រដ្ឋលេខាធិការ អ៉ិន ចន្ថា ដឹកនាំក្រុមការងារចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ និងលូ ២គម្រោង នៅខេត្តពោធិ៍សាត់ និងខេត្តកំពត

30-12-2025 21:15

(កំពត)៖ លោក អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនា ស្តារឡើងវិញផ្លូវ និងលូ ចំនួន ២គម្រោង ស្ថិតនៅខេត្តពោធិ៍សាត់ និងខេត្តកំពត។

សម្រាប់ផ្លូវទាំងពីរខ្សែនេះ ក្នុងនោះគម្រោងទី១៖ គឺការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួស ប្រវែង ៨ ៩០០ម៉ែត្រ ទទឹង ៥ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅភូមិហាទិល ទៅភូមិសំសាន ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ គម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ២ខ្សែ ប្រវែងសរុប ៤ ៧៥០ម៉ែត្រ ទទឹង ៧ ម៉ែត្រ រួមជាមួយសំណង់ សិល្បការ្យផ្សេងៗដូចគ្នា ស្ថិតនៅភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត គម្រោងទាំងពីរនេះ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

លើកឡើងនាឱកាសនោះលោក អ៉ិន ចន្ថា បានបញ្ជាក់ថា ជុំវិញផ្លូវជនបទ មិនថាការងារស្ថាបនាផ្លូវ ការជុសជួល កែលម្អ ការថែទាំផ្លូវ ឬសំណង់សិល្បការ្យផ្សេងៗនោះឡើយ ក្រោមការដឹកនាំរបស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជំរុញបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវ ឱ្យឆ្លើយតបទៅនិងការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ។

លោក អ៉ិន ចន្ថា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានយកចិត្តទុកដាក់ចាប់តាំងពីការស្ថាបនា រហូតដល់បញ្ចប់សុពលភាព ដោយបានរក្សានូវគុណភាពផ្លូវបានល្អប្រសើរ ព្រោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទនេះ គឺជាគន្លឹះគាំទ្រនូវរាល់កម្មវិធីកាត់បន្ថយភាពក្រីក្រនៅតាមជនបទ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវ៉ៃ និងប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, ដោយសម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងនៅលើការអភិវឌ្ឍនេះ មិនថានៅទីក្រុង ទីប្រជុំជន និងតាមជនបទនោះឡើយ។

លោករដ្ឋលេខាធិការ លើកឡើងបន្ថែមថា ជាក់ស្តែងផ្លូវជនបទទាំងពីរគម្រោងខាងលើនេះ ពិតជាមានសារៈសំខាន់ និងបានលើកកម្ពស់ដល់រស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈសម្រួលដល់ការធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗជាដើម។ ទាក់ទិនផ្លូវជនបទនេះដែរ ក្រសួងអភិវឌ្ឍន៍ជនបទបាននឹងកំពុងបន្តយកចិត្តទុកដាក់ ចំពោះគម្រោងដែលស្ថិតនៅក្រោមក្របខណ្ឌរបស់ក្រសួង ធ្វើយ៉ាងណាជំរុញអភិវឌ្ឍន៍ផ្លូវនៅតាមជនបទ តភ្ជាប់ប្រទាក់ក្រឡាគ្នា ពីតំបន់មួយទៅតំបន់មួយ បម្រើដល់ការរស់នៅ និងចលនាសេដ្ឋកិច្ចនៅតាមជនបទ។

លោក អ៉ិន ចន្ថា ក៏បានសំណូមពរអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងប្រជាពលរដ្ឋចូលរួមក្នុងការថែទាំផ្លូវទាំង ២ខ្សែនេះ ដើម្បីរក្សាគុណភាពផ្លូវ អាចប្រើប្រាស់បានគង់វង្សយូរអង្វែង ដោយត្រូវចាត់ទុកផ្លូវនេះជាសម្បត្តិរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមថែរក្សាទុកប្រើប្រាស់ជាប្រយោជន៍របស់យើងទាំងអស់គ្នា៕