សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៦

30-12-2025 18:46

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៦។

ក្នុងឱកាសដ៏មង្គលសួស្តី ប្រកបដោយមនោសញ្ចេតនាសោមនស្សរីករាយ នៃឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦នេះ ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃ អគ្គលេខាធិការព្រឹទ្ធសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅ និងសូមជូនពរជ័យ សិរីមង្គលវិបុលសុខដ៏មហាប្រសើរបំផុត។

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកលនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕