រដ្ឋមន្ត្រី នេត្រ ភក្ត្រា ទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនពីអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដើម្បីបន្តចែកជូនវីរកងទ័ព និងពលរដ្ឋភៀសសឹកនៅតាមព្រំដែន

31-12-2025 10:05

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ពីលោកស្រី ឈឹមពៅ សុកាន់ឌី អគ្គនាយិកា និងសហការី នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដើម្បីនាំយកបន្តទៅចែកជូនដល់វីរកងទ័ពនៅតំបន់ព្រំដែនជួរមុខ និងបងប្អូនជនភៀសខ្លួនពីផ្ទះសម្បែង ហើយបានមកស្នាក់នៅក្នុងជំរំភៀសសឹកតាមបណ្តាខេត្តនានា។

អំណោយដែលថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នាំយកមកជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន នាឱកាសនេះរួមមាន៖ អង្ករ ៦តោន, ទឹកសុទ្ធ ១០០កេស, បបរសណ្តែកកំប៉ុង ៥០កេស, មី OMACHI ៣០កេស, នំ UN ចំនួន ៣កេស និងក្រម៉ា ចំនួន ៥០០ក្រម៉ា។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកស្រី ឈឹមពៅ សុកាន់ឌី និងសហការី នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដែលបានផ្តល់ជំនួយជាគ្រឿង ឧបភោគ បរិភោគ មកក្រសួងព័ត៌មាន។ ទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះបានបង្ហាញពីមនោសញ្ចេតនា សេចក្ដីរាប់អាន និងការចូលរួមចំណែកយក ចិត្តទុកដាក់ខ្ពស់របស់លោកស្រី និងសហការី លើការងារសប្បុរសធម៌ និងកិច្ចការសង្គមតាមរយៈក្រសួងព័ត៌មាន ជាពិសេសដើម្បីចែកជូនដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន។

ជាថ្មីម្តងទៀតលោករដ្ឋមន្ត្រី បានជូនពរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ឱ្យកាន់តែទទួលជោគជ័យថ្មីៗបន្ថែមទៀតក្នុងកិច្ចការងារផ្សព្វផ្សាយ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាឈានឆ្ពោះទៅមុខ និងប្រកបដោយសុខសន្តិភាព។

លោកស្រី ឈឹមពៅ សុកាន់ឌី មានមោទនភាពដែលចូលរួមជាកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងជួបប្រទះនឹងការលំបាក ដោយយើងទាំងអស់គ្នាឈរលើស្មារតី«ខ្មែរជួយខ្មែរ» តាមរយៈការបន្តចូលរួមគាំទ្រ និងឧបត្តម្ភដល់សកម្មភាពការងារមនុស្សធម៌របស់ក្រសួងព័ត៌មាន ដោយផ្តល់ជាអំណោយជូនទៅដល់វីរកងទ័ព កំពុងឈរជើងនៅតំបន់ជួរមុខ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់៕