អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវសាធារណជនបន្តប្រកាន់ខ្ជាប់គោលការណ៍រក្សាសុវត្ថិភាពព័ត៌មាន និងចូលរួមទប់ស្កាត់ប្រឆាំងព័ត៌មានក្លែងក្លាយ ពិសេសជុំវិញស្ថានភាពកម្ពុជា-ថៃ

30-12-2025 18:22

(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវសូមសាធារណជនទាំងអស់បន្តប្រកាន់ខ្ជាប់នូវគោលការណ៍រក្សាសុវត្ថិភាពព័ត៌មាន និងចូលរួមទប់ស្កាត់ ប្រឆាំងព័ត៌មានក្លែងក្លាយ។

ជាមួយគ្នានេះដែរ លោក ទេព អស្នារិទ្ធ ក៏សូមកុំចែករំលែកព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ឬការផ្សាយដែលមានប្រភពពីក្រៅប្រទេស ដែលធ្វើឡើងក្នុងគោលបំណងបង្កអស្ថិរភាពសតិអារម្មណ៍ ធ្វើឱ្យមានចលាចល បាត់ភាពនឹងនរ ប៉ះពាល់ដល់ជំនឿចិត្តលើការដឹកនាំ និងកិច្ចខិតខំក្នុងការធានាដំណោះស្រាយសន្តិភាពជានិរន្តរ៍។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្ថែមថា សូមបន្តប្រកាន់យកប្រភពព័ត៌មានផ្លូវការសម្រាប់ការតាមដានស្ថានការណ៍វិវត្តនានាជុំវិញស្ថានភាពកម្ពុជា-ថៃ ដើម្បីការពារខ្លួន និងសហគមន៍យើងកុំឱ្យធ្លាក់ចូលក្នុងឧបាយកលចិត្តសាស្ត្រអាក្រក់ណាមួយ ដោយសារព័ត៌មានប្រឌិត ការកាឡៃខុសពីការពិត និងព័ត៌មានក្លែងក្លាយ។ ប្រភពព័ត៌មានផ្លូវការរួមមាន៖ ក) ថ្នាក់ដឹកនាំកំពូលរបស់ជាតិ, ខ) ក្រសួងការពារជាតិ, គ) ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឃ) ក្រសួងព័ត៌មាន, ង) ក្រសួងមហាផ្ទៃ, ច) រដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន, និងឆ) អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

អ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានក្រើនរម្លឹកសាធារណជនទាំងអស់ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពផ្លូវការទាំងនេះរាល់ពេលប្រើប្រាស់បណ្តាញសង្គម ឬពេលទទួលព័ត៌មានដែលមានប្រភពពីក្រៅប្រទេស។ ប្រសិនបើមានការសង្ស័យលើព័ត៌មានណាមួយ ដែលគ្មានភាពច្បាស់លាស់ ជាការផ្សាយបំភ្លៃខុសពីការពិត ដើម្បីញុះញង់ មួលបង្កាច់ថ្នាក់ដឹកនាំជាតិ និងរាជរដ្ឋាភិបាល ក្នុងចេតនាធ្វើឱ្យប៉ះពាល់ដល់ការរក្សាសាមគ្គីភាពផ្ទៃក្នុង សូមមេត្តាអូសរំលងផុសទាំងនោះ ដាច់ខាតកុំចែករំលែក។

សូមចូលរួម Report ផុស និងគណនីដែលផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានបែបប្រឌិតផ្ទុយពីស្ថានភាពពិតជាក់ស្តែង និងសូមចូលរួម Report ឬប្លុកគណនីក្លែងក្លាយទាំងនោះ ដើម្បីការពារសហគមន៍ និងគ្រួសារកម្ពុជាពីគ្រោះថ្នាក់ ដែលអាចបង្កឡើងពីព័ត៌មានក្លែងក្លាយទាំងនោះ រួមចំណែកដល់ការរក្សាសុវត្ថិភាពព័ត៌មាននៅទូទាំងប្រទេស និងសន្តិភាពជានិរន្តរ៍៕