អគ្គព្រះរាជអាជ្ញារង ផាន់ វណ្ណរ័ត្ន៖ «ស្គាល់ចំណុចខ្សោយថ្ងៃនេះ ដើម្បីជ័យជម្នះថ្ងៃស្អែក៖ មេរៀនយុទ្ធសាស្ត្រពីកីឡា និងការការពារជាតិ» !

31-12-2025 11:35

(ភ្នំពេញ)៖ ក្នុងនាមជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ លោក ផាន់ វណ្ណរ័ត្ន អគ្គព្រះរាជអាជ្ញារង (Deputy Prosecutor General) សូមអបអរសាទរចំពោះអ្នកឈ្នះ ប៉ុន្តែលោកកាន់តែចង់ផ្ញើសារពិសេសមួយ ទៅកាន់កីឡាករ-កីឡាការិនី ដែល «មិនទាន់ទទួលបានជ័យលាភី»

លោក ផាន់ វណ្ណរ័ត្ន បានថ្លែងថា «សូមក្មួយៗកុំអស់សង្ឃឹម! ការបរាជ័យក្នុងការប្រកួតលើកនេះ គឺជាគ្រូ និងជាមេរៀនដ៏ល្អបំផុត ដែលមិនអាចកាត់ថ្លៃបាន។ ការចាញ់នៅថ្ងៃនេះ វាបានបង្ហាញប្រាប់យើងយ៉ាងច្បាស់ថា យើងនៅខ្សោយត្រង់ណា? យើងនៅខ្វះអ្វីខ្លះ? និងតើយើងត្រូវត្រៀមលក្ខណៈបែបណាទៀត ដើម្បីធានាថាយើងនឹងឈ្នះនៅពេលក្រោយ?»

លោក ផាន់ វណ្ណរ័ត្ន បានលើកឡើងទៀតថា ចំណុចនេះ គឺប្រៀបបានទៅនឹង «សង្គ្រាម និងការចរចាបទឈប់បាញ់» ដែលយើងទើបតែបានឆ្លងកាត់ថ្មីៗនេះដែរ។

លោក ផាន់ វណ្ណរ័ត្ន បានឲ្យដឹងថា ការផ្អាក ឬការថមថយមួយគ្រា មិនមែនមានន័យថា យើងចុះចាញ់នោះទេ។ ផ្ទុយទៅវិញ វាគឺជាពេលវេលាដ៏ចាំបាច់បំផុតសម្រាប់យើង ក្នុងការត្រួតពិនិត្យមើលចន្លោះប្រហោងរបស់ខ្លួនឯង ពង្រឹងសមត្ថភាពការពារ និងយុទ្ធសាស្ត្រ (ទាំងផ្លូវកាយ និងផ្លូវច្បាប់) ឱ្យកាន់តែរឹងមាំ។

បន្ថែមពីនោះទៀត លោក ផាន់ វណ្ណរ័ត្ន បានបន្ដថា «ពេលយើងដឹងថាយើងខ្វះអ្វី យើងបំពេញវា នោះការប្រកួតលើកក្រោយ ឬស្ថានការណ៍លើកក្រោយ យើងនឹងក្លាយជាអ្នកដែលមានប្រៀប និងទទួលបានជ័យជម្នះយ៉ាងពិតប្រាកដ»

លោក ផាន់ វណ្ណរ័ត្ន បានគូសបញ្ជាក់ថា ចូរយកការឈឺចាប់ និងការបរាជ័យថ្ងៃនេះ ធ្វើជាដើមទុនសម្រាប់ភាពខ្លាំងក្លានៅថ្ងៃស្អែក! ដើម្បីខ្លួនឯង និងដើម្បីជាតិ!
សូមកោតសរសើរដល់ស្មារតីអ្នកចម្បាំងរបស់កីឡាករយើងទាំងអស់៕