវីរកងទ័ពជួរមុខ ជាង១៥០គ្រួសារ និងវីរកងទ័ពកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ធំ

30-12-2025 17:20

(កំពង់ធំ)៖ លោកបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូលកម្ពុជា និងលោកស្រីអគ្គមហាឧបាសិកា ឆាយ ស៊ីណា ជីវកេង បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខគ្រួសារវីរកងទ័ពជួរមុខ ចំនួនជាង១៥០គ្រួសារ និងវីរកងទ័ពកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ ចំនួនជាង៧០នាក់។

ពិធីសំណេះសំណាលនេះ ដោយមានការចូលរួម ពីសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រមទាំងគណៈប្រតិភូក្នុងស្ថាប័នតុលាការ និងអយ្យការ និងមានការចូលរួម ពីលោកអភិបាលខេត្ត លោកអភិបាលស្រុក លោកមេឃុំ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តកំពង់ធំ។

ប្រធានតុលាការកំពូល និងលោកស្រី ព្រមទាំងគណៈប្រតិភូ អមដំណើរមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ចូលរួមរំលែកទុក្ខលំបាក ជាមួយបងប្អូនក្រុមគ្រួសារវីរកងទ័ព ដែលបណ្តាលមកពីសង្គ្រាម។

ប្រធានតុលាការកំពូល ក៏បានគូសបញ្ជាក់ក្នុងអង្គពិធីនេះផងដែរថា សូមបងប្អូនជឿជាក់លើរាជរដ្ឋាភិបាល និងវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង ដែលកន្លងមកនេះ យើងបានឈ្នះគ្រប់សមរភូមិទាំងការទូត ច្បាប់ និងយោធា។

ដើម្បីចូលរួមជួយសម្រួលដល់ការលំបាកចំពោះមុខនេះ គណៈប្រតិភូបានផ្តល់ជូននូវអង្ករ គ្រឿងឧបភោគបរិភោគជាច្រើន សម្ភារៈប្រើប្រាស់ ព្រមទាំងថវិកាផងដែរ។

គណៈប្រតិភូអមដំណើររួមមាន៖ អនុប្រធានតុលាការកំពូល លោកស្រី អគ្គព្រះរាជអាជ្ញារងអមតុលាការកំពូល លោក លោកស្រី ជាចៅក្រម លោកស្រីអគ្គលេខាធិការ និងមន្ត្រីរាជការ ព្រមទាំងក្រឡាបញ្ជីនៃតុលាការកំពូល ថ្នាក់ដឹកនាំសាលាឧទ្ធរណ៍ លោកប្រធាន និងចៅក្រមនៃសាលាដំបូង លោកព្រះរាជអាជ្ញា និងលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង៕