លោក ឆាយ ឫទ្ធិសែន ទទួលអំណោយដែលជាការឧបត្ថម្ភពី ក្រុមហ៊ុន Branch of China Jiangxi International Economic and Technical Cooperation Co.,Ltd ដើម្បីយកទៅឧបត្ថម្ភដល់គ្រួសារវីរកងទ័ព និងជនភៀសសឹកកម្ពុជា

31-12-2025 11:36

(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ សមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលអំណោយរបស់ ក្រុមហ៊ុន Branch of China Jiangxi International Economic and Technical Cooperation Co.,Ltd បានឧបត្ថម្ភថវិកាចំនួន ៣ ០០០ ដុល្លាសហរដ្ឋអាមេរិក មកចូលរួមក្នុងមូលនិធិសប្បុរសធម៌ ដែលរៀបចំដោយក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ សម្រាប់យកទៅឧបត្ថម្ភគាំទ្រដល់គ្រួសារវីរកងទ័ពឈរជើង នៅសមរភូមិជួរមុខ និងប្រជាជនភៀសសឹកកម្ពុជា ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅតាមទីតាំងសុវត្ថិភាពនានា ក្នុងអំឡុងពេលនៃការប៉ះទង្គិច ដោយប្រដាប់អាវុធរវាងយោធាកម្ពុជា និងថៃ នាពេលកន្លងមកនេះ។ ដោយមានការចូលរួមពី រដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំក្រសួង រួមជាមួយលោកស្រីប្រធាន និងសមាជិក សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានសម្ដែងនូវសេចក្ដីសោមនស្ស និងមោទនភាព ចំពោះសម្មភាពក៏ផុលផុសរបស់សប្បុរជនគ្រប់ទិសទី ចូលរួមឧបត្ថម្ភគាំទ្រ ទាំងស្មារតី និងធនធាន ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្ដានចិត្តប្រកបដោយសប្បុរសធម៌របស់ លោកអគ្គនាយកក្រុមហ៊ុន ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមក្នុងមូលនិធិសប្បុរសធម៌នេះ ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រាលដល់ការលំបាករបស់គ្រួសារវីរកងទ័ព ក៏ដូចជាបងប្អូនប្រជាជនភៀសសឹក ដែលកំពុងត្រូវការនូវជំនួយជាចាំបាច់ ក្នុងអំឡុងពេលនៃការស្នាក់នៅបណ្ដោះអាសន្ននោះ។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី បានអំពាវនាវដល់សប្បុរសជនទាំងអស់ រួមគ្នាជាធ្លុងមួយយ៉ាងរឹងមាំ និងបន្ដជឿជាក់លើវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា៕