ប្រជាពលរដ្ឋក្នុងសហគមន៍តំបន់ទេទឹកពុះ ទទួលបានភ្លើងទេវតា តាមផ្ទះ អំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
30-12-2025 17:50
(កំពង់ស្ពឺ)៖ ក្រុមការងារនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានសហការជាមួយមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារស្រ្តី ក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន បានបំពាក់សូឡា (ភ្លើងទេវតា) ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅតាមផ្ទះប្រជាពលរដ្ឋ ចំនួន ១១៧ខ្នងផ្ទះ ក្នុងចំណោមចំនួន៣១១ខ្នងផ្ទះសរុប ក្នុងតំបន់ការពារធម្មជាតិកោដូន្តី ស្ថិតក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងតែគិតគូរដល់សុខទុក្ខ និងជួយបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឱ្យបានល្អប្រសើរ ជាបន្តបន្ទាប់ ហើយបានផ្តល់ជូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី និងសហគមន៍មូលដ្ឋានក្បែរតំបន់ទេទឹកពុះ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចំនួនជាង៣០០គ្រួសារ តាមរយៈឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
លោកបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ក្រោមការផ្តួចផ្តើម និងចង្អុលបង្ហាញផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាពិសេសក្នុងឱកាស សម្តេចប្រមុខរាជរដ្ឋាភិបាល មកបំពេញទស្សនកិច្ចនៅតំបន់ភ្នំខ្នងផ្សារ និងតំបន់សហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្រ្តនេះ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រសួងបរិស្ថានបានដាក់ចេញផែនការសកម្មភាព ក្នុងគោលដៅពន្លឿនការអភិវឌ្ឍតំបន់ទេទឹកពុះ ដែលស្ថិតនៅមិនឆ្ងាយពីតំបន់ខ្នងផ្សារ ក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឱ្យក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញ និងជាសហគមន៍អព្យាក្រឹតកាបូន នៅក្នុងពេលអនាគត។
«អំណោយរបស់សម្តេចធិបតីនិងលោកជំទាវបណ្ឌិត ពិតជាបានចូលរួម អនុវត្តគម្រោងអភិវឌ្ឍន៍ គោលដៅលំហែបៃតងនៅតំបន់ទេទឹកពុះ គឺជាការឆ្លើយតបនឹងការចូលរួមចំណែកសំខាន់ ដល់ការការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ព្រមទាំងបង្កើតបានអនាគតថ្មី តាមរយៈគម្រោងអភិវឌ្ឍន៍ឆ្ពោះទៅសហគមន៍មានភាពស្អាត មានភាពបៃតង និងភាពជាម្ចាស់ពិតប្រាកដរបស់គម្រោងនៅពេលខាងមុខ»។ នេះជាប្រសាសន៍បន្ថែមរបស់លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសជួបសំណេះសំណាលនិងនាំយកអំពូលសូឡាផ្តល់ជូនប្រជាពលរដ្ឋនៅតំបន់ទេទឹកពុះ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
គួរជម្រាបជូនថា ទេទឹកពុះ ជាតំបន់ធម្មជាតិដ៏កម្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានទឹកពុះក្ដៅពីធម្មជាតិ មានសីតុណ្ហភាពខ្ពស់អាចដល់ ៧០ដល់១០០អង្សាសេ និងកំពុងទាក់ទាញទេសចរមកកម្សាន្ត និងអ្នកមានជំនឿបានមកព្យាបាលជំងឺផងដែរ។ ប្រជាពលរដ្ឋនៃសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី ភាគច្រើនជាជនជាតិដើមភាគតិចសួយ ចូលរួមសហការជាមួយក្រសួងបរិស្ថាន អាជ្ញាធរដែនដី ថែរក្សាជាកន្លែងសក្ការៈបូជា នៅតំបន់ទេទឹកពុះនេះ និងមានព្រៃឈើ ដែលជាតំបន់ព្រៃភ្នំអារក្ស ទីតាំងជំនឿរបស់បងប្អូនជនជាតិសួយផងដែរ៕











