សម្តេចម៉ែ ប្រោសប្រទានអំណោយប្រជាពលរដ្ឋភៀសសឹក ស្នាក់នៅក្នុងក្រុងសៀមរាប

30-12-2025 20:26

(សៀមរាប)៖ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកព្រឹទ្ធសភាទទួលបន្ទុកភូមិភាគ៤ និងកង គឹមហាក់ អនុរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេស រួមជាមួយប្រតិភូអមដំណើរ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរចែកជូនគ្រួសារភៀសសឹក ចំនួន ៣៦៣គ្រួសារ កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងវត្តអធ្វា ក្រុងសៀមរាប ដើម្បីជួយសម្រួលក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ។

ព្រះរាជអំណោយផ្តល់ជូនចំនួន ៣៦៣គ្រួសារនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ១០គីឡូក្រាម, ទឹក១ប៊ីដុង ស្មើ២០លីត្រ និងស្បៀង១កញ្ចប់។

ក្នុងឱកាសដ៏វិសេសវិសាលនោះដែរ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាននាំយកនូវព្រះរាជបណ្ដាំដ៏ខ្ពង់ខ្ពស់ ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ផ្ញើក្តីនឹករលឹកសាកសួរសុខទុក្ខ ក្នុងព្រះរាជហឬទ័យអាណិត ស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គ ដែលបានជម្លៀសភៀសខ្លួនចាកចោលលំនៅឋានដោយសារតែសង្គ្រាម ហើយមកស្នាក់នៅបណ្ដោះអាសន្នក្នុងខេត្តសៀមរាប។

ព្រះអង្គម្ចាស់មានព្រះបន្ទូលថា យើងត្រូវចងចាំនូវព្រះរាជបណ្តាំរបស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ «ព្រះបរមរតនកោដ្ឋ» បានផ្តាំថា ខ្មែររួបរួមគ្នា ខ្មែរខ្លាំង។ ហេតុនេះគ្រប់ពេលគ្រប់វេលា និងស្ថិតក្នុងកាលៈទេសៈកំពុងលំបាកនេះ សូមបងប្អូនត្រូវរក្សាស្មារតីសាមគ្គី ចេះជួយគ្នា និងការពារគ្នាទៅវិញទៅមក មានសុខរួមសុខ មានទុក្ខរួមទុក្ខ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរដើម្បីសន្តិភាពនិងការកសាងប្រទេសជាតិរឹងមាំ។ គ្មានអ្វីប្រសើរជាងសន្តិភាពនោះទេ ព្រោះសង្គ្រាមមិនដែលផ្ដល់សុភមង្គល ឬការរីកចម្រើនអ្វីឡើយ គឺមានតែការឈឺចាប់ និងការព្រាត់ប្រាស។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោ បានអំពាវនាវឱ្យបងប្អូនថែរក្សាសុខភាព និងធ្វើអនាម័យបរិស្ថានជុំវិញកន្លែងរស់នៅ ព្រមទាំងបញ្ជូនកូនចៅទៅសិក្សានៅសាលារៀននៅជិតបំផុត ដែលរៀបចំដោយអាជ្ញាធរ។

នាឱកាសនោះ អនុរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេស បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមនឹងថ្នាក់ដឹកនាំកម្ពុជាជាច្រើនរូបទៀត ដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនទាំងអស់ ដែលជាជនភៀសសឹក និងតែងតែដោះស្រាយគ្រប់បញ្ហាដោយសន្តិវិធី ដើម្បីការពារបូរណភាពទឹកដី និងស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ។

លោក កង គឹមហាក់ បានបន្តថា កម្ពុជាត្រូវការសន្តិភាពព្រោះសន្តិភាពមានតម្លៃណាស់ ហេតុនេះសូមយាយតាពូមីងបងប្អូនទាំងអស់ត្រូវរក្សាជំហរស្មារតីបន្តភាពជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង ជាពិសេសជឿជាក់លើវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង។ រាជរដ្ឋាភិបាលនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានខិតខំយកចិត្តទុកដាក់ចំពោះបងប្អូនហើយ សូមកុំមានការភិតភ័យ និងព្រួយបារម្ភពេលមកស្នាក់នៅក្នុងមូលដ្ឋានបណ្ដោះអាសន្ននេះ។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានឱ្យដឹងថា នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប គិតចាប់ពីថ្ងៃទី៨ ដល់ទី២៩ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលប្រជាជនជម្លៀសចេញពីតំបន់សមរភូមិមកស្នាក់នៅខេត្តសៀមរាប មានចំនួន ៤៨ ៥១៥គ្រួសារ ស្មើនឹង ១៥២ ៦៤៤នាក់ ស្រី ៨១ ៨៣៩នាក់។ ក្នុងនាមអាជ្ញាធរខេត្ត លោកបានថ្លែងអំណរព្រះគុណ ចំពោះព្រះរាជអំណោយដ៏ឧត្ដុង្គឧត្ដមដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជូនដល់បងប្អូនប្រជារាស្រ្តភៀសសឹកមកពីបណ្តាខេត្តជាប់ព្រំដែន មកស្នាក់នៅមណ្ឌលសុវត្ថិភាពនាពេលនេះ៕