រដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន អញ្ជើញទទួលអំណោយដែលជាការឧបត្ថម្ភរបស់ លោកស្រី នុច ចន្ថា ដើម្បីយកទៅឧបត្ថម្ភដល់គ្រួសារវីរកងទ័ព និងជនភៀសសឹកកម្ពុជា
31-12-2025 11:31
(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ សមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលអំណោយរបស់ លោកស្រី នុច ចន្ថា ភរិយារបស់លោក ជួប រតនា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ម្រាប់យកទៅឧបត្ថម្ភគាំទ្រដល់គ្រួសារវីរកងទ័ព និងប្រជាជនភៀសសឹកកម្ពុជា នៅតាមទីតាំងសុវត្ថិភាពនានា ក្នុងអំឡុងពេលនៃការប៉ះទង្គិចដោយប្រដាប់អាវុធ រវាងយោធាកម្ពុជា និងថៃនាពេលកន្លងមកនេះ។ ដោយមានការចូលរួមពី រដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំក្រសួង រួមជាមួយលោកស្រីប្រធាន និងសមាជិក សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។
សម្រាប់សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគដូចជា៖ អង្រឹងចំនួន ៥០អង្រឹង, ទឹកបរិសុទ្ធចំនួន ១០កេស, ភេសជ្ជៈ V-cola ចំនួន ១០កេស និងកាហ្វេ Ngon ចំនួន ៥កេស មូលនិធិសប្បុរសធម៌ ដែលរៀបចំដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ។
ក្នុងឱកាសនោះ លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវសេចក្ដីសោមនស្សប្រកបដោយមោទនភាព និងបានថ្លែងអំណរគុណជ្រាលជ្រៅចំពោះ ទឹកចិត្តប្រកបដោយសប្បុរសធម៌របស់ លោក និងលោកស្រី ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ក្នុងស្មារតីសាមគ្គីភាព រួបរួមជាតិ ស្នេហាជាតិ ខ្មែរតែមួយ ដែលនៅសមរភូមិក្រោយដ៏រឹងមាំ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
អំណោយដ៏ថ្លៃថ្លានេះ គឺពិតជាបានចូលរួមដោះស្រាយការលំបាកប្រចាំថ្ងៃរបស់គ្រួសារវីរកងទ័ពជួរមុខ ក៏ដូចជាបងប្អូនប្រជាជនភៀសសឹក ដែលកំពុងត្រូវការនូវជំនួយជាចាំបាច់ ក្នុងអំឡុងពេលនៃការស្នាក់នៅបណ្ដោះអាសន្ននោះ បានពិតប្រាកដ៕














